អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​​ខ្មែរ​​នៅ​​អាមេរិក​​នាំ​គ្នា​​ធ្វើ​បាតុកម្ម​​ជា​ថ្មី​​ទាមទារ​​ឲ្យ​​ដោះលែង​​លោក​​កឹម សុខា ​និង​​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​

ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មកពី​រដ្ឋ​នានា​នៅ​អាមេរិក និង​អតីត​តំណាងរាស្ត្រ​អតីត​បក្សប្រឆាំង​មួយចំនួន​ផង បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​ជាថ្មី​នៅ​ពីមុខ​វិមាន​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃទី១៩ខែមករា ត្រូវ​នឹង​យប់មិញ​នេះ​ម៉ោង​នៅ​កម្ពុជា។ គោលបំណង​នៃ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​អាមេរិក និង​អន្តរជាតិ​ផ្សេងទៀត​ដាក់​សម្ពោធ​លើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​គោរព​តាម​លក្ខខណ្ឌ៥ចំណុច​របស់​សហភាព​អឺរ៉ុប។ ក្នុងនោះ មានការ​ដោះលែង​លោក​កឹម សុខា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ។

ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​វិមាន​រដ្ឋសភា​អាមេរិក​
ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​វិមាន​រដ្ឋសភា​អាមេរិក​ @facebook
ផ្សាយពាណិជ្ជកម្ម

លក្ខខណ្ឌ​ទាំង៥ចំណុច​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើបាតុកម្ម​ទាមទារ​នាពេល​នេះ រួមមាន គឺ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ទម្លាក់ចោល​រាល់​ការចោទប្រកាន់​មកលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១៨នាក់ និង​សកម្មជន​អតីត​បក្សប្រឆាំង​ទាំងអស់ បើកផ្លូវ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ប្រគល់​នូវ​តំណែង​ក្រុមប្រឹក្សាឃុំ-សង្កាត់​មក​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង បោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើងវិញ ដោយមាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោយ​មានការ​ត្រូតពិនិត្យ​ពី​អន្តរជាតិ។

ក្រៅពី​ទាមទារ​ទាំងនេះ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ក៏បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ធ្វើការ​គាបសង្កត់​មកលើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ឲ្យ​ត្រឡប់​មករក​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ជាមួយគ្នានេះ ក៏មានដែរ​ការទាមទា​រ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ដែល​ពួកគេ​ចោទថា ពុករលួយ និង​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផងដែរ។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការធ្វើ​បាតុកម្ម​នេះ​ថា ជាការ​ប្រើ​ដៃ​របស់​អ្នកដទៃ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លួន​ពី​សំណាក់​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​អ្នកនាំពាក្យ​រូបនេះ​អះអាងថា តែងតែ​ញុះញង់ និង បោក​បញ្ឆោត​អ្នកដទៃ​ឲ្យ​ចូលរួម​ធ្វើបាតុកម្មផ្សេងៗ តែ​ពេល​ដល់​ថ្ងៃ​ធ្វើបាតុកម្ម​មិនដែល​ឃើញ​មុខ​លោក​សម រង្សី​ទាល់តែសោះ ។ សម្រាប់​លោក​សុខ ឥសាន នេះ គឺជា​វិធី​បោកប្រាស់ និង​ប្រើ​បាតដៃ​អ្នកដទៃ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លួនឯង។ លោក​ថា នៅពេល​មាន​ផលវិបាក​គឺ​អ្នកដទៃ​ទទួល តែបើ​មាន​ផលចំណេញ​គឺ​លោក​សម រង្សី​ទេ​ដែលជា​អ្នកទទួល​នោះ។

សូមបញ្ជាក់ថា ការធ្វើ​បាតុកម្ម​ជាថ្មី​របស់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​នាពេលនេះ ធ្វើឡើង​មួយថ្ងៃ​មុន​ក្រុមការងារ​អតីត​បក្ស​ប្រឆាំងនឹង​រៀប​កិច្ចប្រជុំ​សាធារណៈ ដើម្បី​ស្វែងយល់​ពី​ការវិវត្តន៍​នៃ​ស្ថាន​ការ​នយោបាយ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា។ កិច្ចប្រជុំ​សាធារណៈ​នេះ រៀបចំឡើង​នៅ​ថ្ងៃទី២០ ខែមករា​នេះ ក្រោម​វត្តមាន​លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ