អានតួអត្ថបទ
កម្ពុជា

មុន​​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​៩ធ្នូ​៖ស​ង្គម​ស៊ីវិល​ថា ​ការ​សម្អាត​អំពើ​ពុករលួយ​នៅ​កម្ពុជា​ធ្វើ​តែលើ​មន្រ្តី​តូច​តាច​

ថ្ងៃ​ទី០៩ ​ធ្នូ​ស្អែកនេះ ​គឺ​ជាទិវា​​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុករលួយ​។ ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​នេះ​ដែរ​ នៅ​ឆ្នាំ​២០១៩​នេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​ប្រារព្ធ​ទិវា​នេះ​ដែរ​ក្រោម​ប្រធាន​បទ​«រួមគ្នា​លើកស្ទួយ​ការ​ផ្តល់​សេវា​សាធារណៈ​ល្អ​»​។ ​ប៉ុន្តែ​មុន​ទិវា​នេះ​មក​ដល់​ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ​បាន​កត់​សម្គាល់​ថា ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ​ពោល ​គឺ​អនុវត្ត​បាន​​តែ​លើ​មន្រ្តី​តូចតាច​តែ​ប៉ុណ្ណោះ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោ​កអំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ(​LICADHO) ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួលស្គាល់​នូវ​ការ​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង ​និង ​បង្រ្កាប​បទល្មើស​ពុករលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ(ACU)​នា​ពេល​កន្លងមក​នេះ។​ ប៉ុន្តែលោក​ថា ​ការ​បង្រ្កាប​ទាំង​អំបាលម៉ាណ​មក​នេះ ​គឺ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​ទំហំ​នៃ​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្រ្តីរាជការ​ទាំង​ស៊ីវិល​ និង​ យោធា​នៅ​ឡើយ​ទេ​។

ចំណែក​ លោកស៊ឹង សែនករុណា ​ដែល​ជា​មន្រ្តី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​វិញ​ យល់ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ​របស់​អាជ្ញាធរ​កម្ពុជា​ហាក់​ដូចជា​ធ្វើ​ឡើង​មិន​មាន​លក្ខណៈ​ទូទៅ ​និង​ ទូលំ​ទូលាយ​នោះ​ឡើយ​ ពោល​ ​គឺ​ធ្វើឡើង​តាម​តែ​ពាក្យ​បណ្តឹង ​។ ​មិនតែ​ប៉ុណ្ណោះ ​លោក​ក៏គូស​បញ្ជាក់​ដែរ​ថា ​ការ​បង្រ្កាប​បទល្មើស​ពុករលួយ​នាពេល​កន្លង​មក​ គឺ​ធ្វើឡើង​តែ​ទៅ​លើ​មន្រ្តី​តូចតាច​តែប៉ុណ្ណោះ ​ឯ​មន្រ្តី​គ្រាក់​ៗក្នុង​ជួរ​រដ្ឋាភិបាល​វិញ​មិន​ត្រូវ​បាន​បង្រ្កាប​នោះ​ទេ។​

ជុំវិញ​ការ​លើកឡើង​របស់​មន្រ្តី​អង្គការ​សង្គមស៊ីវិល​ទាំងនេះ​ លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​។ ក៏ប៉ុន្តែ ​លោក​ផៃ ស៊ីផាន ​ដែល​ជាអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់ទុក​ការ​លើកឡើង​ទាំង​នេះថា​ ជា​ការ​អះអាង​មិន​សុចរិត​នឹង​វឌ្ឍនភាព​នៃ​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។​ លោកផៃ ស៊ីផាន ​បាន​លើក​បញ្ហានៅ​តុលាការ​មក​បញ្ជាក់​ថា ​ពី​មុន​សម្បូរទៅ​ដោយ​អំពើពុក​រលួយ ​ប៉ុន្តែ​ចាប់តាំង​ពី​អង្គភាពប្រឆាំងអំពើពុករលួយ​ត្រូវ​បាន​បង្កើត​មក​ បញ្ហា​អំពើ​ពុករលួយ​នេះ​ក៏​ត្រូវ​បាន​បង្រ្កាប​។

សម្រាប់​លោកផៃ ស៊ីផាន ​ស្ថានភាព​នៃ​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរឡើង​ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់​ផងដែរ​ថា ​វា​មិនទាន់​អស់​នៅ​ឡើយ​ទេ។​ បើតាម​លោក​ផៃ ស៊ីផាន ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បោសសម្អាត​អំពើពុករលួយ​នេះ​ដោយ​មាន​ទាំង​ការ​បង្រ្កាប ​និង ​ការ​បណ្តុះ​នូវ​វប្បធម៌​សុចរិត ​និង​តម្លាភាព​។ ​យ៉ាងណា​ក៏ដោយ​ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ខាង​លើ​ នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ប្រកាន់បក្ខ​ពួក​ រើសអើង ​និង​ មាន​តម្លាភាព​។ ​ជាមួយគ្នា​នេះ ​ពួកគេ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​ទៅលើ​មន្រ្តី​រូបណា​មិន​ថា ​តូច​ឫធំ ​និង ​ដោយ​មិន​ចាំបាច់​មាន​ពាក្យបណ្តឹង ​នៅ​ពេលណាមា​ន​ការសង្ស័យ​ពី​ការ​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ហួស​មិនសម​នឹង​ឋានៈ​តួនាទី​នៅក្នុង​ជួរ​រដ្ឋាភិបាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ