អានតួអត្ថបទ
កម្ពជា

អតីត​​បក្ស​ប្រឆាំង​​គ្រោង​​ធ្វើ​បាតុកម្ម​​មិន​​ទទួល​ស្គាល់​​រដ្ឋាភិបាល​​ថ្មី ​និង​​ជំរុញ​​ឲ្យ​​ចិន​​ដក​ខ្លួន​​ចេញ​ពី​​រដ្ឋ​អំណាច​​ខ្មែរ​

ក្រុមតំណាងរាស្ត្រ និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀបចំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅក្រៅ​ប្រទេស ដើម្បី​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត​ដែល​ពួកគេ​ហៅ​ជា”ការបោះឆ្នោត​ក្លែងក្លាយ។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​ពី​លោក​អេង ឆៃអ៊ាង នៅក្នុង​វេទិកាសាធារណៈ​មួយ​ក្នុង​ក្រុង​Lowell សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សៅរ៍។ ព្រម​ជាមួយគ្នានេះ ពួកគេ​ក៏​នឹងធ្វើ​ការទាមទារ​ឲ្យ​ចិន​ដកខ្លួន​ចេញពី​ការគាំទ្រ​រដ្ឋអំណាច​ខ្មែរ​បច្ចុប្បន្ន​ផងដែរ។

លោក​អេង ឆៃអ៊ាង ​ពេល​ជួប​ជាមួយ​អ្នក​គាំទ្រ​នា​ពេល​កន្លង​មក​
លោក​អេង ឆៃអ៊ាង ​ពេល​ជួប​ជាមួយ​អ្នក​គាំទ្រ​នា​ពេល​កន្លង​មក​ @Eng Chai Eang
ផ្សាយពាណិជ្ជកម្ម

អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​អេង ឆៃអ៊ាង បាន​អះអាង​ឲ្យ​ដឹងថា នៅពេលនេះ អន្តរជាតិ​កំពុងតែ​ដាក់​សំពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការបោះឆ្នោត​ដែល​គ្មាន​វត្តមាន​អតីត​បក្សប្រឆាំង​ចូលរួម។ ដូច្នេះហើយ លោក​ថា ដើម្បី​ឲ្យ​ការដាក់​សំពាធ​នេះ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ គឺ​ក្រុម​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​នៅ​ស្ងៀម​នោះទេ ពោល គឺត្រូវធ្វើ​សកម្មភាព​បន្ថែមទៀត។ សកម្មភាព​ដែល​លោក​អេង ឆៃអ៊ាង ចង់​សំដៅ​ដល់​នោះ គឺ​ការធ្វើ​បាតុកម្ម​នៅក្រៅ​ប្រទេស​ដើម្បី​ប្រឆាំង​មិន​ទទួលស្គាល់​នូវ​រដ្ឋាភិបាល​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​ថ្ងៃ២៩កក្កដា។

គួរ​ជំរាបជូន​ថា តាម​គម្រោង ក្រុម​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ជាប់ឆ្នោត​ទាំងអស់ នឹងត្រូវ​ចូលប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី១៩ កញ្ញា ហើយ​ពួកគេ​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ព្រះបរមរាជវាំង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែម្តង។ ចំណែក​រដ្ឋាភិបាល​ថ្មី​វិញ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី២០ ខែកញ្ញា។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ចំពោះ​រឿងនេះ លោក​អេង ឆៃអ៊ាង​បាន​អះអាងថា ការធ្វើ​បាតុកម្ម​នឹងត្រូវ​ធ្វើឡើង​នៅមុន​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ។ ជាមួយនឹង​គម្រោង​បាតុកម្ម​នេះ ក្រុម​សមាជិក​អតីត​បក្សប្រឆាំង​ក៏បាន​គ្រោង​នឹងធ្វើ​ញា​ត្តិ​ដាក់​ទៅ​រដ្ឋាភិបាល​បរទេស​ក្នុងប្រទេស​ដែល​ខ្លួន​កំពុង​រស់នៅ​ដើម្បី​ស្នើ​កុំ​ឲ្យ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ផងដែរ។

ក្រៅពី​គម្រោង​ធ្វើបាតុកម្ម​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ ក្រុមតំណាងរាស្ត្រ និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​នឹង​តវ៉ា​ទាមទារ​ឲ្យ​មហា​យក្ស​ចិន​ឈប់​គាំទ្រ និង​ដកខ្លួន​ចេញពី​រដ្ឋអំណាច​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ។ ពួកគេ​បារម្ភ​ថា បើ​ចិន​នៅតែ​ភ្ជាប់​ខ្លួន​ជាមួយ​រដ្ឋអំណាច​ខ្មែរ នោះ​ចិន​អាច​នឹង​នាំ​ឲ្យ​មាន​របប​វាលពិឃាត​ឡើងវិញ ប៉ុន្តែ​ពួកគេ​ក៏​អះអាង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​នឹងធ្វើ​សកម្ម​ភាពមិន​ឲ្យ​មាន​ហេតុការណ៍​នោះ​កើតឡើង​បានឡើយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អេង ឆៃអ៊ាង​ដដែល។

សូមបញ្ជាក់ថា ខណៈដែល​ប្រទេស​លោក​សេរី​មួយចំនួន​សម្តែង​ការខកចិត្ត​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ប្រទេស​ចិន​ឯណោះ​វិញ​បានប្រកាស​គាំទ្រ​ការបោះឆ្នោត​នេះ ដោយ​ថែមទាំង​ប្រាប់​ទៅ​ប្រទេស​ដទៃ​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នៅក្រោយ​ការបោះឆ្នោត​ថែមទៀត។ ការមើលឃើញ​របស់​ចិន​លើ​ការបោះឆ្នោត​ក៏​មិន​ខុសពី​រដ្ឋាភិបាល​កម្ពុជា​ដែរ គឺ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ពលរដ្ឋ​ជាច្រើន​បាន​ទៅ​បោះឆ្នោត។ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ចាត់ទុកថា ជន​ណា​មិន​ទទួលស្គាល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា គឺជា​ការរំលោភ​យ៉ាង​អគតិ​ចំពោះ​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ការរំលោភ​ល​ទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា​ផងដែរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ