rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គណបក្ស​សង្គ្រោះជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​​សុខ ឥសាន​ ព្រមាន​​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​កុំ​​ឲ្យ​​ទាក់ទង​​នឹង​​ចលនា​​សង្គ្រោះ​ជាតិ​ បើ​​មិន​​ចង់​​មាន​​បញ្ហា​

media
លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា @សហការី

បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ នៅ​ថ្ងៃទី២៨ខែមករា​នេះ ចលនា​សង្គ្រោះ​ជាតិ​របស់លោក​សម រង្ស៊ី នឹងត្រូវ​ប្រកាស​បង្កើត​ឡើងជា​ផ្លូវការ​ហើយ បើ​ទោះ​មានការ​គំរាម​កម្ទេចចោល​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ផ្នែក​យោធា​កម្ពុជា ។ មុន​ការប្រកាស​ជា​ផ្លូវការ​មួយថ្ងៃ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ជាមុន​ដល់​មន្ត្រី​អតីត​បក្សប្រឆាំង​ទាំង១១៨នាក់​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ កុំ​ឲ្យ​ចូល​ពាក់ព័ន្ធ​នឹង​ចលនា​នេះ​ឲ្យ​សោះ បើ​មិន​ចង់​មាន​បញ្ហា​ដល់​ខ្លួន។


ជាការ​ឆ្លើយតប​មួយ​ទៅនឹង​គម្រោង​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ដែល​បាន​ហៅ​ចលនា​នេះពេញៗមាត់​ថា អង្គការ​ឧទ្ទាម​នោះ បាន​រំលឹក​ដល់​មន្ត្រី​អតីត​បក្សប្រឆាំង​ទាំង១១៨នាក់​ឲ្យ​ជៀស​ឆ្ងាយ​ពី​ចលនា​សង្គ្រោះ​ជាតិ។ មន្ត្រី​ទាំង១១៨នាក់​នេះ គឺ​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​ប​ង្ក​ក​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ។ អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា ការគោរព និង​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​មិនមែន​ត្រឹមតែ​សា​ម៉ី​ខ្លួន​ទេ តែ​សមត្ថកិច្ច​ក៏ត្រូវ​គោរព​និង​អនុវត្ត​ដែរ ។ សម្រាប់​លោក​សុខ ឥសាន បើ​ពួកគេ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​កំណត់ គឺ​មិនមាន​បញ្ហា​អី​ទេ ហើយ​លោក​ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា កុំ​ឲ្យ​តែ​ទៅទាក់ទង​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ នោះ​នឹង​គ្មាន​បញ្ហា​ដល់​ខ្លួន​ឡើយ។

តាម​គម្រោង​ចលនា​សង្គ្រោះ​ជាតិ នឹងត្រូវ​ប្រកាស​បង្កើត​ជា​ផ្លូវការ​នៅក្រៅ​ប្រទេស​នៅ​ថ្ងៃទី២៨ មករា។ ប៉ុន្តែ​មុន​ឈានដល់​ថ្ងៃ​ប្រកាស​នេះ មន្ត្រីគ្រាក់ៗនៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​មន្ត្រី​កំពូល​ផ្នែក​យោធា​កម្ពុជា​ជាច្រើន​នាក់ សុទ្ធតែ​គម្រាម​កម្ទេច​ចលនា​នេះ​ឲ្យ​ខ្ទេចខ្ទី​ចោល​តែម្តង ព្រោះ​ពួកគេ​ចាត់ទុក​ចលនា​នេះ​ថា ជា​អង្គការ​រ​ចាត់តាំង​ឧទ្ទាម​ខុសច្បាប់។ ទោះជា​យ៉ាងណា​នេះ​ក្តី ស្ថា​និក​ចលនា​សង្គ្រោះ​ជាតិ​បាន​អះអាងថា ចលនា​នេះ​ត្រូវតែដើរ​ទៅមុខ​មិន​រាថយ​ឡើយ។ ចលនា​សង្គ្រោះ​ជាតិ ត្រូវបាន​ផ្តួចផ្តើម និង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី លោកស្រី​ជូ​ឡុង សូ​មូរ៉ា លោក​អេង ឆៃអ៊ាង និង​លោកស្រី​មួរ សុខ​ហួរ ជាដើម ដែល​សុទ្ធសឹងតែ​ជា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

កាលពី​ចុង​សប្តាហ៍​មុន លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​បានប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី ដែលជា​ស្ថា​និក​ចលនា​នេះ​ថា នោះ​ដោយសារតែ​លោក​កឹម សុខា បារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន។ ហើយ​ថា​នេះ​មិនមែនជា​បញ្ហា​រាំងខ្ទប់​ដល់​ដំណើរការ​ចលនា​សង្គ្រោះ​ជាតិ​ឡើយ។ សម្រាប់​លោក​សម រង្ស៊ី ចលនា​សង្គ្រោះ​ជាតិ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ដូចគ្នា ព្រោះ​ចលនា​នេះ​មាន​ទិសដៅ​ធ្វើ​សកម្មភាព​ជួយ​ស្វែងរក​ផ្លូវរស់​ឡើងវិញ​សម្រាប់​អតីត​បក្សប្រឆាំង និង ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា។

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​វិញ លោក​សុខ ឥសាន បាន​អះអាងថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើតឡើង​នេះ គឺ​ខុសច្បាប់​ដូចគ្នា។ ខុសច្បាប់​ដូចគ្នា ដោយសារ​ទីមួយ បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​សម្រេច​រំលាយចោលទៅហើយៗទី​ពីរ​លោក​សម រង្ស៊ី ជា​ទណ្ឌិត ដូច្នេះ​ចលនា​សង្គ្រោះ​ជាតិ​បង្កើត​ដោយ​លោក​សម រង្ស៊ី ក៏​ជា​អង្គការ​ចាត់តាំង​ខុសច្បាប់​ដែរ។ បើតាម​លោក​សុខ ឥសាន សម្រាប់​ចលនា​នេះ ទោះ​ធ្វើ​សកម្មភាព​អ្វីមួយ ក៏​ចាត់ទុកថា ខុសច្បាប់​ដូចគ្នា៕