អានតួអត្ថបទ
ចិន

តើលោក ស៊ី ជីនភីង​អនាគត​ប្រមុខ​ដឹកនាំ​ចិន​ឋិតនៅ​ឯទី​ណា?​

អនាគត​ឥស្សរជន​ទីមួយ​នៃ​ប្រទេសចិន​លោក​ ស៊ី​ ជីនភីង​ ដែល​នឹង​ត្រូវ​គេ​លើក​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​ជាផ្លូវការ​នៅ​ខែតុលា​ខាងមុខ​នេះ​នាឱកាស​សមាជ​នៃ​បក្ស​កុម្មុយនិស្តចិន​ ​ បាន​លុបចេញ​នៅថ្ងៃចន្ទ​ម្សិលមិញ​ នូវ​ជំនួប​សន្ទនា​ដែលបាន​គ្រោងទុក​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក​ ​ ក្រោយពីបាន​លុបចេញ​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខការទូត​អាមេរិក​លោកស្រី​ ហ៊ីលឡារី​គ្លីនតុន។​ ទាំងនេះ​ បាន​នាំឲ្យ​​កើតមាន​ជាពាក្យ​ចចាម​អារ៉ាម​យ៉ាង​ផុសផុល។

អនាគត​​ឥស្សរជន​​ទីមួយ​​នៃ​​ប្រទេសចិន​ ​លោក​ ស៊ី​ ជីនភីង​
អនាគត​​ឥស្សរជន​​ទីមួយ​​នៃ​​ប្រទេសចិន​ ​លោក​ ស៊ី​ ជីនភីង​ Reuters/David Moir
ផ្សាយពាណិជ្ជកម្ម

 

ដោយគ្មាន​ការ​ថ្លែង​ពន្យល់​អ្វី​ទាំងអស់​ជាផ្លូវការ​ ​ ជំនួប​សន្ទនា​បួន​ដោយ​លោក ស៊ី ជីនភីង​ អនាគត​ប្រមុខដឹកនាំ​ចិន​ជាមួយ​ឥស្សរជន​បរទេស​សំខាន់ៗ​​ ​បាន​ត្រូវ​ភាគីចិន​លុបចេញ​ ក្នុងរយៈ​ពេល​តិចជា​មួយសប្តាហ៍។​ ក្រោយពី​បាន​លុបចេញ​នូវ​ជំនួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក​ ​ និង​ប្រមុខការទូត​អាមេរិក​លោកស្រី​ ហ៊ីលឡារី​គ្លីនតុន​ ​ ជំនួប​សន្ទនា​ពីរទៀត​ដែលបាន​ត្រូវ​ភាគីចិន​លុបចេញ​គឺ​ ​ ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ លោក លី ស៊ានឡុង​ ​ ហើយនិង​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​នៃ​សហព័ន្ធ​រុស្ស៊ី​ លោកស្រី​ Valentina Matvienko។

ចំណែកឯ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេសចិន​ លោក​ ហុង​ឡី​ បាន​ថ្លែង​ប្រាប់ថា​ ​ “ពាក់ព័ន្ធ​នឹង​ការ​លុប​ចេញ​នូវ​ជំនួប​សន្ទនា​ដែលបាន​គ្រោងទុក​ដោយ​លោក​ស៊ី​ ជីនភីង​ ​ លោក​គ្មាន​ព័ត៌មាន​អ្វី​នឹង​ថ្លែង​ជម្រាប​ឡើយ”។

គួរកត់​សម្គាល់ថា​ ​ ការ​លុបចេញ​នូវ​ជំនួប​សន្ទនា​ចុងក្រោយ​បានធ្លាក់​ក្រោយ​ពេល​ដែល​ site internet ​ចិន​នៅ​បរទេស​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ លោក​ ស៊ី​ ជីនភីង​ ដែលមាន​អាយុ​៥៩ឆ្នាំ​ កំពុង​មាន​បញ្ហា​សុខភាព។ ​ អ្នកខ្លះទៀតថា​ ​ លោកមាន​បញ្ហា​គ្រោះថ្នាក់​រថយន្ត​ដែលបាន​បណ្តាល​ឲ្យ​លោក​ទទួល​រង​របួស។​ អ្នកខ្លះ​ទៀតថា​ ​ គឺ​ក្រុម​អ្នកឆ្វេង​និយម​ឬ​ក្រុមម៉ៅ​និយម​ថ្មី​ជាអ្នក​បង្ក​ឲ្យ​លេចចេញ​ពាក្យចចាម​អារ៉ាម។

សូមបញ្ជាក់ថា​ ​ ពាក្យ​អ្នកឆ្វេង​និយម​នៅ​ប្រទេសចិន​គឺ​គេ​សំដៅ​ទៅលើ​ក្រុម​អ្នកម៉ៅ​និយម​ថ្មី​ដែលជា​ចរន្ត​នយោបាយ​គាំទ្រ​លោក​ ប៉ូ​ ស៊ីឡាយ​ ​ អតីត​ប្រមុខដឹកនាំ​នៃ​ទីក្រុង​ Chongqing ​ដែល​ជាទីក្រុង​ចិន​ធំជាង​គេ​ឋិតនៅ​ប៉ែក​និរតី​នៃ​ប្រទេសចិន។​ លោក​ ប៉ូ​ ស៊ីឡាយ​ដែលបាន​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​មុខតំណែង​ ក្រោយពី​មាន​កើតមាន​រឿង​អាស្រូវ​នៅ​ក្នុង​ប្រទេ​សចិន​នៅ​ពេល​កន្លង​ទៅនេះ។

ពាក់ព័ន្ធនឹង​លោក​ ស៊ី ជីនភីង​ នេះ​ ​ សារព័ត៌មាន​ចិន​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែងថា​ ​ លោក​មាន​ជំងឺ​ឈឺខ្នង។
រីឯ​ប្រភព​អ្នកការទូត​លោកខាងលិច​ខ្លះ​ថា​ ​ លោក​ ស៊ី​ ជីនភីង​ បាន​ធ្វើការ​ព្យាបាលខ្លួន​ដើម្បី​ឲ្យ​ស្រកស្គម​ ​ ដែលបាន​បណ្តាល​ឲ្យ​លោក​ស្រកស្គម​បាត់បង់អស់​ប្រមាណ​២០គីឡូក្រាម​ ​ ចាប់តាំង​ពី​ដើមឆ្នាំនេះមក។

ដូច្នេះ​វាជា​ការជាក់ច្បាស់​ដែល​អាជ្ញាធរចិន​បារម្ភ​ពី​ការដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ “អភិក្រម​នៃ​ការ​តស្នង​តំណែង”​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ខែតុលា​ខាងមុខ​ នាឱកាស​សមាជ​នៃ​បក្ស​កុម្មុយនិស្តចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ