rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សម រង្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នក​គាំទ្រ​​អតីត​​CNRP​នៅ​​ជប៉ុ​ន​​គ្រោង​​ធ្វើ​បាតុកម្ម​​ទាម​ទារ​​ឱ្យ​​ជប៉ុន​​ជួយ​​ដឹងឮ​​ពី​​មាតុភូមិនិវត្តន៍​​របស់​​លោក​​សម រង្ស៊ី​

media
លោក​ សម រង្ស៊ី​ ​ @សហការី

ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​ជប៉ុន គ្រោង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១២ ខែសីហា​ខាងមុខនេះ ដើម្បី​ធ្វើការ​ទាមទារ​រដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​សម្របសម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី មក​កម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាច​អះអាងថា វា​មិនអាច​ទៅរួច​ទេ ព្រោះ​លោក​សម រង្ស៊ី គ្មាន​តួនាទី​អ្វីដែល​ត្រូវឱ្យ​ប្រទេស​ហត្ថលេខី​ទាំង​នោះមក​ឈឺឆ្អាល​ឡើយ។


បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នេះ គឺ​គ្រោង​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​ដែលជា​អ្នករៀបចំ​បាតុកម្ម​នេះ​បាន​គូសបញ្ជាក់ថា បាតុកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​សន្តិភាព​កម្ពុជា​ជួយសង្គ្រោះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ព្រមទាំង ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងនោះ​ជួយ​ដឹងឮ​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី និង ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដែល​នឹង​អមដំណើរ​នៃ​មាតុភូមិនិវត្តន៍​នេះ។

បន្ថែម​លើ​នេះ ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ក៏​នឹង​យក​ការធ្វើ​បាតុកម្ម​នេះ ដើម្បី​ប្រកាស​ជា​សាកល​ថា ពួកគេ​ប្រឆាំង​ដាច់ខាត​រាល់​អំពើហិង្សា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន មកលើ​ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ពលរដ្ឋ​ខ្មែរ​ដែល​នឹងធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​លោក​សម រង្ស៊ី និង មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​អះអាងថា ការចង់ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​ដឹងឮ​រឿង​លោក​សម រង្ស៊ី ចូល​ប្រទេស​វិញ​នេះ គឺ​មិនអាច​ទៅរួច​នោះទេ។ មិនអាច​ទៅរួច ព្រោះ​លោក​សម រង្ស៊ី គ្មាន​តួនាទី និង​តម្លៃ​អ្វីដែល​ត្រូវឱ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​នោះមក​ដឹងឮ និង ឈឺឆ្អាល​ឡើយ។ យ៉ាងណាក៏ដោយ លោក​ហៃ វណ្ណា ប្រធាន​គណៈកម្មកា​រចល​នា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នៅ​ជប៉ុន​នេះ នឹង​ជា​កាតាលីករ​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ប្រទេស​ជប៉ុន ក៏ដូចជា សហរដ្ឋអាមេរិក​និង​ប្រទេស​នៅ​អឺរ៉ុប​ដទៃទៀត​ដែលជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធ្វើការ​គាបសង្កត់​កាន់តែខ្លាំង​ឡើង​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការជំរុញឱ្យ​ស្ដារ​លទ្ធិ​ប្រជា​ធិ​ប​តេត​យ្យ​ឡើងវិញ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ប្រកាសថា កម្ពុជា​មិន​ឱនក្បាល​ចំពោះ​ការគាបសង្កត់​ណាមួយ​របស់​បរទេស​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថែមទាំង​ធ្លាប់​ប្រកាសថា នឹង​ចាប់ខ្លួន​លោក​សម រង្ស៊ី ដាក់ពន្ធនាគារ​ភ្លាម នៅពេលណា​ដែល​លោក​សម រង្ស៊ី មកដល់​ប្រទេស​កម្ពុជា៕