អានតួអត្ថបទ
អេស្តូនី

គណបក្ស​កាន់អំណាច ល្បីខា​ង​ស្អប់​រុស្ស៊ី ឈ្មោះ “បក្ស​កំណែ​ទម្រង់” ឈ្នះ​ឆ្នោត​ជា​ថ្មី

លទ្ធផល​នេះ​នៃ​ការបោះឆ្នោត​សភា​ដែល​បាន​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អាទិត្យ​ទី​ ៦​មីនា ម្សិលមិញ នៅ​អេស្តូនី ជា​អតីត​សាធារណរដ្ឋ​សូវៀត ក្លាយ​មិន​គ្រាន់​តែ​​ជា​រដ្ឋ​ឯករាជ្យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ថែម​បាន​ឆ្លង​ទៅ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​បស្ចិមលោក​ទៅហើយ ពោល​គឺ ជា​សមាជិក​បក្សសម្ព័ន្ធ OTAN ផង និង សហភាព​អឺរ៉ុប​ផង ទើប​បាន​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅកាត់​ថា គ.ជ.ប.។

ប្រទេស​អេស្តូនី ធ្វើ​ការ​បោះឆ្នោតសភា​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ដ៏​មាន​សុវត្ថិភាព
ប្រទេស​អេស្តូនី ធ្វើ​ការ​បោះឆ្នោតសភា​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ដ៏​មាន​សុវត្ថិភាព AFP/RAIGO PAJULA
ផ្សាយពាណិជ្ជកម្ម
02:43

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ជាបឋម គួរ​កត់​សម្គាល់​ថា ពី​ក្នុង​ចំណោម ១៥​​ប្រទេស​ដែល​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ ក្រោយ​ពី​សហភាព​សូវៀត​រលាយ​ទៅ​កាល​ក្នុង​ឆ្នាំ​១៩៩១ មាន​តែ​៤​ប្រទេស​ប៉ុណ្ណោះ ដែល​រាជាណាចក្រ​កម្ពុជា បាន​តាំង​ទំនាក់ទំនង​ការទូត​ជាមួយ ពោលគឺ​សហព័ន្ធ​រុស្ស៊ី ដែល​បន្ត​កេរ​ពី​​សហភាព​សូវៀត និង ៣​ប្រទេស​ដែល​ស្ថិត​នៅ​មាត់​សមុទ្រ​បាល់ទិក ហៅថា ប្រទេស​បាល់ទ៍ ក្នុង​នោះ​មាន អេស្តូនី លីទុយអានី ឡេតូនី។

ចំណែក​ការ​បោះឆ្នោត​សភា​នៅ​អេស្តូនី​ម្សិលមិញ គឺ​ស​ឲ្យ​ឃើញ​ថា ទំនោរ​ដែល​ប្រឆាំង​នឹង​ឥទ្ធិពល​រុស្ស៊ី មិន​គ្រាន់​តែ​នៅ​រក្សា​ទុក​ដដែល​ប៉ុណ្ណោះ​ទេ តែ​ក៏​ថែម​ទាំង​ចាក់ឫស​កាន់​តែ​មាំ។

យ៉ាងណាមិញ ពី​ក្នុង​ចំណោម​៩​គណបក្ស ដែល​បាន​ចូល​ប្រឡូក ៤​គណបក្ស ដែល​ចេះ​ដណ្តើម​បាន​សំឡេង​គាំទ្រ​លើស​ពី​៥% ហើយ​ទទួល​បាន​អាសនៈ​ប្រចាំ​នៅ​រដ្ឋ​សភា​នីតិកាល​ថ្មី សំរាប់​៤​ឆ្នាំ​ទៅ​មុខ​ទៀត មាន​ទម្រង់​ដូច​តទៅ ៖

ជាប់​លេខ​១ គឺ “បក្ស​កំណែ​ទម្រង់” ក្រោម​ការ​ដឹកនាំ​នៃ​លោក​នាយក​រដ្ឋមន្ត្រី Andrus Ansip ជា​អ្នក​បស្ចិមលោក​និយម​ពេញ​ទី ហើយ​ប្រឆាំង​ប្តូរ​ផ្តាច់​​នឹង​ឥទ្ធិពល​រុស្ស៊ី ទទួល​បាន​សំឡេង​គាំទ្រ​ដល់ ២៨,៦% ឬ ស្មើ​នឹង ៣៣​អាសនៈ​ឯណោះ បាន​ន័យ​ថា ២​អាសនៈ​ច្រើន​ជាង ការបោះឆ្នោត​កាល​ពី​៤​ឆ្នាំ​មុន។

រី​ឯ​គណបក្ស​ប្រឆាំង ដែល​មាន​ឈ្មោះ​ថា “បក្ស​កណ្តាល​និយម” ដែល​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ចោទ​គ្មាន​ឈប់​ថា​ស្និទ្ធ​នឹង​រុស្ស៊ី គឺ​នៅ​ជាប់​លេខ​២​ដូច​មុន​ដដែល ប៉ុន្តែ​បែរ​ទៅ​​ជា​បាត់បង់​អស់ ៣​អាសនៈ​ ចុះ​មក​នៅ​ត្រឹម ២៦​អាសនៈ។

ជាប់លេខ៣ គឺ គណបក្ស​អភិរក្សនិយម ដែល​មាន​ឈ្មោះ​ថា “សហភាព​មាតុភូមិ​និង​សាធារណរដ្ឋ” ដឹកនាំ​ដោយ​លោក​អតីត​នាយក​រដ្ឋមន្ត្រី Mart Laar ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​អេស្តូនី​​លុះ​ទាល់​តែ​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប។

ជាប់លេខ​៤ គឺ “គណបក្ស​សង្គម-ប្រជាធិបតេយ្យ  “ចាត់ទុក​ខ្លួន​ឯង​ថា ស្ថិត​នៅ​ក្នុង​គ្រួសារ​នៃ “បក្ស​សង្គមនិយម​អឺរ៉ុប”​ ដោយ​ថែម​ទាំង​មាន​៣​អាសនៈ​ប្រចាំ​ក្នុង​សភា​អឺរ៉ុប​ទៅ​ផង ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​លើក​នេះ ​ស្រាប់តែ​ដណ្តើម​បាន​អាសនៈ​ដល់​ទៅ​១៩​អាសនៈ គឺ ដល់​ទៅ​៩ អាសនៈ​ច្រើន​ជាង​ដែល​ខ្លួន​ទទួល​បាន​ក្នុង​សភាជាតិ កាលពី​ឆ្នាំ​២០០៧។

សេចក្តី​សន្និដ្ឋាន ​ដែល​គេ​អាច​ទាញ​យក​ពី​ការបោះឆ្នោត​សភា​លើក​នេះ​នៅ​អេស្តូនី គឺ​ថា​លោក​នាយក​រដ្ឋមន្ត្រី Andrus Ansip ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​តំណែង​នេះ តាំងពី​ឆ្នាំ​២០០៥​ម៉្លេះ នឹង​នៅ​រក្សា​កៅអី​ខ្លួន​ដដែល។ ពីព្រោះ​គាត់​បាន​ថ្លែង​តាំង​ពី​ម្សិលមិញ​ទៅ​ហើយ​ថា “បក្ស​កំណែ​ទម្រង់” របស់​គាត់​នឹង​នៅ​តែ​បន្ត​ចង​សម្ព័ន្ធ​ជាមួយ  “សហភាព​មាតុភូមិ​និង​សាធារណរដ្ឋ” ដដែល ដើម្បី​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​លើក​នេះ ឡើង​ដល់​ទៅ ៥៦ អាសនៈ​ឯណោះ ពី​ក្នុង​ចំណោម ១០១ អាសនៈនៃ​រដ្ឋសភា​អេស្តូនី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ