rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ទំនាក់ទំនងអន្តរជាតិ នយោបាយ បារាំង ពាណិជ្ជកម្ម អាស៊ី អឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខការទូត​បារាំង​សន្យា​ជាមួយ​ប៉េកាំងថា​ប្រទេស​ទាំងពីរ​នឹងមាន​ទំនាក់​ទំនង​នឹងនរល្អ​

media
ប្រមុខ​ការទូត​​បារាំង​​លោក​ ឡូរ៉ង់​​ ហ្វាប៊ីយូស ​អញ្ជើញ​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​​ប្រទេស​ចិន​ REUTERS

កាលពី​និទាឃរដូវ​កន្លង​ទៅ​ថ្មីៗនេះ​ ​ លោក​ ឡូរ៉ង់​ ហ្វាប៊ីយូស​ ធ្លាប់​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង។​ ប៉ុន្តែ​កាលណោះ​ លោក​ពុំ​បាន​មាន​ជំនួប​ជាមួយ​ឥស្សរជន​ចិន​សំខាន់ៗ​ឡើយ។​ ដោយ​អាក់អន់​ចិត្ត​ លោក​ហ្វាប៊ីយូស​ក៏បាន​សម្រេច​ចិត្ត​បង្រួញ​ពេល​ទស្សនកិច្ច​ ​ ហើយ​វិល​ត្រឡប់​មក​ប្រទេស​បារាំង​វិញ។​

លើកនេះ​ លោក​ប្រមុខ​ការទូត​បារាំង​បាន​ត្រូវ​ទទួល​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ​ ​ ហើយនិង​លោក​ លី​ ខឹឈាំង​ ដែល​អាចក្លាយ​ជា​អនាគត​នាយករដ្ឋមន្ត្រី​ចិន​ជំនួស​លោក​វិន​ ជាប៉ាវ​ ផងទៀត។


មូលហេតុ​ដែលនាំឲ្យ​ទីក្រុង​ប៉េកាំង​ទទួល​រាក់ទាក់​លោក​ឡូរ៉ង់​ហ្វាប៊ីយូស​យ៉ាង​ដូច្នេះ​ ​ គឺ​ដោយសារតែ​នៅ​ពេលនេះ​ លោក​ហ្វាប៊ីយូស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​បារាំង។​ ប្រទេស​បារាំង​ដែលជា​ដៃគូ​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន​នៅ​អឺរ៉ុប។​  ​ ម្យ៉ាងទៀត​ នេះជា​លើកទី​មួយ​ដែល​សមាជិក​រដ្ឋាភិបាល​របស់​លោក​ ហ្វ្រង់ស័រ​ហូឡង់​ មួយរូប​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។​ ហើយ​កាលពី​និទាឃរដូវ​កន្លងទៅ​ ​ ទីក្រុង​ប៉េកាំង​បាន​ព្រងើយ​កន្តើយ​ជាមួយ​លោក​ហ្វាប៊ីយូស​គឺ​ បណ្តាល​មកពី​កាលណោះ​លោក​ឡូរ៉ង់​ហ្វាប៊ីយូស​អញ្ជើញ​មក​ប្រទេស​ចិន​ក្នុង​ឋានៈ​ជា​បេសកជន​របស់​បេក្ខជន​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់​ដែល​ចេញពី​បក្ស​សង្គមនិយម​បារាំង​ ​ ហើយ​ក៏​ដោយ​ហេតុតែ​ទីក្រុង​ប៉េកាំង​ពុំចង់​ជាប់​ទាក់ទិន​ជាមួយ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ ​ ហើយនិង​បញ្ហា​នយោបាយ​​ផ្ទៃក្នុង​បារាំង។​ ដោយឡែក​​ សម្រាប់​ទីក្រុង​ប៉េកាំង​ ​ គណបក្ស​សង្គមនិយម​គឺជា​គណបក្ស​នយោបាយ​មួយ​នៅក្នុង​ប្រទេស​បារាំង​ដែល​ច្រើន​ទិតៀន​ទីក្រុង​ប៉េកាំង​ពី​បញ្ហា​ពុំ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរីភាព​នយោបាយ។

 
ក្រៅពី​លោក​ Yang Jiechi ​ដែលជា​សមភាគី​របស់​លោក​ ឡូរ៉ង់​ហ្វាប៊ីយូស​ ​ ទីប្រឹក្សា​រដ្ឋ​លោក​ Dai Bingguo ​ដែលជា​អ្នករៀបចំ​សម្រប​សម្រួល​នយោបាយ​ការបរទេស​ចិន​ដ៏​សំខាន់​ ​ ​ ប្រមុខ​ការទូត​បារាំង​លោក​ ឡូរ៉ង់​ ហ្វាប៊ីយូស​ ក៏​បាន​មាន​ជំនួប​​ពិភាក្សា​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ ​ ​ហើយនិង​ លោក​ លី​ ខឹឈាំង​ ដែល​អាចក្លាយ​ជា​អនាគត​នាយករដ្ឋមន្ត្រី​ចិន​ឡើង​មក​កាន់​កាប់​តំណែង​ជំនួស​លោក​វិន​ ជាប៉ាវ​ ។
 
ប្រមុខ​ការទូត​បារាំង​សន្យា​ជាមួយ​ប៉េកាំងថា​ប្រទេស​ទាំងពីរ​នឹងមាន​ទំនាក់​ទំនង​នឹងនរ​ល្អ​ ​ គឺមាន​មូលហេតុ​ដូច​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ដោយ​ លោក​ ឡូរ៉ង់​ហ្វាប៊ីយូស ថា​​ ​ “ទីក្រុង​ប៉ារីស​មាន​មហិច្ឆតា​ថ្មី​ក្នុងការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​ ​ ហើយក៏​ដោយសារតែ​ប្រទេស​ចិន​បាន​ក្លាយ​ទៅជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ប្រទេស​បារាំង។
 
គួរបញ្ជាក់ថា​ ​ លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ឆ្នាំក្រោយ​ ​ ក្រោយពី​ទីក្រុង​ប៉េកាំង​មាន​ក្រុម​ប្រមុខដឹកនាំ​ថ្មី​ឡើងមក​កាន់កាប់​អំណាច។
ហើយ​ប្រមុខ​ការទូត​បារាំង​លោក​ ឡូរ៉ង់​ ហ្វាប៊ីយូស​ ក៏​បាន​ថ្លែង​ពន្យល់​ប្រាប់​ភាគី​ចិន​ឲ្យ​ដឹង​ ​ ពី​ទំនាក់​ទំនង់​រវាង​ប្រទេសចិន​ជាមួយ​ប្រទេស​បារាំង​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ហូឡង់​ថា​ ​ មាន​លក្ខណៈ​ខុសពី​សម័យកាល​របស់​លោក​នីកូឡា​សាកូហ្ស៊ី​។
បើយោងតាម​ លោក​ ឡូរ៉ង់​ហ្វាប៊ីយូស​ “ទីក្រុង​ប៉េកាំង​ត្រូវការ​ទំនាក់​ទំនង​មួយ​ដែល​មាន​លំនឹងភាព​ល្អ​ ​ ហើយនិង​មាន​ទស្សនៈ​វែងឆ្ងាយ”។
 
ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​អាច​ធ្វើឲ្យ​ភាគីចិន​ពុំ​សប្បាយចិត្ត​គឺ​បញ្ហា​អន្តរជាតិ​ ​ ដែលក្នុងនោះ​មាន​បញ្ហា​ដ៏​ក្តៅគគុក​ដូចជា​បញ្ហា​អៀរ៉ង់​និង​បញ្ហា​ស៊ីរី។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ស៊ីរីនេះ​ លោក​ប្រមុខ​ការទូត​បារាំង​បាន​ខិតខំ​ថ្លែង​ពន្យល់​ភាគីចិន​ថា​​ ជំហរ​ជា​ប្រពៃណី​របស់​ចិន​ដែលតែង​ ​ “ពុំលូកដៃ​ជ្រាតជ្រែក​ចូល​បញ្ហា​ផ្ទៃក្នុង”​ ពុំអាច​អនុវត្ត​តទៅ​ទៀត​បាន​ឡើយ​ ​ ជាក់ស្តែង​ វិបត្តិ​នៅ​ប្រទេស​ស៊ីរី​ ឥឡូវនេះ​ បាន​ហូរហៀរ​ចូល​ទៅដល់​ប្រទេស​ទួរគី​ ​ ប្រទេស​លីបង់។​ ជាងនេះ​ទៅទៀត​ វាកំពុង​ក្លាយទៅជា​វិបត្តិ​តំបន់​ ​ ឬ​អន្តរជាតិ​ផងទៀត។
 
ក៏ប៉ុន្តែ​ អ្វីដែល​ពិសេស​សម្រាប់​ទីក្រុង​ប៉ារីស​គឺ​ វិស័យ​ពាណិជ្ជកម្ម​ ​ ដោយហេតុថា​ នៅ​ឆ្នាំ២០១១​ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​បារាំង​និង​ប្រទេស​ចិន​ ​ បាន​បណ្តាល​ឲ្យ​ជញ្ជីង​ពាណិជ្ជកម្ម​បារាំង​មាន​ឧនភាព​ប្រមាណ​​២៧ពាន់លាន​អឺរ៉ូ​ ​ ដែលតំណាង​ដល់ទៅ៤០%​នៃ​ឧនភាព​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​បារាំង។

 វីដែលចម្លែក​​ គឺ​លោក​ហ្វាប៊ីយូស​ពុំបាន​រំលឹក​ពី​ករណី​លោក Patrick Devillers​ឡើយ។​ ស្ថាបត្យករ​បារាំង​រូបនេះ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ឥស្សរជន​ចិន​ដ៏​សំខាន់​ឈ្មោះ​​ ប៉ូ​ស៊ីឡៃ​​ និងភរិយា​ ​ហើយដែល​បាន​ធ្វើឲ្យ​កើតមាន​ភាពស្មុគស្មាញ​នៅក្នុង​ទំនាក់ទំនង​បារាំង-ចិន​ ​ ហើយដែល​កម្ពុជា​បាន​ចាប់​ឃុំខ្លួន​តាម​ការ​ស្នើសុំរបស់​ទីក្រុង​ប៉េកាំង។​ ចំណែកឯ​ទីក្រុង​ប៉ារីស​វិញ​ បាន​ទាមទារ​ឲ្យ​កម្ពុជា​ឆ្លើយ​បំភ្លឺ​ពី​មូលហេតុនិង​ការចោទប្រកាន់​ដែលបាន​នាំឲ្យ​មាន​ការ​ចាប់ឃុំខ្លួនជនជាតិ​បារាំង​រូបនេះ៕​