អានតួអត្ថបទ
កម្ពជា

ក្រសួង​ការពារ​ជាតិ​​មិន​​ចាប់​អារម្មណ៍​​បញ្ជូន​​ក្រុម​ការងារ​​ទៅ​ពិនិត្យ​​ទីតាំង​​ដែល​​រង​​ការ​​ចោទ​ថា​​ជា​​មូលដ្ឋាន​ទ័ព​​ចិន​

រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ព្រឹក​នេះ បានរៀបចំ​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី«តើ​កម្ពុជា​ត្រូវការ​វត្ដ​មាន​កងទ័ព​បរទេស​ដែរ ឬទេ?»។ ជា​កិច្ចពិភាក្សា​ដែល​ធ្វើឡើង បន្ទាប់ពី​សារព័ត៌មាន Asia Times បាន​ចុះផ្សាយ​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​កសាង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ខេត្តកោះកុង។ វាគ្មិន​ដែលជា​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​យក​វេទិកា​នេះ​វាយប្រហារខ្លាំងៗលើ​សារព័ត៌មាន Asia Times។ ក្នុងនោះ អ្នកនាំពាក្យ​ក្រសួង​ជាតិ​បានបង្ហាញ​ការមិន​ចាប់អារម្មណ៍​សោះឡើយ​ក្នុងការ​បញ្ជូន​ក្រុមការងារ​ចុះទៅ​ខេត្តកោះកុង ដើម្បី​ពិនិត្យ​ជាក់ស្តែង​នូវ​ទីតាំង​ដែល​រង​នូវ​ការចោទប្រកាន់​នោះ។

ក្រុម​វាគ្មិន​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ​វិច្ឋិកា ​
ក្រុម​វាគ្មិន​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ​វិច្ឋិកា ​ @Royal Academy of Cambodia
ផ្សាយពាណិជ្ជកម្ម

គឺ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកចូលរួម​ម្នាក់​ដែល​សួរថា តើ​ក្រសួងការពារជាតិ​នឹង​បញ្ជូន​ក្រុមការងារ​ចុះទៅពិនិត្យ​ជាក់ស្តែង​លើ​ទីតាំង​ដែល​រង​ការ​ចោទថា នឹង​ក្លាយជា​មូលដ្ឋានទ័ព​របស់​ចិន​ដែរ​ឬ​យ៉ាងណា លោក​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការបញ្ជូន​ក្រុមការងារ​ចុះទៅពិនិត្យ​នោះទេ។ តាម​លោក​ឈុំ សុជាត បើទោះបី​ចុះទៅ​ឫ​មិន​ចុះទៅ គឺ​ដូច​តែ​គ្នា។ ដូច​តែ​គ្នា ព្រោះថា វា​មិនមាន​គម្រោង​ទីតាំង​កសាង​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ចិន​នៅក្នុង​ខេត្តកោះកុង​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន Asia Times នោះទេ។

បន្ថែម​ពី​លោក​ឈុំ សុជាត លោក​សុខ ទូច ដែលជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា វា​មិនមាន​ភាពចាំបាច់​ទេ​ដែល​ត្រូវបញ្ជូន​ក្រុមការងារ​ទៅពិនិត្យ​មើល​ទីតាំង​ដែល​គ្មានអ្វី​ទាល់តែសោះ​នោះ។ លោក​សុខ ទូច ថែមទាំង​បាន​ហៅ​ការ​សួរ​សំណួរ​បែបនេះ​ថា ជា​របៀប​តាំង​សំណួរ​បែប​បក្សប្រឆាំង និង​ផ្ចាញ់ផ្ចាល​ថែមទៀត។ បើតាម​លោក​សុខ ទូច បើសិន​ជាមាន​ការកសាង​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​ចិន​ដូច​ការចុះផ្សាយ​មែន​នោះ គឺ​ផ្កាយរណប​របស់​អាមេរិក​នឹង​ចាប់​ថត​មក​ផ្សាយ​ជា​សាធារណៈ​បាត់ទៅហើយ ។ លោក​សុខ ទូច ថែមទៀត​អះអាង​ទៀតថា លោក​បាន​ចុះទៅ​ពិនិត្យមើល​ដោយ​ខ្លួនឯង​រួចហើយ តែ​គ្មានអ្វី​នោះទេ។

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោក​ផៃ ស៊ី​ផាន​វិញ ក៏​មិនសូវ​ពេញចិត្ត​នឹង​សំណួរ​នេះដែរ។ មិន​ពេញចិត្ត ព្រោះ​លោក​គូសបញ្ជាក់​ម្តង​ជា​ពីរដង​ហើយ​ថា ការផ្សាយ​របស់ Asia Times គឺជា​ព័ត៌មាន​មិន​ពិត។ ដូច្នេះហើយ វា​គ្មាន​ភាពចាំបាច់​ដែល​ត្រូវ​ចុះទៅពិនិត្យ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះឡើយ។

សូមបញ្ជាក់ថា សារព័ត៌មាន Asia Times កាលពី​ថ្ងៃទី១៥ វិច្ឆិកា បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ​ថា កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី។ សារព័ត៌មាន​នេះ បាន​លើកឡើងថា នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ កំពង់ផែ​ទឹក​ជ្រៅ​មួយ​ដែល​វិនិយោគ​ដោយ​ចិន នឹង​លេចខ្លួន​ឡើង​នៅក្នុង​ខេត្តកោះកុង ហើយ​កំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ក្លាយជា​មូលដ្ឋាន​យោធា​ដែល​ចិន​ប្រើប្រាស់​សម្រាប់​សុំ​ចត​នាវាចម្បាំង។

ភ្លាមៗ ក្រសួងការពារជាតិ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញមក​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​ថា វា​ជា​ព័ត៌មាន​មិន​ពិត។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាងថា កម្ពុជា​មិនមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​ឡើយ ហើយ​ថា កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​យក​កម្ពុជា​ធ្វើជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ជាថ្មី​នោះទេ។ តាម​លោកនាយក​រដ្ឋមន្ត្រី ការអនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​លើទឹក​ដី​កម្ពុជា គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ ហើយ​ថា កម្ពុជា​គ្មាន​ភាពចាំបាច់ និង​មិន​ត្រូវការ​កងទ័ព​បរទេស​ណាមួយ​មក​តាំង​មូលដ្ឋាន​នៅលើ​ទឹកដី​កម្ពុជា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ