អានតួអត្ថបទ
កម្ពជា

បញ្ហា​​សេរីភាព​​សារព័ត៌មាន​៖​តំណាង​​កម្ពុជា​​នៅ​​UN​ ចេញ​មុខ​​ការពារ ​​គ.ជ.ប

តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នៅ​ថ្ងៃទី១៥មិថុនា​ម្សិលមិញ បានចេញ​សេចក្តីថ្លែងការណ៍​ការពា​រ​ការណែនាំ​របស់​គ.ជ.ប​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅមុន​ការបោះឆ្នោត​ថា មិនមែន​ជាការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឡើយ។ ការបញ្ជាក់​នេះ ជាការ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែលថា គ.ជ.ប​កំពុងតែ​រឹតត្បិត​ការផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការបោះឆ្នោត។

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

“តាម​ការពិត ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត​ដែល​ចេញ​ដោ​យគ.ជ.ប​មិន​មានប​ញ្ញ​តិ​ណាមួយ​ដែល​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​បំពេញ​កិច្ចការ​របស់ខ្លួន​ស្របតាម​ច្បាប់​ជា​ធរមាន​ទេ"។ នេះ គឺជា​ការគូសបញ្ជាក់រ​បស់​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន។ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​អះអាង​បន្ថែមថា ក្រមសីលធម៌​នេះ​មាន​គោលបំណង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការបោះឆ្នោត​ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​មាន​សណ្តាប់ធ្នាប់។ តាម​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បើទោះបី​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រូវ​ប្រតិបត្តិ​វិជ្ជាជីវៈ​របស់ខ្លួន​ដោយ​ស្ថិតនៅក្រោម​ច្បាប់ និង​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​នានា។

ការអះអាង​របស់​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​បានបង្ហាញ​ក្តីកង្វល់​ទៅលើ​ទំហំ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នៅមុន​ការបោះឆ្នោត។ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ចាត់ទុក​ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការបោះឆ្នោត​ដែល​ចេញ​ដោ​យគ.ជ.ប​ថា បាន​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ហើយ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​និង​ធានា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ។

ក៏ប៉ុន្តែ​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ហៅ​ការលើកឡើង​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នេះ​ថា មាន​ទស្សនៈ​លម្អៀង។ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ថ្លែង​ការពារ​គ.ជ.ប​ថា អ្វីដែល​គ.ជ.ប​មានបំណង​ហាមឃាត់​នោះ គឺ​ការផ្សព្វផ្សាយ​ដែល​ញុះញង់​ឲ្យ​មាន​កំហឹង និង​ការរើសអើង​ជាតិ​សាសន៍​តាម​គ្រប់​រូបភាព​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នេះ​ផងដែរ។ លោក​ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ចាត់ការ​សម្តែង​ក្តីកង្វល់​ពី​ទំហំ​សេរីភាព​សារព័ត៌​មា​នៅ​កម្ពុជា​នៅមុន​ការ​ការបោះឆ្នោត​ពី​សំណាក់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ថា ជាការ​ឈ្លានពាន​ដល់​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា។ លោក​ផៃ ស៊ី​ផាន បាន​អះអាងថា ការលើកឡើង​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស គឺជា​ការ​បំភាន់​មតិសាធារណ​ជនជាតិ និង​អន្តរជាតិ​រវាង​សិទ្ធ​សេរីភាព និង​ការ​បញ្ចេញយោបល់​ក្នុងការ​ញុះញង់​សាធារណជន​ខ្មែរ​មិន​ឲ្យ​ចេញទៅ​បោះឆ្នោត។សម្រាប់​លោក​ផៃ ស៊ី​ផាន ការអំពាវនាវ​មិន​ឲ្យ​សាធារណជន​ចេញទៅ​បោះឆ្នោត គឺ​ហួស​ពី​ព្រំដែន​នៃ​សិទ្ធិ និង​សេរីភាព​នៃ​ការបញ្ចេញ​យោបល់ ដែលជា​អង្គហេតុ និង​អង្គច្បាប់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ