អានតួអត្ថបទ
កម្ពជា

តុលាការ​ក្រុង​ភ្នំពេញ​​នឹង​​បើក​សវនាការ​​រឿង​​ពន្យារ​​ការឃុំខ្លួន​​ឬ​​ឈប់​​ឃុំខ្លួន​​លោក​កឹម សុខា ​នៅ​​ថ្ងៃស្អែក​

នៅ​ព្រឹកស្អែក​នេះ លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ និង​លោក​សៀង សុខ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ចុះទៅ​បើកសវនាការ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សួរដេញដោល​និង​សម្រេច​ថា​តើ​ត្រូវ​ពន្យារ​ការឃុំខ្លួន​លោក​កឹម សុខា ឬក៏​បញ្ឈប់​ឃុំខ្លួន។ មេធាវី​លោក​កឹម សុខា លើកឡើងថា តុលាការ​គួរតែ​ឲ្យ​លោក​កឹម សុខា​នៅក្រៅ​ឃុំ ព្រោះថា​វា​មិន​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបសួរ​របស់​តុលាការ​ឡើយ។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

គិត​មកដល់ពេលនេះ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​រយៈពេល៦ខែ​ហើយ។ ៦ខែ​នេះ គឺជា​រយៈពេល​កំណត់​មួយ​នៃ​ការឃុំ​បណ្តោះអាសន្ន​នៅក្នុង​ដំណាក់​ការស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ។ ក៏ប៉ុន្តែ​ច្បាប់​ក៏​អាច​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​បន្ត​រយៈពេល៦ខែ​ទៀត​ដែរ ប្រសិនបើ​ចៅក្រម​ស៊ើបសួរ​យល់ថា ការស៊ើបអង្កេត​របស់​ខ្លួន​មិនទាន់​គ្រប់គ្រាន់​ហើយ​ត្រូវការ​ពេលវេលា​បន្ថែម​នោះ។ ដូច្នេះហើយ ទើប​ចៅក្រម​ស៊ើបសួរ​កាន់​សំណុំរឿង​លោក​កឹម សុខា គឺ​លោក​គី ឫទ្ធី និង​ព្រះរាជអាជ្ញារង​លោក​សៀង សុខ នឹង​ចុះទៅ​បើកសវនាការ​សម្រេច​លើ​បញ្ហា​នេះ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​តែម្តង។

លោក​មេធាវី​ផែង ហេង សហ​មេធាវី​ម្នាក់​របស់លោក​កឹម សុខា បាន​អះអាងថា បើទោះបី​ការពន្យារ​ការឃុំខ្លួន​ឬក៏​មិន​បន្ត​ឃុំខ្លួន ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​ក៏ដោយ ក៏ប៉ុន្តែ​ចៅក្រម​ត្រូវមាន​សំអាង​ហេតុ​ច្បាស់លាស់​និង​ត្រឹមត្រូវ​ដែរ​ក្នុងការ​សម្រេច​បែបណា​នោះ។ តាម​លោក​ផែង ហេង សវនាការ​សង្ខេប​នេះ ក៏​នឹងមាន​ចូលរួម​ពី​សំណាក់​មេធាវី​លោក​កឹម សុខា យ៉ាងហោចណាស់​ក៏៥នាក់​ដែរ ដើម្បី​តតាំង​ជាមួយនឹង​ចៅក្រម និង​ព្រះរាជអាជ្ញា។ យ៉ាងណា​ក៏ដោយចុះ លោក​មេធាវី​ផែង ហេង លើកឡើងថា តុលាការ​គួរតែ​ឲ្យ​លោក​កឹម សុខា នៅក្រៅ​ឃុំ ព្រោះថា​វា​មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរការ​ស៊ើបអង្កេត​ឡើយ ដោយសារតែ​លោក​កឹម សុខា នឹង​សហការ​ជាមួយ​តុលាការ​គ្រប់ពេល។

លោក​កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​កាលពី​ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ដោយ​ចោទ​ពីបទ​ក្បត់ជាតិ។ ក្រៅពី​ចុះទៅ​បើកសវនាការ​សង្ខេប​លើ​រឿង​ត្រូវ​បន្ថែម​រយៈពេល​ឃុំខ្លួន​ឬក៏​ឈប់​ឃុំខ្លួន​លោក​កឹម សុខា​នេះ ចៅក្រម​ស៊ើបសួរ​លោក​គី ឬ​ទ្ធី​ក៏​នឹង​បន្ត​សួរ​យក​ចម្លើយ​បន្ថែម​ពី​លោក​កឹម សុខា ផងដែរ។ សូមបញ្ជាក់ថា គិត​ទាំង​លើក​នេះ​ទៀត គឺជា​លើក​ទី៤ហើយ​ដែល​លោក​ចៅក្រម​គី ឬ​ទ្ធី បាន​ចុះទៅ​សួរ​លោក​កឹម សុខា​ដោយផ្ទាល់​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បន្ទាប់ពី​បាន​ចុះ​ទៅជា​បន្តបន្ទាប់​ចំនួន៣ដង​រួចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ