តុលាការក្រុងភ្នំពេញបដិសេធសំណើសុំទម្លាក់បទចោទលើលោកកឹម សុខា
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបដិសេធចោលសំណើសុំទម្លាក់បទចោទប្រកាន់លើលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ការបដិសេធនេះ ធ្វើឡើងក្រោយពីក្រុមមេធាវីរបស់លោកកឹម សុខា បានដាក់សំណើទៅកាន់តុលាការជាបន្តបន្ទាប់បីដងរួចមកហើយ ដើម្បីស្នើតុលាការទម្លាក់បទចោទ និងដោះលែងលោកកឹម សុខា ឲ្យមានសេរីភាពឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៩
លោកអ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកគី ឫទ្ធី ដែលកាន់សំណុំរឿងលោកកឹម សុខា បានបដិសេធសំណើសុំទម្លាប់បទចោទប្រកាន់មកលើលោកកឹម សុខារបស់ក្រុមមេធាវី។ ក្រុមមេធាវីលោកកឹម សុខា បានដាក់សំណើរសុំទម្លាក់ចោទប្រកាន់នេះទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបីដងរួចហើយនាពេលកន្លងមក។
សម្រាប់ក្រុមមេធាវីលោកកឹម សុខា តុលាការក្រុងភ្នំពេញគួរតែបញ្ចប់ការស៊ើបអង្កេតលើលោកកឹម សុខាហើយ ព្រោះដំណើរការស៊ើបអង្កេតនេះបានអូសបន្លាយជាងមួយឆ្នាំមកហើយៗម្យ៉ាងទៀត តុលាការនៅតែមិនទាន់រកឃើញភស្តតាងណាមួយ ដើម្បីដាក់បន្ទុកលើលោកកឹម សុខា នៅឡើយ។ ដូច្នេះហើយទើបពួកគេស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់មកលើប្រធានអតីតបក្សប្រឆាំង។ ប៉ុន្តែលោកអ៊ី រិន្ទ បានបញ្ជាក់ថា ការដែលតុលាការសម្រេចបដិសេធសំណើនេះ គឺតុលាការមានភាពចាំបាច់ក្នុងការបន្តដំណើរការស៊ើបអង្កេតលើលោកកឹម សុខា ដូចយ៉ាង ត្រូវសួរនាំលើសាក្សីបន្ថែមទៀត។
សាក្សីបន្ថែមនៅក្នុងសំណុំរឿងលោកកឹម សុខា ត្រូវបានតុលាការកំណត់រួចហើយ គឺលោកគង់ គាំ អតីតទីប្រឹក្សាអតីតគណបក្សសង្គោះជាតិ។ តុលាការបានតម្រូវឲ្យលោកគង់ គាំ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក។ លោកគង់ គាំ គឺជាសាក្សីចុងក្រោយបំផុតក្នុងចំណោមសាក្សីទាំងជាង១០នាក់ដែលត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់។ ប៉ុន្តែអ្នកខ្លះក៏បានចូលខ្លួន ឯមួយចំនួនទៀតមិនបានចូលខ្លួនតាមការកោះហៅឡើយ។
សូមរំលឹកឡើងវិញថា លោកកឹម សុខាត្រូវបានតុលាការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស។លោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១។ ប៉ុន្តែ តុលាការបានសម្រេចនាំខ្លួនលោកពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំមកឃុំនៅក្នុងគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ