rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ឥណ្ឌា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទស្សនកិច្ច​​លោក​​ហ៊ុន សែន​​នៅ​​ឥណ្ឌា​៖​ភាគី​​ទាំងពីរ​​រំពឹ​ង​ថា​ ទំនាក់​ទំនង​​នឹង​​កាន់​តែ​​ល្អ​​ថែមទៀត​

media
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៨​ @PM Hun Sen Facebook Page

នៅ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​មួយក្រុម​ចេញទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ឥណ្ឌា​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៧ មករា។ ទស្សនកិច្ច​នេះ​ក្នុងទិសដៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ឥណ្ឌា និង​ពិធី​អបអរ​ទិវា​សា​ធារ​ដ្ឋ​លើក​ទី៦៩នៅ​ទីក្រុង​ញូ​វ ដេល្លី។ ក្នុង​ទំនាក់ទំនង​ទ្វេភាគី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ជួប​សន្ទនា​ដាច់ដោយឡែក​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិន​ដ្រា ម៉ូ​ឌី ហើយ​មេដឹកនាំ​ទាំងពីរ​នឹងធ្វើ​ជា​អធិបតី​ក្នុងការ​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ព្រមទាំង​ធ្វើ​សន្និសីទកាសែត​រួមគ្នា​ក្រោយ​ជំនួប​នោះ​ថែមទៀត។


កម្ពុជា និង​ឥណ្ឌា មាន​ទំនាក់ទំនង​នឹង​គ្នា​តាំងតែ​ពី​អំឡុង​ទសវត្ស​ទី៥០មកម្ល៉េះ។ ទំនាក់ទំនង​កាលណោះ ផ្សារភ្ជាប់​គ្នា​រវាង​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​មុខ​រដ្ឋ​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ជំនាន់​នោះ គឺ​លោក​លោក​ចា​វ៉ា​ហា​ឡា នេ​រុ (Jawaharlal Nehru) ។ ទំនាក់ទំនង​រវាង​ប្រមុខ​ដឹកនាំ​ទាំងពីរ​នេះ មាន​លក្ខណៈ​ស្និទ្ធស្នាល និង​ស្អិតល្មួត​មែនទែន​រហូតដល់​សម្តេច​ព្រះ​នរោត្តម​សីហនុ​បាន​ទុក​លោក​ចា​វ៉ា​ហា​ឡា នេ​រុ ជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត និង​ជា​បងប្រុស​ម្នាក់​ដែល​ព្រះអង្គ​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​គាត់។ ក្នុងអំឡុង​ពេលនោះ មេដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក គឺ​លោក​ចា​វ៉ា​ហា​ឡា នេ​រុ បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ដំបូង​នៅ​កម្ពុជា​នៅក្នុង១៩៥៤ ពោល គឺ​មុន​សន្និសីទ​នៃ​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី។ ចំណែក​សម្តេចព្រះ​នរោត្តម​សីហនុ​វិញ ក៏បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ពីរលើក​ដែរ គឺ​នៅក្នុង​ឆ្នាំ១៩៥៦មួយ​លើក និង​មួយលើកទៀត​ក្នុង​ឆ្នាំ១៩៦។

យ៉ាងណាមិញ ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា​ត្រូវបាន​ផ្អាក​ទាំងស្រុង​នៅក្នុង​សម័យ​ខ្មែរក្រហម​នា​ឆ្នាំ១៩៧។ លុះ​ផុត​របប​ខ្មែរក្រហម គឺ​នៅក្នុង​ឆ្នាំ១៩៨១ ឥណ្ឌា​បានទទួល​ស្គាល់​នូវ​របប​រដ្ឋ​កម្ពុជា​ដែលជា​របប​ថ្មី​ដឹកនាំ​ដោយ​លោក​ហេង សំរិន។ គឺ​នៅពេលនោះ​ហើយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​បើក​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ឡើងវិញ។ បន្ត​បន្ទាប់មក ឥណ្ឌា​បាន​ចូលរួម​នៅក្នុង​ដំណើរការ​រៀបចំ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ឆ្នាំ១៩៩១ និង​បាន​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​រៀបចំ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៣ ផងដែរ។

នៅក្នុង​ទំនាក់ទំនង​ជាថ្មី​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គ្នា​និង​គ្នា​ជា​ហូរហែរ ដូចជា​នៅក្នុង​ឆ្នាំ២០០២ គ្រា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន នាយករដ្ឋមន្ត្រី​ឥណ្ឌា​ជំនាន់​នោះ លោក Atal Bihari Vajpayee បានមក​កម្ពុជា​ពីរលើក​ទាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ និង​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា។ នៅក្នុង​ឆ្នាំ២០១០ ប្រធានាធិបតី​ឥណ្ឌា គឺ​លោកស្រី Pratibha Devi Singh Patil ក៏​ធ្លាប់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ដែរ។ ចំណែក​នៅក្នុង​ឆ្នាំ២០១២ ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាថ្មី​នោះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ពេលនោះ គឺ Manmohan Singh ក៏​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ២០១៥អនុ​ប្រធានាធិបតី​ឥណ្ឌា ក៏​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ថែមទៀត។

ដោយឡែក​សម្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា​វិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​ទៅ​ទស្សនកិច្ច​នៅ ឥណ្ឌា​ចំនួន​ពីរដង​ដែរ គឺ​ម្តង​នៅក្នុង​ឆ្នាំ២០០៧ និង​ម្តងទៀត​នៅ​ចុងឆ្នាំ២០១។ សម្រាប់​ដំណើរ​ទៅកាន់​ឥណ្ឌា​ក្នុង​ជំនាន់​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី នាពេលនេះ គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​បី​ហើយ​របស់លោក​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​លើក​នេះ ភាគី​ទាំង​ពីរបាន​វាយតម្លៃថា នឹង​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ឥណ្ឌា។

និយាយ​ពី​វិស័យ​ពាណិជ្ជកម្ម​វិញ គឺថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌា​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ កាលពី​ឆ្នាំ២០១៥ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌា បាន​ឈានដល់​ទៅ១៨៧,៣៦លាន​ដុល្លារ​អាមេរិក។ ការនាំចេញ​របស់​ឥណ្ឌា​មក​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់១៤៥.៥៧លាន​ដុល្លារ។ រីឯ​ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ឥណ្ឌា​វិញ​មាន​ទំហំ​តែ៤២,៣៦លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា៕