rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ហ៊ុន សែន ​ប្រកាស​​ស្វាគមន៍​​បក្ស​នយោបាយ​​ដែល​​បាន​​ចុះប​ញ្ជី​​នៅ ​គ.ជ.ប​

media
លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន @PM Hun Sen Facebook

គិត​ត្រឹម​ថ្ងៃទី០១ ឧសភា ម្សិលមិញ​នេះ បក្សនយោបាយ​ចំនួន៣ហើយ​ដែល​បាន​ចុះបញ្ជី​នៅ គ.ជ.ប ខណៈ​បក្ស​ចំនួន១៦ទៀត​កំពុង​រៀបចំ​ឯកសារ​នា​នា ដើម្បី​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​នាពេលខាងមុខ។ នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញមក​ប្រកាស​ស្វាគមន៍​ដល់​បក្ស​ដែល​បាន​ចុះបញ្ជី​រួចរាល់​ទាំងនេះ។ ជាមួយ​ការស្វាគមន៍ លោក​ហ៊ុន សែន ថែមទាំង​ចាត់ទុកថា ដំណើការ​នេះ​គឺ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។


​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សរសេរ​សារ​ស្វាគមន៍​គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​គណបក្ស ព្រមទាំង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី ២៩ ខែ កក្កដា​ខាងមុខនេះ។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ការចុះបញ្ជី​របស់​គណ​បក្សនយោបាយ​នៅ​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆោ្នត (គ.ជ.ប) នេះ គឺ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា កម្ពុជា កំពុង​គោរព​និង​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​ដែល​គណបក្សនយោបាយ​តូចធំ​ទាំងអស់​ក្នុងប្រទេស មាន​សិទ្ធិ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ដោយ​សេរី។

សារ​ស្វាគមន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្សនយោបាយ​ចំនួន​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា បាន​ចុះបញ្ជី​នៅ គ.ជ.ប រួចរាល់​ហើយ​គិត​ត្រឹម​ថ្ងៃទី០១ ឧសភា។ ចំណែក​គណបក្សនយោបាយ​ចំនួន១៦ទៀត បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ។ យ៉ាងណាក៏ដោយ គណបក្ស​អំណាច​ខ្មែរ​បានប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​នេះ​ទេ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ស្រពិចស្រពិល​នៅឡើយ​ចំពោះ​ការចូលរួម​ការបោះឆ្នោត។

ជាការ​កត់សម្គាល់ ខណៈដែល​គណបក្ស​មួយចំនួន​កំពុង​រួសរាន់​ទៅ​ចុះបញ្ជី​នៅ គ.ជ.ប នេះ លោក​សម រង្ស៊ី ដែលជា​អតីត​ប្រធាន​គណបក្សប្រឆាំង​ឯណោះ​វិញ នៅតែ​បន្ត​ទទូច​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​អង្គារ លោក​សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ការបោះឆ្នោត បើសិន​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ សម្រាប់​លោក​សម រង្ស៊ី ការមិន​ទៅ​បោះឆ្នោត គឺ​មានន័យថា ពលរដ្ឋ​នៅតែ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត និង​ចង់​ឲ្យ​អតីត​បក្ស​នេះ​មក​ដឹកនាំ​ប្រទេស។ ផ្ទុយទៅវិញ ប្រសិនបើ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទោះ​បោះ​ឲ្យ​គណបក្ស​ណាក៏ដោយ ក៏​ស្មើនឹង​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ចង់​ឲ្យ​គណបក្ស​នេះ​មក​ដឹកនាំ​ប្រទេស​តទៅទៀត។ នេះ​បើតាម​លោក សម រង្ស៊ី។

ការអំពាវនាវ​របស់​លោក​សម រង្ស៊ី​នេះ ធ្លាប់​ត្រូវបាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​អះអាងថា គ្មាន​ប្រសិទ្ធភាព។ គ្មាន​ប្រសិទ្ធភាព ព្រោះ​បើតាម​លោក​សុខ ឥសាន ប្រជាពលរដ្ឋ​ខ្មែរ​នាពេលនេះ​កំពុងតែ​រស់នៅក្នុង​សន្តិភាព និង​ការអភិវឌ្ឍ។ ដូច្នេះ គេ​លែង​ខ្វាយខ្វល់​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតឡើយ៕