rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ហ៊ុន សែន បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ហ៊ុន សែន​​ថា បើ​​អ្នក​គាំទ្រ​​អតីត​​បក្ស​ប្រឆាំង​​ទៅ​​បោះឆ្នោត​​កាន់​តែ​​តិច​​គឺ​​កាន់តែ​​ហុច​​ផល​​ល្អ​​ដល់​​បក្ស​​កាន់​អំណាច​

media
លោកហ៊ុន សែនថា បើអ្នកគាំទ្រអតីតបក្សប្រឆាំងទៅបោះឆ្នោតកាន់តែតិចគឺកាន់តែហុចផលល្អដល់បក្សកាន់អំណាច @PM Hun Sen Facebook Page

នៅក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​ក្នុង​ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ជាថ្មី​ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត គឺជា​ការបំពាន​សិទ្ធិ​របស់​ពលរដ្ឋ។ ទោះជា​បែបនេះ​ក្តី​លោក​ប្រមុខ​បក្ស​កាន់អំណាច​ក៏បាន​គូស​បញ្ជាក់ដែរថា ប្រសិនបើ​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បោះឆ្នោត​កាន់តែ​តិច​នោះ គឺ​នឹង​ផ្តល់​លទ្ធផល​កាន់តែ​ល្អ​ដល់​បក្ស​របស់លោក​ក្នុងការ​ឈ្នះឆ្នោត។ ប៉ុន្តែ​លោក​អះអាងថា លោក​មិន​ចង់បាន​បែបនេះ​ឡើយ។


លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​ថា៖“បើ​និយាយ​ពី​បច្ចេកទេស​នៃ​អ្នកបោះឆ្នោត ខ្ញុំ​គួរតែ​រុញ​ទូក​បណ្តោយ​ទឹក​ឲ្យ​អ្នក​តែម្តងទៅ ផ្តាំផ្ញើ​ទៅ​អ្នក ពួក​អ្នកប្រឆាំង​ទៅកាន់​តែ​តិច សន្លឹកឆ្នោត​កាន់តែ​ល្អ​សម្រាប់​គណបក្សកាន់អំណាច អាហ្នឹង​និយាយ​ឲ្យ​ពិត ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​បញ្ហា​ហ្នុ​ង​ទេ ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ។ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន អះអាង​បន្ថែមទៀតថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​មាន​ចំនួន​ដល់​ទៅ​ជាង៥លាន​នាក់ ដែល​វា​សមល្មម​ឲ្យ​គណបក្ស​កាន់អំណាច​ទទួល​បាន​លទ្ធផល​ល្អ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ។ បន្ថែម​លើ​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត គឺ​មិនមាន​ច្បាប់​ណា​កំណត់ថា ទាល់​តែមាន​ចំនួន​អ្នកបោះឆ្នោត​ប៉ុណ្ណេះ​ឬ​ប៉ុណ្ណោះ​នោះឡើយ។

ការអះអាង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​លោក​សម រង្ស៊ី ដែល​យក​ប្រទេស​កម្ពុជា​ទៅ​ប្រដូច​នឹង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​អំពី​រឿង​បោះឆ្នោត។ លោក​សម រង្ស៊ី តាមរយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី២២ ឧសភា បានបង្ហាញ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​អ្នកបោះឆ្នោត​តែ៤៧ភាគរយ ហើយ​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ៥៣ភាគរយ។ លោក​សម រង្ស៊ី បាន​ចាត់ទុកថា វា​គឺ​ជោគជ័យ​ដែល​កើតចេញ​មកពី​ការអំពាវនាវ​បក្សប្រឆាំង​វេ​ណា​ស៊ុយ​អេ​ឡា​ឲ្យ​ពលរដ្ឋ​ធ្វើពហិការ​ការបោះឆ្នោត។ សម្រាប់​លោក​សម រង្ស៊ី ទិដ្ឋភាព​បែបនេះ​ក៏​នឹង​កើត​មាននៅ​ប្រទេស​កម្ពុជា​ដែរ គឺ​នៅក្រោយ​ការបោះឆ្នោតជាតិ​ថ្ងៃទី២៩ កក្កដា ដែល​លោក​ថា​សហគមន៍​អន្តរជាតិ​នឹង​ច្រានចោល​លទ្ធផល​បោះឆ្នោត​ហើយ​ភ្ជាប់​ជាមួយនឹង​ទណ្ឌកម្ម​ថែមទៀត។

ក៏ប៉ុន្តែ​លោក​ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក​សម រង្ស៊ី​វិញ​ថា កុំ​យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​វេ​ណេ​ស៊ុយ​អេ​ឡា ព្រោះ​ស្ថាន​ភាពមិន​ដូចគ្នា​ឡើយ។ លោកនាយក​រដ្ឋមន្ត្រី​បកស្រាយ​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ដែលមាន​ជាង៥លាន​នាក់ គឺជា​ចំនួន​មួយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ដែលមាន​ឈ្មោះ​ទៅ​បោះឆ្នោត​ទៅហើយ។ ដូច្នេះ​តាមរយៈ​នេះ ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​នឹង​លើសពី​ពាក់កណ្តាល​ដែល​ខុសពី​វេ​ណេ​ស៊ុយ​អេ​ឡា បើទោះបី​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ក៏ដោយ។ ទោះជា​បែបនេះ​ក្តី លោក​ហ៊ុន សែន ហៅ​ការអំពាវនាវ​នេះ​ថា ជាការ​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហើយ​លោក​ជឿជាក់ថា ពលរដ្ឋ​ខ្មែរ​នឹងមិន​ធ្វើតាម​ការអំពាវនាវ​នេះ​ដោយ​បោះបង់​សិទ្ធិ​របស់ខ្លួន​ទេ។ ផ្ទុយ​មកវិញ​ពួកគេ​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕