អានតួអត្ថបទ
កម្ពជា

លោកហ៊ុន សែន ​ចោទសួរ​និង​រង់ចាំ​ការ​បំភ្លឺ​ពី​ទូត​អាមេរិក​រឿងប្រកាស​កាត់​ជំនួយ​ពន្ធដារ​

នៅក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ-កម្ម​ការ​នី​ខ្មែរ​ប្រមាណ ជាង២ម៉ឺន​នាក់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្មខ្លាំងៗទៅនឹង​រឿង​ដែល​អាមេរិក​កាត់ផ្តាច់​ជំនួយ​មកកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​បានទាមទារ​ឲ្យ​ទូត​អាមេរិក​បំភ្លឺ​រឿង​ការ​កាត់​ជំនួយ​នេះ ព្រោះថា​នៅពេលនេះ​កម្ពុជា​មិនបាន​ទទួល​ជំនួយ​ពី​អាមេរិក​ឡើយ។ ភ្លាមៗនេះ ស្ថានទូត​អាមេរិក​មិនទាន់មាន​ការឆ្លើយតប​បែប​ណាមួយ​នៅឡើយ​ទេ។

លោកហ៊ុន សែន ចោទសួរនិងរង់ចាំការបំភ្លឺពីទូតអាមេរិករឿងប្រកាសកាត់ជំនួយពន្ធដារ
លោកហ៊ុន សែន ចោទសួរនិងរង់ចាំការបំភ្លឺពីទូតអាមេរិករឿងប្រកាសកាត់ជំនួយពន្ធដារ @PM Facebook
ផ្សាយពាណិជ្ជកម្ម

ពី​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចោទសួរត្រង់ៗទៅកាន់​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ឯណេះ​ថា តើ​អាមេរិក​មាន​គោលបំណង​អ្វី បានជា​មក​ប្រកាស​កាត់​ផ្តាច់ជំនួយ​ផ្នែក​ពន្ធដារ​កម្ពុជា​នៅពេលនេះ? ការដាក់​សំណួរ​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ គឺ​ដោយសារតែ​លោក​អះអាងថា នៅពេលនេះ អាមេរិក​មិនបាន​ផ្តល់ជំនួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ សូម្បី​តែមួយ​សេន​ផង​ទេ តែ​បែរជា​មក​ប្រកាស​ផ្តាច់​បែបនេះ​ទៅវិញ។

ប្រតិកម្ម​ទាមទារ​រប​ស់លោក​នាយក​មន្ត្រី​ហ៊ុន សែន​នេះ កើតឡើង​ក្រោយពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១ មីនា បាន​សរសេរ​លិខិត​មួយ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច ដោយ​ប្រកាស​ផ្អាក​ជំនួយ​មកកាន់​អគ្គនាយកដ្ឋាន​នេះ ដោយសារតែ​បាន​ចូលរួម​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដើរ​ថយក្រោយ។ ការប្រកាស​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ស្រងាកចិត្ត​ប៉ុណ្ណោះ​ទេ តែ​សូម្បីតែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដែរ។ នេះ​ក៏​ព្រោះថា អាមេរិក​បាន​ផ្អាក​ជំនួយ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​តាំងពី​ចុងឆ្នាំ២០១៦មក​ម្លេះ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ មិនទាន់​ចេញមុខ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅឡើយ​ទេ។ តែ​ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​អះអាងថា លោក​នឹង​រង់ចាំ​នូវ​ការឆ្លើយតប​ពី​ទូត​អាមេរិក ដើម្បី​នឹង​បន្ត​បេស​កក​ម្មនុស្សធម៌​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​លើទឹក​ដី​កម្ពុជា។ ទន្ទឹមនឹង​ការរង់ចាំ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ចាត់ទុក​ទង្វើរ​បស់​ស្ថានទូត​អាមេរិក​នេះ ថា​មាន​គោលបំណង​មួលបង្កាច់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្រោម​កម្មវត្ថុ​នយោបាយ។ កម្មវត្ថុ​នយោបាយ​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ចង់​សំដៅ​ដល់​នោះ គឺ​អាមេរិក​តាមរយៈ​នេះ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រស់​ឡើងវិញ។ ក៏ប៉ុន្តែ​លោក​ហ៊ុន សែន បាន​កាត់ផ្តាច់​បំណង​ទៅហើយ​ថា គ្មាន​ផ្លូវ​នោះទេ។

ត្បិត​ថា​ចេញ​ប្រតិកម្មខ្លាំងៗទៅកាន់​ស្ថានទូត​អាមេរិក​បែបនេះ​ក៏ពិតមែន ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅតែ​អះអាងថា​លោក​មិន​ប្រឆាំង​អាមេរិក​ឡើយ តែ​ថា​លោក​ចាំបាច់​ត្រូវធ្វើ​ការកែតម្រូវ​នូវ​អ្វីដែល​អាមេរិក​និយាយ​ខុស​មកលើ​កម្ពុជា។ លើសពីនេះទៅទៀត លោក​ហ៊ុន សែន ក៏​គូសបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា លោក​នៅតែមាន​ចេតនា​ចង់​កសាង​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក បើទោះបីជា​នៅ​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​អាមេរិក​បាន​ចុះ​ស្រអាប់​ខុសពី​ធម្មតា​យ៉ាងណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ