rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កម្ពុជាក្រោម ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ថាច់ សេដ្ឋា​៖​ការទាមទារ​​ទឹកដី​​កម្ពុជា​​ក្រោម​​មក​វិញ ​ជា​​ភារកិច្ច​​របស់​​កូន​​ខ្មែរ​​គ្រប់រូប​

media
​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ​ និង​លោកថាច់ សេដ្ឋា ​ចូលរួម​ពិធី​រំឮក​ខួប​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅថ្ងៃទី០៤ ​មិថុនា ​ឆ្នាំ២០១៨​ @​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បានរៀបចំ​ពិធី​រំ​ឮ​ក​ខួប​ទី៦៩ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​ខណ្ឌ​សែន​សុខ ។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ព្រះរាជតំណាង​ព្រះមហាក្សត្រ​កម្ពុជា​ដូចជា​រៀងរាល់ឆ្នាំ​ផងដែរ។ លោក​ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​អះអាង​នៅក្នុង​ពិធី​នេះ​ថា ការទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​មកវិញ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់រូប មិនមែន​តែ​ជា​រឿង​របស់​ពលរដ្ឋ​នៅ​កម្ពុជា​ក្រោម​ឡើយ។


ដូចជា​រៀងរាល់ឆ្នាំ​ដែរ ពិធី​រំ​ឮ​ក​ខួប​ទី៦៩ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ២០១៨នេះ មានការ​ចូលរួម​ពី​ព្រះរាជតំណាង​ព្រះមហាក្សត្រ​កម្ពុជា អតីត​អ្នកនយោបាយ​បក្សប្រឆាំង ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត។ លោក​ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​រំ​ឮ​ក​ឡើង​នូវ​រឿងរ៉ាវ​ដើមទង​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ ដែល​កាលណោះ​បារាំង​បានសម្រេច​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​ប្រទេស​វៀតណាម​ដោយ​មិនបាន​សួរនាំ​ម្ចាស់​ទឹកដី​ឡើយ។ បន្ថែម​លើ​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ ក៏បាន​លើកឡើង​ពី​ការលំបាក​លំបិន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អាជ្ញាធរ​វៀតណាម​ផងដែរ។

និយាយ​ដល់​កិច្ចការ​ទាមទារ​យក​ទឹក​កម្ពុជា​ក្រោម​មកវិញ លោក​ថាច់ សេដ្ឋា បាន​សង្កត់ធ្ងន់ថា វា​គឺ​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់រូប ជាពិសេស​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​លោក​ហៅថា ជា​ខ្មែរ​កណ្តាល​នេះ​តែម្តង។ បើតាម​លោក​ថាច់ សេដ្ឋា ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ក្រោម​មិនអាច​ធ្វើ​បានទេ ព្រោះ​ស្ថិតក្រោម​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ដូច្នេះ​សម្រាប់​លោក​ថាច់ សេដ្ឋា គឺ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ត្រឹម​ទាមទារ​រក​សេរីភាព​ប៉ុណ្ណោះ។ រីឯ​ការទាមទារ​យក​ទឹកដី​មកវិញ​នោះ គឺ​ពឹង​ផ្អែកលើ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​នេះឯង។

គិត​មកដល់ពេលនេះ គឺ​រយៈពេល៦៩ឆ្នាំ​ហើយ​ដែល​ទឹកដី​កម្ពុជា​ក្រោម​បាន​ធ្លាក់​ទៅជា​កម្មសិទ្ធិ​របស់​វៀត​ណា​ម​ក្រោម​ស្នាដៃ​របស់​បារាំង​ក្នុង​ឆ្នាំ១៩៤៩ ដែល​កាលណោះ​បារាំង​បានធ្វើ​អាណានិគម​កិច្ច​លើ​ប្រទេស​កម្ពុជា។ សម្រាប់​ការរៀបចំ​ពិធី​រំ​ឮ​ក​ខួប​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​នៅក្នុង​ឆ្នាំនេះ និង​ទាំង​ក្នុង​ឆ្នាំកន្លងមក លោក​ថាច់ សេដ្ឋា​ចាត់ទុកថា គឺជា​ជោគជ័យ​មួយ​នៃ​ដំណើរការ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​ហើយ​ថា នៅ​ឆ្នាំនេះ មាន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ជាច្រើន​បានរៀបចំ​ពិធី​រំ​ឮ​ក​ខួប​ដូចគ្នានេះ​ផងដែរ។

សូមបញ្ជាក់ថា ទឹកដី​កម្ពុជា​ក្រោម​មាន​ផ្ទៃដី ៦៨,៩៦៥គីឡូម៉ែត្រ​ក្រឡា ហើយ​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង១៦លាន​នាក់ មាន​វត្ត​អារាម​ពុទ្ធសាសនា ៥៦៩វត្ត និង​មាន​ព្រះសង្ឃ​ខ្មែរ​គង់នៅ​ជាង ២ម៉ឺន​អង្គ។ នេះ​បើតាម​ឯកសារ​របស់​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម៕