rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ព្រៃឈើ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុម​​សកម្មជន​​ព្រៃឈើ​​យល់​ឃើញថា​ រដ្ឋាភិបាល​​មាន​​ឆន្ទៈ​​ស្ទាក់​ស្ទើរ​​ក្នុ​ងការ​​អភិរក្ស​​ព្រៃឈើ​​នៅ​​កម្ពុជា​

media
កង​កម្លាំង​កម្ពុជា​ចុះ​បង្ក្រា​ប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី​នា​ពេល​កន្លង​មក​។​ @FB

ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ​ជាង៤០នាក់​នៅ​ល្ងាច​ថ្ងៃទី៣០ ខែសីហា​ម្សិលមិញ​នេះ បានចេញ​អត្ថបទ​ទស្សនៈទាន​មួយ ចូលរួម​សម្ដែង​នូវ​កង្វល់​អំពី​រឿង​ព្រៃឈើ​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​ការចាត់វិធានការ​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ២០១។ នៅក្នុង​អត្ថបទ​ទស្សនៈទាន​នេះ ពួកគេ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ពី​ការបាត់បង់​ព្រៃឈើ។ លើសពីនេះទៅទៀត ពួកគេ​បានបញ្ជាក់ចំៗថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ឆន្ទៈ​ស្ទាក់ស្ទើរ​នៅឡើយ​ក្នុងការ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា។


មូលហេតុ​ដែល​ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ​ទាំងនេះ​អះអាងថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ឆន្ទៈ​ស្ទាក់ស្ទើរ​ក្នុងការ​អភិរក្ស​ព្រៃឈើ គឺ​ដោយសារតែ​ពួកគេ​មើលឃើញថា រដ្ឋាភិបាល​កម្ពុជា​មិនទាន់បាន​បិទ​រោងចក្រ​អារឈើ និង សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ទូ​ប្រទេស ពីព្រោះ​កម្ពុជា​មិនទាន់មាន​ចំការ​ឈើ​ដាំ​ណាមួយ​ដែល​អាចជួយ​ផ្គត់ផ្គង់​ឈើ​ជា​វត្ថុធាតុដើម​ជូន​រោងចក្រ​អារឈើ និង សិប្បកម្ម​កែច្នៃ​ឈើ​នៅឡើយ។ ដូច្នេះហើយ ចង់​ឬ​មិន​ចង់​រោងចក្រ​ទាំងអស់នេះ​បាន​យក​ឈើ​ដុះ​ដោយ​ធម្មជាតិ​មក​បម្រើ​តម្រូវការ​របស់​ពួកគេ​ដោយ​គេច​មិន​ផុត​ឡើយ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ​កម្ពុជា។

ម្យ៉ាងវិញទៀត ពួកគេ​ក៏បាន​អះអាង​ដែរ​ថា លិខិត​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ PC ឬ LP និង​អាជ្ញា​បណ្ណ​នាំ​ឈើ​ចេញ​មិនត្រូវ​បាន​បិទ​ទាំងស្រុង​ទេ តែ​រដ្ឋាភិបាល​នៅតែ​ទទូច​ផ្តល់ជូន​ឯកសារ​ដឹកជញ្ជូន​ទាំងនេះ​ដល់​ក្រុមហ៊ុន​រកស៊ី​ឈើ។ សម្រាប់​ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ​កម្ពុជា​នេះ គឺជា​ការសម្រួល​ដល់​ក្រុមហ៊ុន​រកឃើញ​ឈើ​ដែលជា​មូលហេតុ​នាំឱ្យមាន​ការរត់​ពន្ធ​ឈើ​ឆ្លងដែន​នៅតែ​បន្ត​កើតមាន។

ក្រៅពីនេះ ពួកគេ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ការបើក​រោង​ស្តុក​ឈើ​នៅតាម​តំបន់ តាម​រូបភាព​ច្រកចេញចូល​តែមួយ គឺ​មិន​ត្រឹមតែ​មិន​កាត់បន្ថយ​អាជីវកម្ម និង​រត់ពន្ធ​ឈើ​ឆ្លងដែន​នោះទេ តែ​ថែមទាំង​បំផុស​ជួយ​សម្រួល​មធ្យោបាយ​ដឹកជញ្ជូន និង​ជួយ​រត់​ការធានា​ឯកសារ​ផ្លូវច្បាប់​ដល់​ការដឹកជញ្ជូន និង​រត់ពន្ធ​ឈើជូន​ដល់​ក្រុមហ៊ុន​រកស៊ី​ឈើ និង បើកឱកាស​ឲ្យ​មានការ​សមគំនិត ឃុបឃិត និង​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ឈើ​ទាំងនោះ​ផងដែរ។ បើតាម​ពួកគេ នេះ​ពីព្រោះ​គោលបំណង​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឬ​សង្គមកិច្ច​ក្តី ឬ​គំរោង​ស្តារ​អភិវឌ្ឍន៍​ព្រៃឈើ ភាគច្រើន​សំឡឹងមើល​ឃើញតែ​ទឹកប្រាក់​ចំណេញ​ពី​ព្រៃឈើ​កម្ពុជា​តែប៉ុណ្ណោះ។

ជាការ​កត់សម្គាល់ ការលើកឡើង​របស់​ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ​ទាំងនេះ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កំពុង​ដុតដៃដុតជើង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នានា​នៅក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្តែង មួយរយៈ​ចុងក្រោយ​នេះ គណៈកម្មការ​នេះ បាន​ចាប់​ឃាត់ខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ​មួយចំនួន និង ដុត​កម្ទេច​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ថែម​ទៀតផង។

តែ​ទោះជា​បែប​ប​នេះ​ក្តី ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ បាន​គូសបញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល កម្ពុ​ជាមាន​ឆន្ទៈ​ចង់​ការពារ​ព្រៃឈើ​ពិតប្រាកដ​មែន​នោះ គឺ​ត្រូវតែ​បញ្ឈប់​អាជីវកម្ម​ឈើ​ចេញពី​ព្រៃ​ធម្មជាតិ បញ្ឈប់​ការចេញលិខិត​ដឹកជញ្ជូន​ឈើ PC និង LP ព្រមទាំង​បញ្ឈប់​ការចេញ​អាជ្ញា​បណ្ណ​នាំ​ឈើ​ចេញ ជាពិសេស ត្រូវ​បិទ​រោងចក្រ​អារឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​តែម្តង៕