អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​មក​នៅ​​ត្រឹម ​៦,៥% ​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​​បញ្ហា ​EBA​

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ទុក​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ​សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​កំណើន​បាន​ក្នុង​រង្វង់​៧,១​%​។ ​ប៉ុន្តែ ​នៅ​ក្នុង​ឆ្នាំ ​២០២០​ កំណើន​នេះ​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៦,៥​%​ វិញ​ ដោយសារ​តែ ​ដំណើរការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​។ ​ដំណើរ​ការ​ដក​ EBA​ ដែល​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា អាច​នឹង​ដាក់​សម្ពាធ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ទប់​ទល់​ដែរ ​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​កញ្ចប់​ថវិកា​បម្រុង​សម្រាប់​ដោះស្រាយ​បន្ទាន់​។

រដ្ឋាភិបាល​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​មក​នៅ​​ត្រឹម ​៦,៥% ​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​​បញ្ហា ​EBA​
រដ្ឋាភិបាល​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​មក​នៅ​​ត្រឹម ​៦,៥% ​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​​បញ្ហា ​EBA​ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ នឹង​ផ្ដល់​ផល​ប៉ះពាល់​មក​លើ​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា ​បាន​ព្យាករ​ថា ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា ​នឹង​ថមថយ​កំណើន​មក​ត្រឹម​៦,៥%​ ដោយសារ​តែ​ការ​រំពឹង​ទុក​ផលប៉ះពាល់​នៃ​លទ្ធភាព​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​ ដែល​អាច​នឹង​ដាក់​សម្ពាធ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា ​ជា​ពិសេស​លើ​ផលិតផល​កាត់ដេរ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ នេះ​បើ​តាម​សារាចរណ៍​ណែនាំ​ស្តីពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ថវិកា​ឆ្នាំ ​២០២០​-២០២២​ របស់​រដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មេសា​កន្លង​ទៅ​។

បើ​តាម​រដ្ឋាភិបាល​កម្ពុជា ​កំណើន​ព្យាករណ៍​ធ្លាក់​ចុះ​៦,៥​%​នេះ ​ត្រូវ​បាន​គាំទ្រ​ដោយ​កំណើន​នៃ​វិស័យ​កសិកម្ម​ប្រមាណ​ ១,៧​% ​និង​ កំណើន​វិស័យ​ឧស្សាហកម្ម​ប្រមាណ​៨,៩​% ​ខណៈ​វិស័យ​កាត់ដេរ​ត្រូវ​បាន​ព្យាករ​ថា ​នឹង​មាន​កំណើន​ទាប​ប្រមាណ​៣,៥​% ​និង​វិស័យ​សំណង់​អាច​សម្រេច​បាន​ប្រមាណ​១៦,១​% ​ព្រម​ទាំង​កំណើន​វិស័យ​សេវាកម្ម​អាច​នឹង​សម្រេច​បាន​៦,៤%​នៅ​ក្នុង​ឆ្នាំ​២០២០​។ ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា ​ផល​ប៉ះពាល់​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​នេះ ​ក៏​នឹង​ធ្វើ​ឱ្យ​មាន​ការ​ថយចុះ​នៃ​ឱនភាព​សមតុល្យ​ពាណិជ្ជកម្ម​ដែរ ​ដោយសារ​តែ​ការ​ថមថយ​នៃ​ការ​នាំចូល​វត្ថុធាតុ​ដើម​កាត់ដេរ ​ស្រប​នឹង​កំណើន​ទាប​នៃកា​រនាំចេញ​ផលិតផល​កាត់ដេរ​។

ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ ក៏​មិន​ខុស​គ្នា​នឹង​របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​រប​ស់ធនាគារ​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​កន្លងទៅ​ដែរ​។ ធនាគារ​ពិភពលោក​បាន​លើកឡើង​ថា​ ប្រសិន​បើ​កម្ពុជា​​បាត់​បង់​ភាព​អនុគ្រោះ​នាំ​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះវា​អាចនឹង​បន្ថយ​ល្បឿន​នៃ​ការ​នាំ​ចេញ​ពី​កម្ពុជា​។ ធនាគារ​ពិភពលោក​ក៏​បាន​ចង្អុល​បង្ហាញ​ថា ​កម្ពុជា​នឹង​ខាតបង់​ចំណូល​ជាង​៦០០​លាន​ដុល្លារ​អាមេរិក ​ក្នុងនោះ ​វិស័យ​វាយណ​ភ័ណ្ឌ​​ជិត​៤០០​លាន​ដុល្លារ ​ ​រោងចក្រ​ផលិត​ស្បែក​ជើង​​ជិត​១៣០​លាន​ដុល្លារ​ និង​ពី​ការ​នាំ​ចេញ​អង្ករ​ជាង​១៤០លាន​ដុល្លារ ​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​EBA​ពី​កម្ពុជា​។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ ​រដ្ឋាភិបាល​កម្ពុជា ​និង ​សហភាព​អឺរ៉ុប​ក៏​កំពុង​តែ​បន្ត​ជជែក​ពិភាក្សា​គ្នា​។ ​ប៉ុន្តែ​ឆ្លៀតពេល​នេះ ​កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​ផងដែរ ​ប្រសិន​បើ​របូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ នោះ​។ ​ការ​ត្រៀម​លក្ខណៈ​សំខាន់​បំផុត​មួយ​របស់​រដ្ឋាភិបាល ​គឺ​ការ​គិតគូរ​ឱ្យ​មាន​កញ្ចប់​ថវិកា​ត្រៀម​បម្រុង​សម្រាប់​ដោះស្រាយ​បន្ទាន់​ និង​ចាំបាច់​ភ្លាមៗ​។ ​នេះ​បើ​តាម​ការ​លើកឡើង​នៅក្នុង​សារាចរណ៍​ណែនាំ​ស្តីពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ថវិកា ​ឆ្នាំ ​២០២០​-២០២២​។ ​ក្រៅពីនេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​អះអាង​ថា ​នឹង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​បម្រើ​ការ​នាំ​ចេញ​របស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ