អានតួអត្ថបទ
កម្ពជា

​លោក​ហ៊ុន សែន ​ប្រាប់​​បក្ស​នយោបាយ​​ទាំង​អស់​កុំ​​ឲ្យ​​យក​​រាជានិ​យម​​ធ្វើ​ជា​​របស់​​ផ្តាច់​មុខ​

ពី​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្មខ្លាំងៗទៅនឹង​បក្សនយោបាយ​មួយចំនួន​ដែល​បាន​ទាញ​រាជានិយម​ទៅ​ភ្ជាប់​នឹង​បក្ស​របស់ខ្លួន ដើម្បី​ឃោសនា​ស្វែងរក​សន្លឹកឆ្នោត​ពី​ពលរដ្ឋ។ ជាមួយ​ប្រតិកម្ម លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​បក្សនយោបាយ​ទាំងអស់​កុំ​យក​រាជានិយម​ធ្វើជា​របស់​ផ្ទាល់ខ្លួន ព្រោះថា​រាជានិយម​ជា​របស់​រួម​របស់​គណបក្សនយោបាយ​ទាំងអស់។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា គណបក្សនយោបាយ​ណាមួយ​ដែល​យក​រាជានិយម​ធ្វើជា​របស់​ផ្តាច់មុខ​សម្រាប់​ការឃោសនាបោះឆ្នោត គឺជា​ការប្រមាថ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ។ ជាការ​ប្រមាថ នៅពេលដែល​គណបក្សនយោបាយ​យក​រាជានិយម​ទៅ​ឃោសនា​ដើម្បី​ស្វែង​សំឡេងឆ្នោត តែ​បែរជា​មិន​ទទួលបាន​កៅអី​ឬ​បាន​កៅអី​តិចតួច​ក្រោយ​ការបោះឆ្នោត​ទៅវិញ។ នេះ​បើតាម​ការពន្យល់​របស់​លោកនាយក​រដ្ឋមន្ដ្រី។

ប្រតិកម្ម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្សនយោបាយ​មួយចំនួន បាន​ទាញ​រាជានិយម​ទៅ​ភ្ជាប់​នឹង​បក្ស​ខ្លួន​សម្រាប់​ឃោសនា​ស្វែងរក​សំឡេងឆ្នោត នៅក្នុង​នៅក្នុង​វេទិកា​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​នៅក្នុង​សប្តាហ៍​នេះ ។ បើទោះបីជា​លោក​មិនបាន​បញ្ជាក់​ច្បាស់​ក៏ដោយ ក៏ប៉ុន្តែ​គេ​អាច​យល់បាន​ថា លោក​ទំនងជា​សំដៅ​ទៅលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជាដើម។

សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រាជានិយម​ជា​របស់​រួម​សម្រាប់​គណបក្សនយោបាយ​ទាំងអស់ និង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល។ ដូច្នេះហើយ លោក​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យ​បញ្ឈប់​ការយក​រាជានិយម​ធ្វើជា​របស់​ផ្តាច់មុខ​របស់ខ្លួន។ លោកនាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា គណបក្សនយោបាយ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មាន​តួនាទី​ចូលរួម​ការពារ​របប​រាជានិយម និង​រាជបល្ល័ង្ក។ ប៉ុន្តែ​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូសបញ្ជាក់ថា តាំង​ដើម​មកដល់​បច្ចុប្បន្ននេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ទេ​ដែល​បានការ​ពារ​បាន​យ៉ាង​ល្អ​នូវ​របបរាជានិយម។

ក្រៅពី​អះអាង​ពី​សមត្ថភាព​របស់​គណ​បក្ស​ប្រជាជន​និង​រដ្ឋាភិបាល​កម្ពុជា​ដែល​អាច​ការពារ​របប​រាជានិយម​បាន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ផ្សារភ្ជាប់​បញ្ហា​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​បច្ចុប្បន្ន​ថា​បានកើត​ចេញពី​គណបក្សកាន់អំណាច និង​រូបលោក​ផ្ទាល់​តែម្តង។ ដូច​សព្វមួយដង​ដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក​អាច​បន្ត​ការពារ​នូវ​សមិទ្ធផល​ទាំងអស់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ