អានតួអត្ថបទ
កម្ពជា

ក្រសួង​​ការបរទេស​​អាមេរិក​​រក​ឃើញ​​ការ​បំពាន​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ជា​ច្រើន​​នៅក្នុង​​ឆ្នាំ២០១៧​

ក្រសួងការបរទេស​អា​មេ​រិ​ក កាលពី​ថ្ងៃទី២០ មេសា បាន​បញ្ចេញ​របាយការណ៍​មួយ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ឆ្នាំ២០១៧ នៅក្នុង​ប្រទេស​ជិត២០០នៅ​ទូទាំង​ពិភពលោក។ ក្នុងនោះ ក៏មាន​របាយការណ៍​ស្តីពី​បញ្ហា​រំ​លាភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ សម្រាប់​កម្ពុជា ក្រសួងការបរទេស​អា​មេ​រិ​កបាន​រកឃើញ​ការ​រំ​លាភ​សិទ្ធិមនុស្ស​ដ៏​គួរ​ឲ្យ​សម្គាល់​ជាច្រើន​ដូចជា ការចាប់ខ្លួន​លោក​កឹម សុខា​ដោយ​បំពាន ការសម្លាប់​មនុស្ស​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ការបង្កើន​ការ​រឹតបន្តឹង​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​ជាដើម។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ២០១៧ដែលមាន​កម្រាស់៣៩ទំព័រ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​រកឃើញ​នូវ​បញ្ហា​បំពាន​សិទ្ធិមនុស្សសំខាន់ៗជាច្រើន​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​ទាំងនេះ មាន​ជាអាទិ៍ ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ការបន្ត​បំពាន​លើ​អ្នកទោស ការចាប់ខ្លួន​ដោយ​បំពាន​ដោយ​រដ្ឋាភិបាល​កម្ពុជា តួយ៉ាង​ករណី​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ការកើនឡើង​នៃ​ការ​រឹតបន្តឹង​លើ​សេរីភាព​បញ្ចេញមតិ និង​ការគំរាមកំហែង​ទៅលើ​បក្សប្រឆាំង ។

និយាយ​ពី​បញ្ហា​បក្សប្រឆាំង ក្រសួងការបរទេស​អា​មេ​រិ​កបាន​អះអាងថា រដ្ឋសភា​ខ្មែរ​បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ពីរដង​ក្នុង​ឆ្នាំ២០១៧កន្លងទៅ ដែល​វិសោធន​កម្មនេះ​មាន​គោលបំណង​សំដៅទៅ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ តាម​របាយការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក គឺ​ច្បាប់​វិសោធនកម្ម​នេះហើយ​ដែល​បើកផ្លូវ​ឲ្យ​តុលាការ​កំពូល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បែងចែក​កៅអី​អតីត​បក្សប្រឆាំង​ក្រោយ​រំលាយ និង​កាត់​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ​ទៅលើ​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ១១៨នាក់។

បន្ថែម​ពីលើ​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​លើកឡើង​ពី​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ផងដែរ ដែល​ហាមឃាត់​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដឹកនាំ​គណបក្សនយោបាយ។ តាម​ក្រសួង​ការ​បរ​ទស​អាមេរិក ការធ្វើ​វិសោធន​កម្មនេះ ត្រូវបាន​មើលឃើញ​ដោយ​ក្រុម​អ្នកសង្កេតការណ៍ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា មានបំណង​រារាំង​លោក​សម រង្ស៊ី មិន​ឲ្យ​មក​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ ខណៈ​លោក​សម រង្ស៊ី ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​ដូច​យ៉ាង​បទ​បរិហារកេរ្តិ៍​ជាដើម។

ក្រៅពី​បញ្ហា​រំ​លាភ​សិទ្ធិមនុស្ស​ក្នុង​ផ្នែក​នយោបាយ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​រកឃើញ​នូវ​បញ្ហា​សិទ្ធិមនុស្សសំខាន់ៗមួយចំនួនទៀត​ដែរ ដូច​ជាការ​រឹតបន្តឹង​លើ​ការប្រមូលផ្តុំ​និង​ការជួបជុំ ការប្រើប្រាស់​អំពើហិង្សា ការចាប់​ដាក់ពន្ធនាគា​រ ការគំរាមកំហែង​សង្គម​ស៊ីវិល។ បន្ថែម​លើ​នេះ ក៏មានដែរ​ការ​បើ​អំពី​ហិង្សា​លើ​ស្ត្រី អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ការបំពាន​លើ​កុមារ និង​ការបង្ខំ​ឲ្យ​ធ្វើ​ការងារ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ