អានតួអត្ថបទ
កម្ពជា

មន្ត្រី​​ក្រសួង​បរិស្ថាន​៖​សំណាក​​ឈាម​​អ្នក​ពុល​​នៅ​ខេត្ត​ក្រចេះ​​រក​ឃើញ​​មាន​​សារធាតុ​​មេ​តា​ណុល​

មន្ត្រី​ក្រសួងបរិស្ថាន​បាន​អះអាង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ទីរពិសោធន៍​សិង្ហ​បុរី​បាន​រកឃើញ​មាន​សារធាតុ​មេ​តា​ណុល​នៅក្នុង​សំណាក​ឈាម​អ្នកស្លាប់​មួយចំនួន​ដោយសារតែ​ការពុល​នៅក្នុង​ខេត្តក្រចេះ។ លទ្ធផល​ចុងក្រោយ​នេះ អាចជា​ការបញ្ចប់​នូវ​ការយល់ឃើញ​ខុសគ្នា​ជុំវិញ​មូលហេតុ​នៃ​ការពុល​ពលរដ្ឋ​នៅក្នុង​ខេត្តក្រចេះ កាលពីពេល​កន្លងទៅនេះ។

រូបភាព​តំណាង៖ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក
រូបភាព​តំណាង៖ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក @ ទាញចេញពីហ្វេសបុក វ៉ាន់ សារ៉ាយ
ផ្សាយពាណិជ្ជកម្ម

លោក​ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា លទ្ធផល​ចុងក្រោយ​នៃ​ការយក​សំណាក​ឈាម​អ្នកពុល​ស្លាប់​នៅ​ខេត្តក្រចេះ​ទៅពិនិត្យ​នៅក្នុង​ប្រទេស​សិ​ង្ហ​បុរី គឺ​បាន​រកឃើញថា មាន​សារធាតុ​មេ​តា​ណុល នៅក្នុង​សំណាក​ឈាម​ជនរងគ្រោះ​មួយចំនួន។ ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងបរិស្ថាន​រូបនេះ គឺធ្វើឡើង​នៅក្រៅ​ពិធី​សិក្ខាសាលា​បណ្ដុះ​បណ្ដា​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង​យុវជន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី២៤ ខែឧសភា​នេះ។

លោក​ទិន ពន្លក មិនបាន​បកស្រាយ​លម្អិត​ឲ្យ​ច្បាស់លាស់​ទេ ជុំវិញ​លទ្ធផល​ចុងក្រោយ​នេះ ដោយ​លោក​គ្រាន់តែ​អះអាងថា នៅពេលនេះ​ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ​និង​ថាមពល​កំពុង​រៀបចំរ​បាយ​ការណ៍​ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​ផ្អែកទៅលើ​លទ្ធផល​នៃ​ការវិភាគ។

លទ្ធផល​ចុងក្រោយ​នេះ ទំនង​នឹង​អាច​បញ្ចប់​នូវ​ការខ្វែងគំនិត​គ្នា រវាង​ក្រសួង​ពាក់ព័ន្ធ​នានា​ជុំវិញ​មូលហេតុ​នៃ​ការពុល​មនុស្ស​ស្លាប់​នៅក្នុង​ខេត្តក្រចេះ កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ។ ដំបូង​ឡើយ ក្រសួងសុខាភិបាល​រក​ឃើញថា ករណីនេះ គឺ​បណ្តាលមកពី​ការពុល​ស្រា និង​មួយចំនួនទៀត​សង្ស័យថា​ពុល​ទឹក​ព្រែក ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ​ក្រោយមក​លោក ចម ប្រសិទ្ធ ដែលជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញមក​អះអាងថា ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ​នេះ គឺ​បណ្តាលមកពី​សារធាតុ​ស្យា​នី​ត ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​រ៉ែ​មាស​ទៅវិញ។ តែ​មូលហេតុ​របស់លោក​ចម ប្រសិទ្ធ​នេះ ត្រូវបាន​លោក​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ទាត់ចោល។ សម្រាប់​លោក​ស៊ុយ សែម​វិញ ករណី​ពុល​នេះ គឺ​បណ្តាលមកពី​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ និង​ករណី​មួយចំនួនទៀត គឺ​បណ្តាលមកពី​ពុល​ស្រា ។

ទោះបី​ក្រសួង​ទាំងនេះ​ខ្វែងគំនិត​គ្នា​មែន ប៉ុន្តែ​មន្ត្រី​ក្រសួងបរិស្ថាន​លោក​ទិន ពន្លក បាន​អះអាងថា នៅពេល​រកឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ការពុល​នេះហើយ ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ គឺ​ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល នឹង​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ចាត់វិធានការ​ដែលមាន​ប្រសិទ្ធភាព​ឆ្លើយតប​នឹង​បញ្ហា​នេះ។

សូមបញ្ជាក់ថា កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅនេះ មាន​ករណី​ពុល​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​អ្នកភូមិ​ជាច្រើន មាន​រោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើម។ ករណី​ពុល​នេះ បានសម្លាប់​ប្រជាពលរដ្ឋ​ចំនួន១៣នាក់ និង​ជិត២០០នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ