អានតួអត្ថបទ
កម្ពជា

ទូតធំៗ​នៅ​​កម្ពុជា​​ជួបជុំ​គ្នា​​ប្រារព្ធ​​រំលឹក​​ខួប​១០០​ឆ្នាំ​​នៃ​​ការ​បញ្ចប់​​សង្គ្រាម​លោក​លើក​ទី១​

ស្ថានទូត​បរទេសធំៗនៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប១០០ឆ្នាំ​នៃ​ទិវា​រំលឹក​សន្តិភាព​នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី១ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ។ តាម​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ការ​ប្រារព្ធ​ខួប១០០ឆ្នាំនេះ គឺ​ដើម្បី​ចងចាំ និង​គោរព​ដល់​បណ្តា​កងទ័ព​ទាំងឡាយ​បាន​ស្លាប់​បង់ជីវិត​នៅក្នុង​សង្គ្រាមលោកលើកទី១។

Rue des Archives fin de la Grande Guerre -  11 novembre 1918
Rue des Archives fin de la Grande Guerre - 11 novembre 1918 Tallandier
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨-ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺជា​រយៈពេល១០០ឆ្នាំ​គត់​នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី។ នៅ​កម្ពុជា ស្ថានទូត​ប្រទេសធំៗដូចជា បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស អាមេរិក អូស្ត្រាលី និង​ស្ថានទូត​ជប៉ុន​ជាដើម បានរៀបចំ​ប្រារព្ធ​ខួប១០០ឆ្នាំនេះ។ ពិធី​ប្រារព្ធ​ខួប​នេះ ធ្វើឡើង​ជាការ​រំលឹក​ការចងចាំ និង​ជាការ​គោរព​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ដែល​បាន​ពលី​ជីវិត​នៅក្នុងពេល​បំពេញ​កាតព្វកិច្ច​ក្នុងអំឡុង​សង្គ្រាមលោកលើកទី១ និង​ដើម្បី​សម្គាល់​នូវ​សន្តិភាព​នៃ​ការបញ្ចប់​នូវ​សង្គ្រាមលោកលើកទី១។

គួរ​រំលឹក​ឡើងវិញ​ថា សង្គ្រាមលោកលើកទី១ បានចាប់ផ្តើម​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ១៩១៤។ វា​បាន​ផ្ទុះឡើង​ដោយ​កើតចេញពី​ការ​លប​ធ្វើឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែ​រ​ឌី​ណង់ ដែលជា​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុង​គ្រី នៅ​ទីក្រុង​សា​រ៉ា​យេ​វ៉ូ នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤។ អូទ្រីស​ហុង​គ្រី និង​ប្រទេស​ជាច្រើន​ផ្សេងទៀត បាននាំគ្នា​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ប្រទេស​ស៊ែរ​ប៊ី ហើយ​អូទ្រីស​ហុង​គ្រី ដែល​កំពុង​តែមាន​ជម្លោះ​ជាមួយ​ស៊ែរ​ប៊ី​ស្រាប់ ក៏​ចង់​ឆ្លៀត​យក​ហេតុការណ៍​នេះ​មក​ធ្វើជា​លេស ដើម្បី​កម្ចាត់​ស៊ែរ​ប៊ី ដែល​គូប្រជែង និង​ឈានទៅ​លុបបំបាត់​ជា​ស្ថាពរ​នូវ​បញ្ហា​ជាតិនិយម​នៅ​បូ​ស្នី។

នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ដោយមាន​ការគាំទ្រ​ពី​អាល្លឺម៉ង់​ដែលជា​សម្ព័ន្ធមិត្ត អូទ្រីស​ហុង​គ្រី ក៏បាន​ប្រកាសសង្គ្រាម​លើ​ប្រទេស​ស៊ែរ​ប៊ី។ ឃើញ​ដូច្នេះ រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ជាមួយ​ស៊ែ​ប៊ី​ក៏​ត្រៀម​កងទ័ព​ជួយ​ដល់​ស៊ែ​ប៊ី។ អាល្លឺម៉ង់​ឃើញ​ដូចនេះ ក៏បាន​ប្រមូល​ទ័ព​និង​បានប្រកាស​សង្គ្រាម​លើ​រុស្ស៊ី នៅ​ថ្ងៃទី១ ខែសីហា ឆ្នាំ១៩១៤តែម្តង។ មិនតែប៉ុណ្ណោះ នៅ​ថ្ងៃទី៣ សីហា អាល្លឺម៉ង់​ក៏បាន​ប្រកាសសង្គ្រាម​លើ​បារាំង ដោយសារ​បារាំង​មិន​ព្រមស្តាប់​ខ្លួន​ដែល​ប្រាប់​ឲ្យ​ប្រកាស​ជំហរ​អ​ព្យា​ក្រឹត្យ។ ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក អង់គ្លេស ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​បារាំង ក៏បាន​ប្រកាសសង្គ្រាម​លើ​អាល្លឺម៉ង់​វិញ​ដែរ។ ជប៉ុន​វិញ ដែល​ជាប់​ក្នុង​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​ជាមួយ​អង់គ្លេស ក៏បាន​ប្រកាសសង្គ្រាម​លើ​អាល្លឺម៉ង់ និង​អូទ្រីស​ហុង​គ្រី នៅ​ថ្ងៃទី២៣ និង២៥ ខែសីហា។

សង្គ្រាមលោក​លោក​ទី១នេះ​បានអូសបន្លាយ​រយៈពេល៣ឆ្នាំ​ដោយ​គ្មាន​អ្នកឈ្នះ​អ្នកចាញ់។ ប៉ុន្តែ​ស្ថានភាព​សង្គ្រាម​នេះ បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅក្នុង​ឆ្នាំ១៩១៧ គឺ​ពេលដែល​សហរដ្ឋអាមេរិក​បាន​ចូលខ្លួន​អន្តរាគមន៍​ក្នុង​សង្គ្រាម​នេះ។ ដោយសារ​មាន​កម្លាំង​ប្រយុទ្ធ​ថ្មី នៅ​ខែសីហា ឆ្នាំ១៩១៨ កងទ័ព​បារាំង អង់គ្លេស និង សម្ព័ន្ធមិត្ត​ក៏បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​វាយ​រុញច្រាន​កងទ័ព​អាល្លឺម៉ង់​ឲ្យ​ដកថយ​ចេញពី​ប្រទេស​បារាំង។ នៅ​ទីបំផុត អាល្លឺម៉ង់​បាន​សុខចិត្ត​ចរចា​សុំ​ចុះចាញ់​នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ មុននឹង​ឈានទៅ​ចុះសន្ធិសញ្ញា​សន្តិភាព​នៅ​ទីក្រុង Versailles (ប្រទេស​បារាំង) ដើម្បី​បញ្ចប់​សង្គ្រាមលោកលើកទី១ជា​ផ្លូវការ នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ