rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ព្រះមហាក្សត្រ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ថ្ងៃ​នេះ ​ព្រះមហាក្សត្រ​​កម្ពុជា​​បាន​​ឡើង​​គ្រង​រាជ្យ​​រយៈពេល​១៥​ឆ្នាំ​​ហើយ​

media
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ © ចាន់ ស៊ីណា

ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០០៤-ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០១៩ នេះ គឺជា​ខួប​លើក​ទី១៥ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។ គម្រប់​ខួប១៥ឆ្នាំ​នៅថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​មេដឹកនាំ​ស្ថាប័នធំៗរបស់​ជាតិ សុទ្ធតែ​បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ។ ក្នុងឱកាស​នេះ វណ្ណ សុគន្ធា បាន​ចូលខ្លួន​មក​រំឭក​ឡើងវិញ​ពី​ការឡើង​គ្រង​រាជសម្បត្តិ និង សម​ទ្ធិ​ផល​នានា​របស់​ព្រះអង្គ​ជូន​លោកអ្នក​ស្ដាប់។


ប្រសូត​នៅ​ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ១៩៥៣ នាទី​ក្រុងភ្នំពេញ ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ឯក​ឆន្ទ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​កម្ពុជា ជំនួស​ព្រះបាទ នរោត្តម សីហនុ ដែលជា​ព្រះបិតា នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។ ការជ្រើសរើស​ឱ្យ​ព្រះអង្គ​ឡើង​សោយរាជ្យ​នៅពេលនោះ ធ្វើឡើង​នៅ​ខណៈដែល​ព្រះអង្គ​កំពុង​គង់នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ថែទាំ​ព្រះរោគ​ព្រះបិតា។ នៅ​ថ្ងៃ​ទី​២៩​ ខែតុលា ​ឆ្នាំ២០០៤​ ព្រះករុណា ​សម្តេច​ ព្រះបរមនាថ ​នរោត្តម ​សីហមុនី​ បាន​សោយ​រាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រកម្ពុជា​ជា​ផ្លូវការ​។

គិត​មកដល់ពេលនេះ គឺ​រយៈពេល១៥ឆ្នាំ​គត់​នៃ​ការឡើង​សោយរាជ្យ​របស់​ព្រះអង្គ។ ក្នុង​រយៈពេល១៥ឆ្នាំ​មកនេះ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ប្រជានុរាស្ត្រ​លើកសរសើរ​ទ្រង់​ថា ជា​ព្រះមហាក្សត្រ​ដែលមាន​ព្រះទ័យ​ស្លូតបូត និង​មាន​ព្រហ្ម​វិហារធម៌។ ជាមួយគ្នានេះ ពួកគេ​ក៏បាន​កោតសរសើរ​ទ្រង់​ផងដែរ​ដែល​បាន​បំពេញ​ព្រះរាជកិច្ច​សម្រាប់​ប្រជាជាតិ ប្រកបដោយ​ភាព​វិជ្ជមាន។ ព្រះរាជកិច្ចសំខាន់ៗរបស់​ទ្រង់ គឺ​ផ្ដោតលើ​វិស័យ​ពិធីការ ការទូត សង្គមកិច្ច វប្បធម៌ និង​សិល្បៈ ដែល​ព្រះរាជ​សកម្មភាព​ទាំងនេះ ដូចគ្នា​ទៅនឹង​អ្វីដែល​ព្រះបិតា​របស់​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់បាន​បំពេញ​ផងដែរ។

ប៉ុន្តែ អ្នកវិភាគ អ្នកប្រវត្តិសាស្ត្រ ក៏ដូចជា​សង្គម​ស៊ីវិល​មួយចំនួន​បានកត់សម្គាល់​ឃើញថា ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​នៅ​មិនទាន់​អាច​ប្រៀបធៀប​ទៅនឹង​ព្រះរាជ​សកម្មភាព​របស់​ព្រះបិតា​ទ្រង់​បាន​នៅឡើយ ។ បន្ថែម​លើ​នេះ ពួកគេ​យល់ថា ព្រះអង្គ​មិនទាន់បាន​បំពេញ​ព្រះរាជតួនាទី​បាន​ពេញលេញ​ដូច​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៅឡើយ​ទេ ជាពិសេស ទាក់ទង​ទៅនឹង​ការសម្របសម្រួល​នយោបាយ។ ចំពោះ​ពួកគេ ព្រះរាជ​សកម្មភាព​ព្រះមហាក្សត្រ​ក្នុងការ​សម្របសម្រួល​ន​យោ​បាយ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ឯកភាព​និង​និរន្ដរភាព​ជាតិ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

យ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​ច្បាស់​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ ហើយ​ទ្រង់​ជា​ប្រមុខរដ្ឋ​មួយជីវិត។ អង្គ​ព្រះមហាក្សត្រ​មិនអាច​នរណា​រំលោភបំពាន​បានឡើយ។ លើសពីនេះ ព្រះមហាក្សត្រ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ហើយ​ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា។ ទ្រង់​ក៏​ជា​អ្នក​ធនា​ការគោរព​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ និង ការគោរព​សន្ធិសញ្ញា​អន្តរជាតិ។ នេះ​បើតាម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា៕