អានតួអត្ថបទ
កម្ពុជា

អតីត​​បក្ស​ប្រឆាំ​ង​បើក​​យុទ្ធនាការ​​នៅ​ក្រៅ​​ប្រទេស​​ប្រមែ​ប្រមូល​​ការ​គាំទ្រ​​ការ​វិល​​ចូល​​ស្រុក​​របស់​លោក​​សម រង្ស៊ី​

នៅពេលនេះ លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​អូស្ត្រាលី ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង អ្នកនយោបាយ​អូស្ត្រាលី​ខ្លះ​ក្នុង​បំណង​ស្វែងរក​ការគាំទ្រ​លើ​ការវិលត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា។ ក្រៅពី​អូស្ត្រាលី​នេះ ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​ក៏បាន​ទៅកាន់​ប្រទេស​នូ​វែ​ល​សេ​ឡង់​ផងដែរ​ក្នុង​គោលបំណង​ដូចគ្នានេះ។ បើតាម​អតីត​បក្សប្រឆាំង បន្ថែម​ពីលើ​ប្រទេស​ទាំងពីរ​នេះ ពួកគេ​ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ផងដែរ។

អតីតបក្សប្រឆាំងបើកយុទ្ធនាការនៅក្រៅប្រទេសប្រមែប្រមូលការគាំទ្រការវិលចូលស្រុករបស់លោកសម រង្ស៊ី
អតីតបក្សប្រឆាំងបើកយុទ្ធនាការនៅក្រៅប្រទេសប្រមែប្រមូលការគាំទ្រការវិលចូលស្រុករបស់លោកសម រង្ស៊ី @facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រកាស​ជាក់លាក់​ពីថ្ងៃ​វិល​ចូល​ស្រុក​វិញ ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​បានដាក់​គោលដៅ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចំនួន​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ទាំង​នៅ​អាស៊ី អឺរ៉ុប ឫ​អាមេរិក​ជាដើម។ ដំបូង​បំផុត​បន្ទាប់ពី​ការប្រកាស​នេះ លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះ ជាតិ​បាន​ទៅកាន់​ប្រទេស​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់។ នៅ​ទីនោះ ពួកគេ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង អ្នកនយោបាយ​ខ្លះ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​បញ្ជាក់​លម្អិត​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ និង​ស្វែងរក​ការគាំទ្រ និង ដឹងឮ​ចំពោះ​ការវិល​ចូល​ស្រុក​វិញ​នេះ។ ក្រៅពី​ប្រទេស​ទាំងពីរ​នេះ អតីត​បក្សប្រឆាំង​ក៏បាន​បញ្ជូន​លោកស្រី​មួរ សុខ​ហូរ អនុប្រធាន​បក្ស​នេះ​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​គៀងគរ​ការគាំទ្រ​ផងដែរ។

បើទោះបី​នៅពេលនេះ លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​ដទៃទៀត​មិនទាន់​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​ក៏ដោយ ប៉ុន្តែ លោក​អេង ឆៃអ៊ាង ដែលជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ទាំងនេះ​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពួកគេ​ក្នុង​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ។ចំណែក អ្នកនយោបាយ​ខ្លះ​នៃ​ប្រទេស​ទាំងនោះ ក៏បាន​គាំទ្រ​ដល់​ដំណើរ​មាតុ​និវត្តន៍​របស់​ពួកគេ​នេះ​ផងដែរ។

ប៉ុន្តែ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ជឿថា ប្រទេស​ទាំងនោះ​គាំទ្រ​ដល់​ការវិល​ត្រឡប់មកវិញ​របស់​ក្រុម​លោក​សម រង្ស៊ី​ឡើយ ព្រោះ​មិនមាន​ហេតុផល​អ្វីដែល​តម្រូវឱ្យ​ពួកគេ​ធ្វើការ​គាំទ្រ​នោះទេ។ ជាមួយគ្នានេះ លោក​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា យុទ្ធនាការ​ប្រមែប្រមូល​ការគាំទ្រ​នេះ គឺ​គ្រាន់តែ​ជា​នយោបាយ​ទាល់ច្រក​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រៅពី​ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង ជប៉ុន ថ្នាក់ដឹកនាំ​អតីត​ប្រឆាំង​ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​នៅក្នុង​តំបន់​អឺរ៉ុប។ រីឯ​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខនេះ ពួកគេ​នឹង​ទៅ​ជួបជុំគ្នា​ជាថ្មី​ម្តងទៀត​នៅ​សហរដ្ឋអាមេរិក​ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង​របស់លោក​អេង ឆៃអ៊ាង។

តាម​គម្រោង លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​ខាងមុខនេះ។ ប៉ុន្តែ​មជ្ឈដ្ឋាន​ខ្លះ​នៅតែ​មិន​ជឿថា លោក​សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​ដូច​ការ​កំណត់ទុក​នោះឡើយ។ បើទោះជា​បែបនេះ​ក្តី រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួចរាល់​ហើយ ដើម្បី​ចាំ​ចាប់ខ្លួន​លោក​សម រង្ស៊ី ដាក់ពន្ធនាគារ​តាម​ដីកា​របស់​តុលាការ នៅពេលណា​ដែល​លោក​សម រង្ស៊ី មកដល់​ប្រទេស​កម្ពុជា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ