អានតួអត្ថបទ
កម្ពជា

លោក​ហ៊ុន សែន​ ​ប្រាប់​​ឲ្យ​​មន្ត្រី​​នគរបាលជា​តិ​​ទាំងអស់​​ត្រូវតែ​ទៅ​​បោះឆ្នោត​​ឲ្យ​​បាន​​គ្រប់គ្នា​

ថ្ងៃទី១៦ ឧសភា​ខាងមុខនេះ គឺជា​គម្រប់​ខួប​លើក​ទី៧៣ នៃ​ការបង្កើត​កងកម្លាំង​នគរបាលជាតិ​កម្ពុជា។ នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ និង​អបអ​សាទរ​ដល់​កងក​ម្លាំ​ង​នគរបាលជាតិ​ទូទាំងប្រទេស​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ។ ប៉ុន្តែ​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​រំលឹក​ប្រាប់​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវតែទៅ​បោះឆ្នោត​ឲ្យ​បានគ្រប់ៗគ្នា​នៅ​ថ្ងៃទី២៩ ខែកក្កដា ខាងមុខ។

លោកហ៊ុន សែន ប្រាប់ឲ្យមន្ត្រីនគរបាលជាតិទាំងអស់ត្រូវតែទៅបោះឆ្នោតឲ្យបានគ្រប់គ្នា
លោកហ៊ុន សែន ប្រាប់ឲ្យមន្ត្រីនគរបាលជាតិទាំងអស់ត្រូវតែទៅបោះឆ្នោតឲ្យបានគ្រប់គ្នា @PM Hun Sen's Facebook Page
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សារ​ជូនពរ​ចុះ​ថ្ងៃទី១២ ឧសភា តែ​ទើប​ដល់ដៃ​សារព័ត៌​មាននៅ​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្តែង​នូវ​ការដឹងគុណ និង​បាន​លើកសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាលជាតិ​ក្នុងការ​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ជាច្រើន​សម្រាប់​ជាតិ​កម្ពុជា​នាពេល​កន្លងមក។ ក្នុងនោះ សមិទ្ធផលធំៗដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​លោកនាយ​ក​រដ្ឋមន្ត្រី គឺ​កងកម្លាំង​នគរបាលជាតិ​បានការ​ពារ​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធនា​ការបោះឆ្នោត​ឃុំ សង្កាត់​អាណ​ត្ត​ទី៤ និង ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នាពេល​កន្លងទៅ។ ប៉ុន្តែ​លោក​ហ៊ុន សែន ក៏បាន​អះអាង​ដែរ​ថា ភារកិច្ច​របស់​កងក​ម្លាំ​ង​នគរបាលជាតិ​ចំពោះ​ការបោះឆ្នោត​មិនទាន់​បញ្ចប់​ត្រឹមហ្នឹង​ទេ ពោល គឺ កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ត្រូវតែ​ការពារ​សន្តិសុខ​ឲ្យ​បានល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី៦នាពេល​ខាងមុខនេះ​ថែមទៀត។

ក្រៅតែពី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៃ​ការបោះឆ្នោត​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​រំលឹក​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវបំពេញ​កាត​ព្វ​កិច្ច​ជា​ពលរដ្ឋ​ដោយ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ​ឲ្យ​បានគ្រប់ៗគ្នា។ ជាការ​កត់សម្គាល់ ការជំរុញ​ឲ្យ​មន្ត្រីនគរបាល​ជាតិ​ឲ្យ​ទៅ​បោះឆ្នោត​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​ដែ​លោក​សម រង្ស៊ី ដែលជា​អតីត​ប្រធាន​បក្សប្រឆាំង​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត ប្រសិនបើ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រូ​ម។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចាត់ទុក​ការឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នេះ​ថា ជាការ​ទង្វើ​រំលោភច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ជាមួយគ្នានេះ លោក​ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅ​បោះឆ្នោត​កុំបី​ខាន​នៅ​ចុងខែ​កក្កដា​ខាងមុខ។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី​ថែមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ដើម្បី​ឲ្យ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត។ តាម​លោកនាយក​រដ្ឋមន្ត្រី ការបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ឲ្យ​ចំ​បោះឆ្នោត​ឲ្យ​លោក​ជាប់​ជា​នាយករដ្ឋមន្ត្រី​បន្តទៀត គឺ​ដើម្បី​ធានា​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ