អានតួអត្ថបទ
កម្ពជា

នាយករដ្ឋ​មន្រ្តី​វៀតណាម​ចាត់ទុក​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែនថា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​វៀតណាម​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ប្រទេស​វៀតណាម​ និង​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​ថ្ងៃត្រង់​នេះ។​ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ​ទាំង​នាយករដ្ឋមន្រ្តី​វៀតណាម​ និង​កម្ពុជា ​បាន​ចាត់​ទុកថា ​ជា​ការ​រឹត​ចំណង​មិត្តភាព​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត​។ ​បន្ថែមលើនេះ​ នាយករដ្ឋមន្រ្តី​វៀតណាម​ក៏​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកហ៊ុន សែន​ថា ​ជាកិត្តិយស​ដ៏​ធំធេង​សម្រាប់​វៀតណាម​។

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​និង​នាយករដ្ឋមន្រ្តី​វៀតណាម​
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​និង​នាយករដ្ឋមន្រ្តី​វៀតណាម​ @PM Hun Sen
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តី​វៀតណាម ​លោក​ង្វៀន សួនហ៊្វុក ​បាន​អះអាង​ថា ​រដ្ឋាភិបាល ​ក៏ដូចជា​ប្រជាជន​វៀតណាម​ បាន​ចាត់ទុក​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​វៀតណាម​នៅពេលនេះ​ គឺជា​កិត្តិយស​ដ៏​ធំធេង​ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​វៀតណាម​-កម្ពុជា ​ដែល​ជា​មិត្ត​ស្និទ្ធស្នាល ​និង​ជា​ប្រទេស​ភូមិផង​របង​ជាមួយ​គ្នា។​ លោកនាយករដ្ឋមន្រ្តី​វៀតណាម ​បាន​អះអាង​ដូច្នេះ​នៅក្នុងពិធី​លៀងសាយ​ភោជន៍​ជូនលោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​កាល​ពី​ល្ងាច​ថ្ងៃទី​០៧​ ធ្នូ​។ ​លោក​ង្វៀន សួនហ៊្វុក ​ក៏បាន​អបអរសាទរ​លោកហ៊ុន សែន ​ដែល​បាន​ជាប់​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ជា​ថ្មី​ម្តងទៀត ​ហើយ​បាន​ជ្រើសរើស​ប្រទេស​វៀតណាម​ ជា​ប្រទេស​ទីពីរ​ក្នុង​តំបន់​អាស៊ាន ​បន្ទាប់ពី​ប្រទេស​ឡាវ​ក្នុង​ការ​មក​បំពេញ​ទស្សនកិច្ច​មុនគេ​នា​ពេល​នេះ។​

ចំណែក​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​វិញ ​បាន​គូស​បញ្ជាក់​ថា ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២ថ្ងៃ​នៅប្រទេស​វៀតណាម​នេះ ​គឺ​បាន​រឹត​បន្តឹង​នូវ​ចំណងមិត្តភាព​កាន់តែ​ល្អ​រឹងមាំ​ដែល​នឹង​ជួយ​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិ​ការ​លើវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​ទេសចរណ៍ ​អប់រំ​ សន្តិសុខ​តាម​ព្រំដែន ​និង​កិច្ច​សហប្រតិបត្តិ​ការ​ដទៃៗ​ទៀត​ជាច្រើន​ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ល្អៗ​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។ ​ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏​បាន​បញ្ជាក់​ប្រាប់​លោក​នាយករដ្ឋមន្រ្តី​វៀតណាម​ដោយផ្ទាល់​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​ថា​ កម្ពុជា​មិនអនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹក​កម្ពុជានោះ​ឡើយ​។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ផ្តើម​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី៦ ​ធ្នូ ​និង​បញ្ចប់​នៅ​ថ្ងៃទី៨​ ធ្នូ​។ ​ដំណើរ​ទស្សនកិច្ច​នេះ ​នាយករដ្ឋមន្រ្តី​កម្ពុជា​នាំ​ទៅជាមួយ​សុទ្ធតែ​រដ្ឋមន្រ្តី​សំខាន់​ៗ​ដល់​ទៅ​១០ក្រសួង ​និង​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ផងដែរ​។ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃនេះ​ កម្ពុជា​ និង​វៀតណាម​ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៦ ​រួមមាន ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​យុទ្ធសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​រយៈពេល​៧​ឆ្នាំ​ពី​ឆ្នាំ​២០១៨​-២០២៥​។ ​វិសោធនកម្ម​ពិធីសារ​ឆ្នាំ​២០០៥ ​សម្រាប់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​ឆ្នាំ​១៩៩៨​ និង ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​កា​រដឹកជញ្ជូន​ផ្លូវទឹក​ឆ្នាំ​២០០៩​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-​វៀតណាម ​ កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជកម្ម​ទ្វេភាគី​កម្ពុជា​-វៀតណាម ​សម្រាប់​ឆ្នាំ​២០១៨​-២០១៩ ​ស្តីពី​ការ​អនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យគ្នា​ទៅវិញ​ទៅមក ​និង ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ទប់ស្កាត់​ការជួញដូរ​ ការ​ជីកកកាយ​ដោយ​ខុសច្បាប់ ​និង​ការ​នាំ​ត្រឡប់​មកវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ វៀតណាម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ