អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោ​ក​ស ខេង​៖​លោក​​សម រង្ស៊ី ​ប្រកាស​​ចូល​​ស្រុក​​វិញ​ ព្រោះ​​អស់​​ក្រឡា​​នយោបាយ​​សម្រាប់​​ដើរ​​ត​ទៅ​ទៀត​

តាំងពី​ប្រកាស​ចូល​ស្រុក​វិញ​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា​តើ​លោក​សម រង្ស៊ី នឹង​មក​ពេលណា​ឲ្យ​ប្រាកដ​នៅឡើយ​ទេ។ អំឡុង​អ្នកគាំទ្រ​កំពុង​រង់ចាំ​នេះ លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចម្អក​ថា ការប្រកាស​របស់លោក​សម រង្ស៊ី នេះ គឺ​គ្រាន់តែ​ដើម្បី​ចង់​ស្ដារ​ប្រជាប្រិយភាព​ឡើងវិញ ព្រោះ​អស់​ក្រឡា​នយោបាយ​សម្រាប់​ដើរ​តទៅទៀត​តែប៉ុណ្ណោះ។ លោ​កស ខេង លើកឡើង​ដូច្នេះ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី៤១ របស់​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​នៅក្នុង​ខេត្តបាត់ដំបង ។

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​ @facebook
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា លោ​កស ខេង បានចាត់ទុក​ការប្រកាស​វិល​ចូល​ស្រុក​វិញ​របស់លោក​សម រង្ស៊ី ថា​ជា​បំណង​ចង់​ស្ដារ​ប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ។ ស្ដារឡើងវិញ ព្រោះ​លោក​សម រង្ស៊ី តាម​លោ​កស ខេង គឺ​បាន​បាត់បង់​ការគាំទ្រ​ទាំងពី​សំណាក់​អន្តរជាតិ និង អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា។ ហេតុ​ដូច្នេះហើយ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ចាំបាច់​ត្រូវតែ​ប្រកាស​ធ្វើ​សកម្មភាព​តាមរយៈ​ការវិល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​នេះឯង។ បើតាម​លោ​កស ខេង លោក​សម រង្ស៊ី ដឹងខ្លួន​ថា អស់​ប្រជាប្រិយភាព​តាំងពី​ត្រូវបាន​សមាជិក​អតីត​បក្សប្រឆាំង​ប្រកាស​តែងតាំង​លោក​ជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​មក​ម្លេះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​សប្តាហ៍​មុន​បានសម្រេច​ឲ្យ​លោក​សម រង្ស៊ី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ តែ​មិនបាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ។ ប៉ុន្មាន​ថ្ងៃក្រោយ​ការប្រកាស​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ស្វាគមន៍​វត្តមាន​លោក​សម រង្ស៊ី ដោយ​បញ្ជាក់ថា កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ដើម្បី​ចាប់ខ្លួន​លោក​សម រង្ស៊ី បញ្ចូល​ទៅក្នុង​ពន្ធនាគារ​តាម​សាលក្រម​របស់​តុលាការ។ ប៉ុន្តែ​ក្រោយមក​បន្តិច លោក​សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន​អំពាវនាវ​ដល់​កងទ័ព​កម្ពុជា​កុំ​ឲ្យ​ស្ដាប់​តាម​បញ្ជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ចាប់ខ្លួន​លោក និង​បង្ក្រាប​លើ​អ្នកគាំទ្រ​ដែល​មក​ទទួល​លោក​នៅពេល​លោក​មកដល់​ប្រទេស​កម្ពុជា។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​អំពាវនាវ​ដល់​ពួកគេ​កុំ​ឲ្យ​បន្ត​ការពារ​រដ្ឋាភិបាល​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថែមទៀត។

ភ្លាមៗក្រសួងការពារជាតិ​ក​ម្ពុ​ជាតា​មរយៈ​អ្នកនាំពាក្យ​បាន​ចេញមក​ប្រកាស​ថ្កោលទោស​ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការអំពាវនាវ​របស់លោក​សម រង្ស៊ី នេះ។ តាម​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចាត់ទុកថា រាល់​សកម្មភាព​ណា​ដែល​គាំទ្រ​ទៅនឹង​ការអំពាវនាវ​របស់លោក​សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់ ហើយ​ថា ប្តេជ្ញាចិត្ត​បង្ក្រាប​ដាច់ខាត ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ។ បន្ថែម​លើ​នេះ មេទ័ព និង កង​ទាហានផ្សេងៗទៀត ក៏បាន​ចេញមក​ប្រកាស​ប្រឆាំងនឹង​ការអំពាវនាវ​របស់លោក​សម រង្ស៊ី​នេះ​ជា​បន្តបន្ទាប់​ផងដែរ។ ពួកគេ​ខ្លះ​ថា នៅតែ​បន្ត​ការពារ​រដ្ឋាភិបាល​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ខ្លះទៀត​ប្រើប្រាស់​ដល់​ថ្នាក់​ពាក្យ​កម្ចាត់ និង​កម្ទេច​លោក​សម រង្ស៊ី និង​បក្ខពួក​ថែមទៀត បើ​ហ៊ាន​ដឹកនាំ​សកម្មភាព​ធ្វើ​បដិវត្តន៍​ពណ៌​ចង់​ផ្តួល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ