អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងត្បូង

ជប៉ុន​សុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជួយ​អន្តរាគមន៍​រឿង​កូរ៉េខាងត្បូង​ហាម​ការនាំចូល​ត្រីជប៉ុន​ក្នុងស្រុក​

ប្រទេស​ជប៉ុន​​បាន​សុំ​អោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ជួយធ្វើ​​​​អន្តរាគមន៍​ក្នុង​វិវាទ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​បាន​​​ហាមឃាត់​ការនាំចូលត្រី​ជប៉ុន ចូលក្នុង​ស្រុកខ្លួន។ នេះ​បើយោងតាម​សារព័ត៌មាន​បារាំង​ AFP ​​ចុះផ្សាយ​នៅថ្ងៃអង្គារ​ ទី​៨តុលា​នេះ។ កន្លងមក ក្រុងសេអ៊ូល​បាន​ហាមឃាត់​ការនាំចូល​ផលិតផល​ត្រី ដែល​គេ​នេសាទ​បាន​នៅ​ភាគ​ឥសាន​ជប៉ុន ជិត​​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា ដោយ​សារខ្លាច​ថា ត្រីទាំងនោះ​មាន​ផ្ទុក​នូវ​ធាតុ​វិទ្យុសកម្ម​នុយក្លេអ៊ែរ។ ​

ផ្សារ​លក់​ត្រី​ ឈ្មោះ​ Noryangjin នៅ​ក្រុង​Seoul។ ដោយសារ​​បញ្ហា​ធាតុ​វិទ្យុសកម្ម​ហ្វ៊ូគូស្ហ៊ីម៉ា ប្រជាជន​កូរ៉េ​លែង​ទុកចិត្ត​ផលិតផល​ត្រី​នាំចូល​ពី​ជប៉ុន។
ផ្សារ​លក់​ត្រី​ ឈ្មោះ​ Noryangjin នៅ​ក្រុង​Seoul។ ដោយសារ​​បញ្ហា​ធាតុ​វិទ្យុសកម្ម​ហ្វ៊ូគូស្ហ៊ីម៉ា ប្រជាជន​កូរ៉េ​លែង​ទុកចិត្ត​ផលិតផល​ត្រី​នាំចូល​ពី​ជប៉ុន។ Reuters/TERS/Jo Yong-Hak
ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន​បារាំង​ AFP ​ចុះផ្សាយ​នៅថ្ងៃអង្គារនេះ ជប៉ុន​ចង់​អោយ​​គណៈ​កម្មាធិការ​ទទួលបន្ទុក​វិធានការ​សុខភាព​​អនាម័យ​ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហៅកាត់ថា OMC នោះ អោយ​ពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង អំពី​កំហិត​​​​កំណត់​ដែល​​ក្រុងសេអ៊ូល​បាន​អនុវត្ត​ ក្នុង​​​ការ​ហាមឃាត់​ផលិតផល​​ត្រី​សមុទ្រ​ជប៉ុន ចូល​​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។

កាលពី​ខែមុន ក្រុងសេអ៊ូល​បានពង្រីក​ការ​​​​ហាមឃាត់ការនាំ​ផលិតផល​ត្រី​​ដែល​គេ​នេសាទ​បាន​នៅ​ភាគ​ឥសាន​ជប៉ុន ជិត​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​​ហ្វ៊ូគូស្ហ៊ីម៉ា ចូល​​មក​​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ដោយសារ​តែ​​​ខ្លាច​ផលិតផល​ត្រីទាំងនោះ​ មាន​ផ្ទុកនូវធាតុ​វិទ្យុសកម្ម​​ ប៉ះពាល់​ដល់​សុខភាព។ ក្រុងសេអ៊ូលមិនត្រឹមតែ​​ហាមឃាត់​ត្រី​នាំមក​ពី​ខេត្ត​ហ្វ៊ូគូស្ហ៊ីម៉ា ប៉ុណ្ណោះ​ទេ ថែមទាំង​ហាមឃាត់​ត្រី​នាំមកពី​​​ក្រុង​ធំៗ​ចំនួន​៧​ផ្សេងទៀត​ផងដែរ។ បើ​​គិត​ទៅ ​គឺ​ស្មើ​នឹង​​ពាក់កណ្តាល​តំបន់​ភាគខាងជើងនៃ​កោះ ហុងស្ហ៊ូ ដែល​ជា​កោះ​ធំបំផុត​នៅជប៉ុន។ ការហាមឃាត់​​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​ក្រុមហ៊ុន​អគ្គិសនី​តេបកូ​ជប៉ុន បាន​សារភាព​​ថា មានទឹក​ហូរចេញ​ពី​មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា ចូល​ទៅ​ក្នុង​សមុទ្រ។

 

ទីភ្នាក់ងារ​ជប៉ុន​ប្រាប់ថា ខ្លួន​នឹង​ពន្យល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកថា ផលិតផល​សមុទ្រ​របស់​ជប៉ុន សុទ្ធ​តែ​បាន​ទទួលការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​ ស្របតាម​ក្បួនខ្នាត​​​អន្តរជាតិ ហើយ​ការហាមឃាត់​របស់​ក្រុងសេអ៊ូល​គ្មាន​គ្រឹះអ្វី​ច្បាស់លាស់​នោះទេ។ ជប៉ុន​ចង់​អោយ​កូរ៉េខាងត្បូង​លុបចោល​ការហាមឃាត់​ទាំងអស់​នេះ​ទៅវិញ។

 

អ្នកវិភាគ​មួយចំនួន​គិតថា ការ​ដែល​កូរ៉េខាងត្បូង​ហាមឃាត់​ផលិតផល​ត្រីសមុទ្រ​ជប៉ុន​ចូលទៅ​ក្នុង​ទឹកដីខ្លួន​នេះ ក៏​ប្រហែល​​អាច​មកពី​ប្រទេស​នេះ មាន​ជម្លោះ​ផ្សេងទៀត​ជាមួយ​ជប៉ុន​ផងដែរ ដូច​ជា​ជម្លោះ​កោះតូចៗជាដើម។ លើសពីនេះ កូរ៉េខាងត្បូង​មិន​បាន​ពេញចិត្ត​អាកប្បកិរិយា​របស់​ជប៉ុន ដែល​ធ្លាប់​​​​ដាក់​អាណានិគម​​លើ​ទឹកដី​ខ្លួន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ