អានតួអត្ថបទ
កម្ពុជា

សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​ នឹង​​ចំណាយ​​ជាង​​មួយ​​ម៉ឺន​​ដុល្លារ​​ប្តូរ​​យក​​ឯកសា​រ​ខ្មែរ​៥​ពាន់​​ទំព័រ​​ពី​​បារាំង​

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​រកឃើញ​ឯកសារសំខាន់ៗទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោមប្រមាណ៥ពាន់​ទំព័រ​នៅក្នុង​ប្រទេស​បារាំង។ ក្រោយពី​ការរកឃើញ នៅពេលនេះ​ឯកសារ​ទាំងនោះ​កំពុង​ត្រូវបាន​ថតចម្លង​ចេញពី​ឯកសារ​ដើម។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​វាយតម្លៃថា នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១២៥០០អឺរ៉ូ ឫ​ប្រមាណ​ជាង១៣០០០ដុល្លារ​អាមេរិក​ចំពោះ​ការថត​ចម្លង​ឯកសារ​ទាំងនោះ។

លោកថាច់​ សេដ្ឋា​​ បង្ហាញផែនទី​ទាក់ទង​​​នឹង​​ទឹកដី​​កម្ពុជា​ក្រោម​ដែល​ខ្លួន​រកឃើញ​​នៅ​​បារាំង​​
លោកថាច់​ សេដ្ឋា​​ បង្ហាញផែនទី​ទាក់ទង​​​នឹង​​ទឹកដី​​កម្ពុជា​ក្រោម​ដែល​ខ្លួន​រកឃើញ​​នៅ​​បារាំង​​ @​​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បញ្ចប់​បេសកម្ម​ស្រាវជ្រាវ​ស្វែងរក​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង ទឹកដី​កម្ពុជា​ក្រោម​នៅក្នុង​ប្រទេស​បារាំង​រយៈពេល​មួយខែ​កន្លងទៅ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​រកឃើញ​ឯកសារ​ចំនួន​ប្រមាណ៥ពាន់​ទំព័រ​ដែល​និយាយ​ពី​ការផ្ទេរ​ទឹកដី កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក​ថាច់ សេដ្ឋា ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​បារាំង​វិញ​កាលពី​សប្តាហ៍​មុន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ឯកសារ​ទាំងនោះ​ភាគច្រើន​សរសេរ​ជា​ភាសា​បារាំង ហើយ​នៅពេលនេះ​កំពុងធ្វើការ​ថតចម្លង​ចេញពី​សំណៅ​ឯកសារ​ដើម។ បើតាម​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ ការថត​ចម្លង​ឯកសារ​ទាំងនោះ មានតម្លៃ២.៥០អឺ​រូ ក្នុង​មួយ​ទំព័រ  ហើយ​សរុប​ទាំងអស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ដល់​ទៅ​ចំនួន​ប្រមាណ១២៥០០អឺរ៉ូ ឫ​ប្រមាណ១៣០០០ដុល្លារ​អាមេរិក។

ឯកសារ​ទាំង៥ពាន់​ទំព័រ ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​រកឃើញ រួមមាន​ដូចជា ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើរ​ជូន​រដ្ឋាភិបាល​បារាំង កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់ និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ​ជាដើម។ ក្រៅពីនេះ ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ វៀតណាម​ថ្ងៃទី០៤ មិថុនា​ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម និង​កំណត់ហេតុ​ចរចាផ្សេងៗ ព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម។ ឯកសារ​ទាំងនេះ ត្រូវបាន​រកឃើញ​នៅក្នុង​ប​ណ្ណា​សា​រដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ អង់​ប្រូ​វ៉ង់ (Aix-en-Provence) ប្រទេស​បារាំង តាម​ការណែនាំ​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ លោក​ថាច់ សេដ្ឋា មិនអាច​បង្ហាញថា ឯកសារ​ទាំងនោះ​នឹងត្រូវ​ថតចម្លង​ចប់​រួចរាល់​នៅពេល​ណាមួយ​ឲ្យ​ប្រាកដ​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់ថា អាច​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ខែ​ទៀត ព្រោះថា​ឯកសារ​ទាំងនោះ មាន​ស្ថាន​ចាស់​ហើយ​ខ្លះ​បាន​រហែក ដែល​ពិបាក​ក្នុង​ថតចម្លង និង​ត្រូវ​ចំណាយ​ទឹកប្រាក់​ច្រើន​បែបនេះ។ ប្រឈម​នឹង​បញ្ហា​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ចូលរួម​ផ្តល់​វិភាគទាន​ដល់​សហគមន៍​កម្ពុជា​ក្រោម ដើម្បី​យកទៅ​បង់ថ្លៃ​នៃ​ការថត​ចម្លង​នេះ។

បើតាម​លោក​ថាច់ សេដ្ឋា ក្រោយពី​បញ្ចប់​ការថត​ចម្លង សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ​ការបកប្រែ​ជា​ផ្លូវការ​នូវ​ឯកសារ​ទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស។ បន្ទាប់មក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹងដាក់​ជូនទៅ​កាន់​ក្រសួង​អប់រំ ដើម្បី​ស្នើសុំ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា តម្កល់​នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា និង​អង្គការ​យូ​ណេ​ស្តូ ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ។ ហើយ​អ្វីដែល​ចាំបាច់​ជាងនេះទៀត​នោះ គឺ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​យក​ឯកសារ​ទាំងនោះ ដាក់​ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំទោស​ជា​សាធារណៈ​ចំពោះ​ការលើកឡើង​របស់​អ្នកនាំពាក្យ​ស្ថានទូត​របស់ខ្លួន​ដែលថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ