អានតួអត្ថបទ
កម្ពុជា

មាតុ​ភូមិ​និវត្ត​ន៍​​៖​លោក​សម រង្ស៊ី ​ស្នើ​​បរទេស​​ឲ្យ​​ជួយ​ការពារ​កុំ​ឱ្យ​មាន​ហិង្សា​លើ​អ្នក​គាំទ្រ​លោក​

លោក​សម រង្ស៊ី​ ប្រធាន​ស្តីទី​អតីត​បក្ស​សង្រ្គោះជាតិ​នៅព្រឹក​នេះ ​បាន​លើកឡើង​ជា​ថ្មី​ពីកា​រវិ​លត្រឡប់​មក​កម្ពុជា ​វិញ​នៅ​ថ្ងៃទី​០៩ ​ខែ​វិច្ឆិកា​ខាងមុខ​។ ក្នុងនោះ ​លោក​ហាក់​មាន​ការបារម្ភ​ពី​ការ​កើតមាន​អំពើ​ហិង្សា​លើ​អ្នកគាំទ្រ​ ដែល​នឹង​មក​ទទួល​ដំណើរ​មកវិញ​របស់​លោក​។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក លោកសម រង្ស៊ី បាន​ស្នើ​ឲ្យ​ប្រទេសហត្ថលេខី​កិច្ច​ព្រមព្រៀង​ប៉ារីស​ ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​យ៉ាង​ណា​កុំឱ្យ​មានអំពើ​ហិង្សាលើអ្នកគាំទ្រ​។ ប៉ុន្តែ ​បក្ស​កាន់អំណាច​ថា ​អាជ្ញាធរ​កម្ពុជា​មិន​ដែល​ចង់​ធ្វើ​អំពើ​ហិង្សា​លើព​លរដ្ឋ​ទេ ​តែ​ការ​អនុវត្ត​ច្បាប់​គឺ​ត្រូវ​តែ​ធ្វើ។​

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី ​តាម​រយៈ​ទំព័រហ្វេស​ប៊ុក ​បាន​អំពាវនា​វដល់​ប្រទេស​ដែល​មិត្ត​របស់​កម្ពុជា ​ជា​ពិសេស​ ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​ធ្វើអ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​អាចធ្វើ​ទៅបាន​ ដើម្បី​ព្រមាន​រដ្ឋ​អំណាច​ទីក្រុង​ភ្នំពេញ​កុំ​ឱ្យ​ប្រើ​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​ដែល​គ្រាន់តែ​ទាម​ទារ​ឱ្យ​មាន​ការគោរពសិទ្ធិ​សេរីភាព​របស់​ខ្លួន ​ដូច​មាន​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ​យ៉ាង​ដូច្នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ដាក់​ផែនការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​។

ទាក់​ទង​នឹង​ការ​អំពាវនាវ​នេះ លោកសុខ ឥសាន ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជ​នកម្ពុជា ​បាន​លើកឡើង​ថា ប្រទេស​ជា​មិត្ត​នឹង​កម្ពុជា​ក្តី ​និង​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ក្តី ​នឹង​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​លោក​សម រង្ស៊ី​លើក​ឡើង​នេះទេ។ ​មិន​ចាប់​អារម្មណ៍ ​ព្រោះ​លោក​អះអាង​ថា ​កម្ពុជា​បាន​អនុវត្តត្រឹមត្រូវ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ​។ ​រីឯ​ការ​កើតមាន​អំពើ​ហិង្សា​វិញ ​លោក​សុខ ឥសាន​ បាន​គូស​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចង់ទៅ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ណា​ឡើយ ​ប៉ុន្តែការអនុវត្ត​ច្បាប់ ​ជា​រឿង​ដែល​ត្រូវ​តែ​ធ្វើ។

បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ​លោកសម រង្ស៊ី ​បាន​ព្រមាន​ពីការ​ប្រើប្រាស់​អំណាច​ប្រជាពលរដ្ឋ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​រប​ស់លោក​ក្នុង​ការ​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។ ​ចំណុចនេះ​ គឺ​លោក​សម​ រង្ស៊ី ចង់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​តាម​ប្រជាពលរដ្ឋ​ហ្វីលីពីន​ដែល​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​បណ្តេញ​ប្រធា​នាធិបតី​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ​១៩៨៦​។ ​ប៉ុន្តែ​លោក​សុខ ឥសាន​ ប្រតិកម្ម​ថា ​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី ​នេះ ​គឺ​ដោយសារ​តែ​បរាជ័យ​ក្នុង​ការ​អំពាវនាវ​ដល់​កងទ័ព​នា​ពេល​កន្លង​មក​។ សម្រាប់​លោក​សុខ ឥសាន ​គ្មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ទៅ​ធ្វើតាម​លោក​សម រង្ស៊ី​ឡើយ ​ព្រោះ​ពួកគេ​គាំទ្រ​តែ​លើ​អ្នក​ដែលស្នេហា​ជាតិ​មាតុភូមិ​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ។​

សូម​ជម្រាប​ថា មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា របស់​លោក សម រង្ស៊ី ត្រូវ​បាន​លោក​ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​មក​ទាមទា​រលទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​វិញ ​និង ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​លោក​ចាត់ទុក​ជា​រឿយ​ៗ​ថា ​ជា​របប​ផ្តាច់ការ​។ ​ជាមួយគ្នា​នេះ​ លោ​ក​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​ក៏គូស​បញ្ជាក់​ដែរ​ថា ​ការ​ដែល​លោក​សម្រេច​បាន​យក​ថ្ងៃទី០៩ ​វិច្ឆិកា ​ធ្វើជាថ្ងៃ​មាតុភូមិនិវត្តន៍​ គឺ​ព្រោះថា​ ថ្ងៃនោះ​គឺ​ជា​ថ្ងៃ​បុណ្យឯករាជ្យ​សម្រាប់​ប្រទេស​កម្ពុជា​ផង ​ហើយ​ក៏​ជា​ថ្ងៃ​រំលឹ​កការ​ដួល​រលំ​នៃ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​ផង​ ដែ​លជា​និមិត្តរូប​នៃ​ការទាមទារ​សេរីភាព​ប្រកប​ដោយជោ​គ​ជ័យសម្រា​ប់ពិភព​លោក​ទាំ​ងមូល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ