rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ខ្មែរក្រហម តុលាការខ្មែរក្រហម នួន ជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សវនាការ​វាយ​តម្លៃ​សុខភាព​លោក នួន ជា បើក​ធ្វើ​នៅ​ថ្ងៃ​ស្អែក

media
លោកនួន ជា​ ​​នៅ​ក្នុង​អង្គ​សវនាការសាលាក្តី​ខ្មែរ​ក្រហម © ស៊ីវ​ ចាន់ណា

សវនាការ​មួយ​នឹងត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​នៅឯ​សាលាក្តី​ខ្មែរក្រហម​ដើម្បី​ស្តាប់​របាយការណ៍​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​ស្តីពី​បញ្ហា​សុខភាព​របស់ នួន ជា។ តាមរយៈ​របាយការណ៍​នេះ តុលាការ​នឹង​ពិចារណា​ដើម្បី​សម្រេច​ថា តើ នួន ជា នៅមាន​បញ្ញា​ស្មារតី​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​បន្តទៀត​បាន ​ឬក៏​ត្រូវ​ដោះលែង​ដូច​លោកស្រី អៀង ធី​រិ​ទ្ធ ដែរ? ស្របពេល​ជាមួយគ្នានេះ​អង្គការ​មួយ​ឈ្មោះ O.S.J.I ដែល​តាមដាន​សាលាក្តី​នេះ​បានចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ពី​បញ្ហា​ជាច្រើន​របស់​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។


មរណភាព​មុន​ការកាត់ទោស​របស់ អៀង សារី មិនមែនជា​បញ្ហា​តែមួយគត់​របស់​តុលាការ​ខ្មែរក្រហម​ទេ។ នួន ជា ដែល​សព្វថ្ងៃ​មាន​អាយុ ៨៦ ឆ្នាំ ក៏​កំពុងស្ថិត​ក្នុងស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ។ សវនាការ​វាយតម្លៃ​អំពី​សុខភាព​របស់​ជនជាប់ចោទ​រូបនេះ​នឹងត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃស្អែក​នេះហើយ។

សាលាក្តី​ខ្មែរក្រហម​បានប្រកាស​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ​ថា សវនាការ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​គឺ​ដើម្បី​ស្តាប់​របាយការណ៍​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទាក់ទង​នឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ និង​កាយសម្បទារ​របស់ នួន ជា។ លោក​សាស្ត្រាចារ្យ ចន ខំប៊ែល ដែលជា​អ្នកវាយតម្លៃ​សុខភាព​របស់​លោកស្រី អៀង ធីរិទ្ធ រួមទាំង​សហការី​ពីរ​នាក់​ទៀត​នឹង​បង្ហាញ​របាយការណ៍​វេជ្ជសាស្ត្រ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ។ របាយការណ៍​នោះ​គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​តុលាការ​ក្នុងការ​វាយ​តម្លៃ​ថា តើ នួន ជា អាច​ទទួល​ការកាត់ទោស​បាន​ដែរ​ឬទេ?

លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១៤មីនា​ក៏​ជា​ជនជាប់ចោទ​ម្នាក់​ដែល​ត្រូវ​វាយតម្លៃ​សុខភាព​ជាមួយ នួន ជា ដែរ។ ប៉ុន្តែ ជនជាប់ចោទ​រូបនេះ​បាន​ស្លាប់​នៅមុន​ពេល​ទទួល​ការវាយតម្លៃ​ពី​អ្នកជំនាញ។ ការវាយតម្លៃ​សុខភាព​និង​កាយសម្បទារ​របស់​ជន​ជាប់ចោទ​ទាំងពីរ​នេះ​បាន​ធ្វើឡើង​ទៅតាម​សំណើ​របស់​មេធាវី​ការពារ​ក្តី​ដែល​យល់​ឃើញ​ថា កូនក្តី​របស់​ពួកគេ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​ការចងចាំ​ដោយសារតែ​វ័យចាស់​ជរា។

ស្របពេល​ជាមួយគ្នានេះដែរ អង្គការ​មួយ​ឈ្មោះ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​នៃ​សង្គម​បើក​ទូលាយ​ហៅ​កាត់​ថា O.S.J.Iបានចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ពី​បញ្ហា​មួយចំនួន​ក្នុង​ដំណើរការ​សាលាក្តី​នេះ។ បញ្ហា​ទាំងនោះ​មាន​ដូចជា ការស្លាប់​របស់​អៀង សារី បានធ្វើ​ឲ្យ​សំណុំរឿង​០០២ រង​ការប៉ះពាល់។ ទន្ទឹម​នឹង​នោះ សវនាការ​សំណុំ​រឿង ០០២ ត្រូវបាន​រាំងស្ទះ​មួយរយៈ​ដោយសារ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ថា​ការបែងចែក​សំណុំ​រឿងនេះ​ជា​ផ្នែកតូចៗមាន​លក្ខណៈ​មិន​ត្រឹមត្រូវ។

បន្ថែម​ពីលើ​នេះ សវនាការ​ដើម្បី​ស្តាប់​សក្ខីកម្ម​របស់​សាក្សីជំនាញ​ត្រូវបាន​ផ្អាក​ដោយសារតែ​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា​ធ្វើ​កូដកម្ម​ពីព្រោះ​តែ​ពួកគេ​មិន​ទទួលបាន​ប្រាក់ខែ។ អង្គការ​នេះ​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​តុលាការ​ខ្មែរក្រហម​ពន្លឿន​ដំណើរការ​ដើម្បី​ឲ្យ​ការកាត់ទោស​ចប់​សព្វគ្រប់​មុន​ពេល​ជនជាប់ចោទ​ស្លាប់ ឬ​មុន​ពេលដែល​ពួកគេ​ធ្លាក់​ក្នុង​ស្ថានភាព​មិនអាច​កាត់ទោស​បាន៕