rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បក្ស​​កាន់អំណា​ច​ប្រាប់​​បក្ស​​ដទៃ​​កុំ​​ឲ្យ​​យក​​រឿង​​គ្មាន​​សិទ្ធិ​សេរីភាព​​ម​ក​ធ្វើ​ជា​​លេស​​មិន​​ចូលរួម​​ការ​បោះឆ្នោត​

media
លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា @RFI

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច​បច្ចុប្បន្ន បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការមិន​ចូលរួម​ការបោះឆ្នោត​រប​ស់​បក្សនយោបាយ​ណាមួយ​គឺជា​សិទ្ធិ​របស់​បក្ស​នោះ។ ទន្ទឹមគ្នានេះ លោក​បាន​ព្រមាន​បក្សនយោបាយ កុំ​ឲ្យ​យក​ហេតុផល​ថា គ្មាន​សិទ្ធិសេរីភាព មក​ធ្វើជា​លេស​មិន​ចូលរួម​ការបោះឆ្នោត។ ការបញ្ជាក់​នេះ ធ្វើឡើង​ក្រោយពី​បក្សនយោបាយ​ពីរ​បានប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ ក្រោម​ហេតុផល​ស្ថានភាព​នយោបាយ​មិនល្អ។


“នៅក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ទីលាន​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​នីមួយៗមាន​សិទ្ធិ​ចូលរួម ឬ​មិន​ចូលរួម​បោះឆ្នោត​ស្របទៅតាម​លទ្ធភាព សមត្ថភាព និង​ឆន្ទៈ​របស់ខ្លួន​ដោយ​គ្មាន​ការបង្ខិតបង្ខំ ការ​សម្លុត និង​ការគំរាមកំហែង​ណាមួយ​ឡើយ” ។ នេះ​គឺជា​គូសបញ្ជាក់​របស់លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ ការប្រកាស​មិន​ចូលរួម​បោះឆ្នោត​របស់​គណបក្សនយោបាយ​ណាមួយ វា​គឺជា​សិទ្ធិ​សម្រេច​របស់​បក្សនយោបាយ​នោះ។ ប៉ុន្តែ​បើ​មិន​ចូលរួម ហើយ​និយាយថា​ដោយសារ​គ្មាន​សិទ្ធិសេរីភាព និង​មានការ​រំលោភ​សិទ្ធិមនុស្ស​នោះ គឺ​មិនមែនជា​ហេតុផល​ទេ តែ​វា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ។ នេះ​បើតាម​អ្នកនាំពាក្យ​ដដែល។

ការគូសបញ្ជាក់​របស់​លោក​សុខ ឥសាន​នេះ ធ្វើឡើង​ក្រោយពី​គណបក្សនយោបាយ​ពីរ គឺ​គណបក្ស​អំណាច ខ្មែរ​និង​គណបក្ស​ភ្លើងទាន ប្រកាស​មិន​ចូលរួម​ការបោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ។ ចំពោះ​គណបក្ស​អំណាច​ខ្មែរ មូលហេតុ​គឺ​ដោយសារតែ​បក្ស​នេះ​មើលឃើញថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គ្មាន​ស្ថិរភាព និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មិន​ឯករាជ្យ។ ចំណែក​សម្រាប់​គណបក្ស​ភ្លើងទៀន​វិញ ការចូលរួម​ការបោះឆ្នោត ដរាបណា​មានការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

យ៉ាងណាក៏ដោយ លោក​សុខ ឥសាន នៅតែ​គូសបញ្ជាក់ថា ការសម្រេចចិត្ត​មិន​ចូលរួម​បោះឆ្នោត គឺជា​សិទ្ធិ​មិន​ចូលរួម​របស់​គណបក្ស​នយោបាយនីមួយៗ ដោយ​មិនអាច​យក​លេស​ណាមួយ​ដាក់​កំហុស​លើ​អ្នកដទៃ​បានឡើយ។ សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី០៦ ឧសភា​នេះ មាន​គណបក្សនយោបាយ​ចំនួន​បី​ហើយ​ដែល​បាន​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​នៅ​គ.ជ.ប នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា។ រីឯ​គណបក្ស​ជិត២០ទៀត​បានទទួល​យកពាក្យ​ស្នើសុំ​ចុះបញ្ជី​រួចហើយ។ នេះ ធ្វើ​ឲ្យ​គ.ជ.ប រំពឹងទុក​ថា នៅ​សប្តាហ៍​ក្រោយនេះ នឹងមាន​គណបក្សនយោបាយ​ជាច្រើន​ទៀត​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕