អានតួអត្ថបទ
កម្ពុជា

មុន​ចូល​ឆ្នាំ​មក​ដល់ ​នាយករដ្ឋមន្រ្តី​កម្ពុជា​អំពាវ​នាវ​កុំ​ឱ្យ​មាន​ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ឈ្នួល​ទាំង​អស់​កុំ​ឱ្យ​ដំឡើង​ថ្លៃ​ឈ្នួល​ជិះ​រថយន្ត​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ​។ ​បន្ថែម​ពី​ការ​អំពាវនាវ​ លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​ឱ្យ​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ ​ដើម្បី​ជួយ​ដឹក​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​ទៅ​កាន់​ស្រុក​កំណើត​ផងដែរ​។

មុន​ចូល​ឆ្នាំ​មក​ដល់ ​នាយករដ្ឋមន្រ្តី​កម្ពុជា​អំពាវ​នាវ​កុំ​ឱ្យ​មាន​ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​
មុន​ចូល​ឆ្នាំ​មក​ដល់ ​នាយករដ្ឋមន្រ្តី​កម្ពុជា​អំពាវ​នាវ​កុំ​ឱ្យ​មាន​ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

«​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​ ជា​ពិសេស​នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ​សូម​ម្ចាស់​រថយន្ត​តាក់ស៊ី ​កុំ​ដំឡើង​ថ្លៃ​ជិះ​រថយន្ត ​និង​ម្ចាស់​សណ្ឋាគារ ​ផ្ទះសំណាក់ ​សូម​កុំ​ដំឡើង​ថ្លៃ​ស្នាក់នៅ​ ដើម្បី​បងប្អូន​មាន​ឱកាស​បាន​ធ្វើ​ដំណើរ​ងាយស្រួល ​និង​សន្សំ​បាន​ថវិកា​ខ្លះៗ​សម្រាប់​ចាយវាយ ​និង​ធ្វើ​បុណ្យ​នៅក្នុង​ឱកាស​ថ្ងៃ​ចូលឆ្នំា​ថ្មី»​ ។​នេះ​ គឺ​ជា​សារ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ​។

ជា​ការ​កត់សម្គាល់​ នេះ​មិនមែន​ជា​ការ​អំពាវនាវ​ថ្មីថ្មោង​ដែល​ទើប​នឹង​ធ្វើឡើង​ដោយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ នោះទេ ​ពោល ​គឺ​ស្ទើរ​តែ​ជា​រៀងរាល់​ឆ្នាំ​តែ​ម្តង ​លោក​តែងតែ​ធ្វើ​ការ​អំពាវនាវ​យ៉ាង​ដូច្នេះ។​ ប៉ុន្តែ​កន្លងមក​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ និង​ម្ចាស់​រថយន្ត​ឈ្នួល​ខ្លះ ​បាន​ធ្វើ​តាម​ការ​អំពាវនាវ​នេះ ​តែ​ក៏​មាន​ដែរ​មួយ​ចំនួនទៀត​នៅតែ​ដំឡើង​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​ដដែល​។ ​ប្រឈម​នឹង​បញ្ហា​នេះ​ នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ២០១៩​នេះ ​ រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចេញ​រថយន្ត​ក្រុងសាធារណៈ​របស់​រដ្ឋ​ចំនួន​១២០​គ្រឿង ​ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​គិត​ថ្លៃ។​ ការ​ដឹកជញ្ជូន​នេះ ​នឹង​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី​១២​រហូតដល់​ថ្ងៃ​ទី១៨ ​មេសា​។

បើ​តាម​សាលារាជធានី​ភ្នំពេញ ​រថយន្ត​ក្រុង​សាធារណៈ​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​នេះ ​គឺ​រត់​៨​ខ្សែ។​ ខ្សែទី១​ គឺ​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ​ស្វាយរៀង​ និង​ព្រៃវែង ​ដោយ​ឡើង​ចំណត​នៅផ្លូវ​៦០​ម៉ែត្រ ទល់​មុខ​ក្រុមហ៊ុន​ម៉ែក​ស៊ឺ​ដែស​។ ខ្សែទី២ ​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ​និង​តាកែវ​ ឡើង​ចំណត​នៅ​ផ្លូវ៦០​ម៉ែត្រ ​ទល់​មុខ​ក្រុមហ៊ុន​ម៉ែកស៊ឺដែស ​ឯ​ខ្សែ​ទី៣​ ពី​ភ្នំពេញ​ទៅ​កែប ​និង​កំពត​ ដោយ​ចេញ​ដំណើរ​នៅ​ផ្សារ​សិនជូរីផ្លាហ្សា​។

ខ្សែ​ទី៤​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ស្ពឺ ​និង​ខេត្ត​ព្រះសីហនុ ​ចេញ​ដំណើរ​នៅ​ផ្សារ​សិនជូរីផ្លាហ្សា ​ខ្សែ​ទី៥​ ពី​ភ្នំពេញ​ទៅ​កំពង់ឆ្នាំង​ ពោរធិ៍សាត់​ បាត់ដំបង ​ និង​បន្ទាយមានជ័យ​ ដោយ​ចេញ​ដំណើរ​នៅ​សួន​ឫស្សីកែវ​។ ​ចំណែក​ខ្សែ​ទី៦ ​គឺ​ពី​ភ្នំពេញ​ទៅ​ខេត្តកំពង់ធំ ​និង​សៀមរាប​ ដោយ​ចេញ​ដំណើរ​នៅ​រង្វង់មូល​ទេពមច្ឆា​(ជ្រោយចង្វារ)​ ខណៈ​ខ្សែ​ទី៧​ ពី​ភ្នំពេញ​ទៅ​កំពង់ចាម ​និង​ត្បូងឃ្មុំ ​ចេញ​ដំណើរ​នៅ​មុខ​រាជាយស្ម័យយាន ​និង​ខ្សែ​ទី៨ ​ពី​ភ្នំពេញ​ទៅ​ក្រចេះ ​និង​ស្ទឹងត្រែង ​ដោយ​ចេញ​ដំណើរ​ពី​មុខ​រាជាយស្ម័យយាន​ដូច​គ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ