អានតួអត្ថបទ
កម្ពុជា

សាលាឧ​ទ្ធរណ៍​​សម្រេច​​ប​ន្ត​​ឃុំខ្លួន​​លោក​​កឹម សុខា​​ក្នុង​​ពន្ធនាគារ​​ដដែល​

ក្រោយពី​បើកសវនាការ​អសាធារណៈ​ពេញ​មួយ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សាលាឧទ្ធរណ៍​បាន​ត​ម្ត​ល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​នៅ​ដដែល ដោយ​បន្ត​ឃុំខ្លួន​លោក​កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​តទៅទៀត។ គិត​មកដល់ពេលនេះ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ឃុំខ្លួន​ជាង៩ខែ​មកហើយ ក្រោម​បទ​ចោទ​ក្បត់ជាតិ។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

ក៏ដូចពេលមុនៗដែរ ការសម្រេច​មិន​ដោះលែង​លោក​កឹម សុខា នៅពេលនេះ ធ្វើឡើង​ដោយ​សាលាឧទ្ធរណ៍​សំអាងថា សំណុំរឿង​លោក​កឹម សុខា ជា​សំណុំរឿង​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ហើយ​ថា​វា​ស្ថិតក្នុង​ដំណាក់​ស៊ើបអង្កេត។ ដូច្នេះហើយ​ការឃុំខ្លួន​លោក​កឹម សុខា គឺមាន​ភាពចាំបាច់ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ដំណើរការ​ស៊ើបអង្កេត។ ក៏ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​ការសម្រេច​នេះ។ ពួកគេ​ចង់​ឲ្យ​លោក​កឹម សុខា បាន​នៅក្រៅ​ឃុំ ដើម្បី​អាច​ទៅ​ព្យាបាល​ជំងឺ​នៅឯ​មន្ទីរពេទ្យ។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​ពី​លោក​ផែង ហេង ដែលជា​សហ​មេធាវី​ម្នាក់​របស់លោក​កឹម សុខា។

សូមបញ្ជាក់ថា គិត​មកដល់ពេលនេះ លោក​កឹម សុខា ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាង៩ខែ​មកហើយ ក្រោម​បទ​ចោទ​ក្បត់ជាតិ។ តាំងពី​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន​កាល​ដើមខែ​កញ្ញា ឆ្នាំ២០១៧មក លោក​កឹម សុខា តែងតែ​ជួប​បរាជ័យ​ក្នុងការ​ប្តឹង​សុំ​នៅក្រៅ​ឃុំ​ជានិច្ច។ ការប្តឹង​ទាមទារ​នៅក្រៅ​ឃុំ​ទាំងនេះ រាប់​តាំងពី​ការប្តឹង​ប្រឆាំងនឹង​ដីកាឃុំខ្លួន​លោក​កឹម សុខា​ភា្លមៗ ការប្តឹង​សុំ​នៅក្រៅ​ឃុំ​ជុំ​ទី១ និង ការប្តឹង​ប្រឆាំង​ការពន្យារ​ការឃុំខ្លួន​លោក​កឹម សុខា​រយៈពេល៦ខែ​ទៀត។ បណ្តឹង​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​តុលាការ​តាំងពី​ជាន់​ទាប​រហូតដល់​កំពូល ទាត់ចោល​ជា​បន្តបន្ទាប់។ ចំណែក​ការបដិសេធ​លើក​នេះ​វិញ គឺ​នៅក្នុង​ដំណើរការ​ប្តឹង​សុំ​នៅក្រៅ​ឃុំ​ជុំ​ទី២របស់លោក​កឹម សុខា។

ទាក់ទង​នឹង​សំណុំរឿង​លោក​កឹម សុខា​នេះដែរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​កោះហៅ​មនុស្ស៨នាក់​ផ្សេងទៀត​មក​សួរនាំ​ក្នុងនាម​ជា​សាក្សី។ សាក្សី​ទាំង៨រូបនោះ​រួមមាន ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន៤នាក់ គឺ​អ្នកស្រី​ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​មាស គឹម​សេង ប្រធាន​អង្គការ​ធាងត្នោត លោកប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ(CCIM), និង លោក​សៀ ភារ​ម្យ ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន។ ចៅក្រម​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង៨នាក់​នេះ ចូលខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​ចាប់​ថ្ងៃទី៥ មិថុនា​នេះ​តទៅ។

គួររំឭកថា កន្លងមក ចៅក្រម​ក៏​ធ្លាប់បាន​កោះហៅ​លោក​ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​លោក​ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​សួរនាំ​ក្នុង​សា​ក្ស៊ី​ផងដែរ ប៉ុន្តែ​មានតែ​លោក​ឈឹម ផល​វរុណ ប៉ុណ្ណោះ​ដែល​បាន​ចូលខ្លួន​ទៅកាន់​តុលាការ​តាម​ការកោះហៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ