rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ទេសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឆ្លងឆ្នាំ៖ តំបន់​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ​ត្រៀម​ខ្លួន​រួចរាល់ ​ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការឡើង​ថ្លៃ​ទំនិញ

media
រូបថតៈ ទិដ្ឋភាព​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​រាត្រី @Ministry of Tourism, Cambodia

រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​កំពង់សោម ដែល​ជា​តំបន់​ទេសចរណ៍​សំខាន់​ជាង​គេ​របស់​កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​ហើយ សម្រាប់​ចូល​រួម​អបអរ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​២០១៧​ឈានចូល​២០១៨ នៅ​ថ្ងៃ​ទី​៣១​ធ្នូ​ស្អែក​​។ ដូច​រៀង​រាល់​ឆ្នាំ​ដែរ ទន្ទឹម​នឹង​ការ​ត្រៀម​ខ្លួន​នេះ ​មាន​ក្ដីព្រួយ​បារម្ភ​ជុំវិញ​ការ​ឡើង​ថ្លៃ​ទំនិញ និង​ទីក​ន្លែង​ស្នាក់​នៅ។


អាជ្ញាធរ​រាជធានី​ភ្នំពេញ សៀមរាប កំពង់សោម គឺ​សុទ្ធ​តែ​បាន​អះអាង​ដូច​គ្នា​ថា លក្ខណៈ​ពិសេស​នៃ​ខេត្ត​របស់​ពួក​គេ នា​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​២០១៧​ចូល​ឆ្នាំ​២០១៨​រួម​មាន៖ ការ​ប្រគុំ​តន្រ្តី​ដោយ​មាន​ការ​ចូលរួម​ពី​តារា​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្រាប់​ការ​ប្រគុំ​តន្ត្រី​នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រមណីយ​ដ្ឋានវត្ត​ភ្នំ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​៧​ល្ងាច រហូត​ដល់​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៨។ នេះជា​ការ​ប្រគុំ​តន្រ្តី​ឆ្លង​ឆ្នាំ​មិន​ធ្លាប់​មាន​នៅ​រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ​បាន​រៀប​ចំ​នៅ​ទីកន្លែង​ប្រវត្តិ​សាស្ត្រ​វត្ត​ភ្នំ។ ក្រៅ​ពី​វត្ត​ភ្នំ ទីតាំង​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​រៀប​ចំ​ដែរ ការប្រគុំ​តន្រ្តី​របស់​ក្រុមហ៊ុន​ឯកជន។

រីឯ​ខេត្ត​កំពង់​សោម​វិញ ការ​ប្រគុំ​តន្ត្រី​នឹង​ប្រារព្ធ​ឡើង​នៅ​លើ​ឆ្នេរ​សមុទ្ទ​ឯករាជ្យ ជាមួយ​នឹង​ការ​ដាក់​ស្តង់​តាំង​ពិព័ណ៍ និង​ស្តង់​លក់​ទំនិញ។ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ពិធី​ឆ្លង​ឆ្នាំ​លើក​នេះរៀប​ចំ​ជា​លក្ខណៈ​ធំដុំ​ជាង​រាល់​ឆ្នាំ។ ចំណែក​នៅ​សៀមរាប​វិញ ការ​ប្រគុំ​តន្រ្តី​នឹង​ប្រារព្ធឡើង​នៅ​មុខ​ទីតាំង​អង្គរ​វត្ត។ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប​បាន​អះអាង​ថា កម្មវិធី​ឆ្លង​ឆ្នាំ​នៅ​សៀមរាប ត្រូវ​បាន​រៀបចំ​ឡើង​ដូច​រៀងរាល់​ឆ្នាំ​។

ក្រៅ​ពី​ការ​ប្រគុំ​តន្រ្តី អាជ្ញាធរ​ក៏​បាន​អះអាង ពី​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​យាម​កាម ការ​ពារ​សុវត្ថិភាព​ពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​រួម​ការ​ប្រគុំ​តន្រ្តី​ឆ្លង​ឆ្នាំ​នេះ។ ជាពិសេស​នោះ​គឺការ​ផ្សព្វផ្សាយ​ជុំវិញ​ការ​ទុក​ដាក់​សម្រាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំនេះ ក្រសួង​ទេសចរណ៍​​បាន​ចេញ​សារាចរ​ណែ​នាំ ក៏​ដូច​ជា​អំពាវនាវ​ជាថ្មី​ទៅកាន់​​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំង​អស់ ​កុំឲ្យ​​តម្លើង​តម្លៃ​សេវាកម្ម​និង​ផលិត​ផល​ពោល​គឺ​ត្រូវ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ​។ ក្នុង​នោះ​ក្រសួង​ទេស​ចរ​ណ៍​​ត​​ម្រូវ​ឲ្យ​រាល់​សេវា​ស្នាក់នៅ​និង​តម្លៃ​ម្ហូប​អាហារ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​តារាង​តម្លៃ។ ក្រសួងទេសចរណ៍​ព្រមាន​ជា​មុន​ក្នុង​ករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​តាម​តារាង​តម្លៃ​ដែល​បាន​កំណត់​ទេ​ពួក​គេ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោ​មុខ​ច្បាប់​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ពេល​នេះ ការឡើង​ថ្លៃ​ទំនិញ ផ្ទះ​សំណាក់ និងសណ្ឋាគារ​នោះ នៅ​តែមាន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​នៅ​ខេត្ត​តំបន់​ទេសចរណ៍។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​បាន​លើក​ឡើង​ថា ការឡើង​ថ្លៃ​នោះ​មិន​ហួស​ហេតុដល់​ថ្នាក់​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ហ៊ាន​អះអាង​ដូច្នេះ​ដោយ​សារ​អាជ្ញាធរ​បានពន្យល់​ពី​ហេតុ​ផល​របស់​ថៅកែ​ថា ពួក​គេ​យក​ចំណែក​នៃ​ការ​ដំឡើង​ថ្លៃ​នោះ​ជា​ប្រាក់លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ធ្វើ​ការ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​៕