អានតួអត្ថបទ
កម្ពជា

លទ្ធផល​បណ្តោះអាសន្ន​៖​បក្ស​​ប្រជាជន​​ឈ្នះ​ឆ្នោត​​លើស​លប់​​ហួស​​ពី​​ការ​រំពឹង​ទុក​​របស់​ខ្លួន​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បានប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ដោយ​បង្ហាញថា បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​ជាង៤លាន ៨៨ម៉ឺន​សំឡេង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦នេះ។ តួលេខ​នេះ គឺមាន​ចំនួន​ច្រើនជាង​លទ្ធផល​ក្រៅផ្លូវការ​ដែល​ប្រកាសឡើង​ដោយ​បក្ស​កាន់អំណាច​ដែលថា មាន​សំឡេងឆ្នោត​ជាង៤លាន៨៧ម៉ឺន​សំឡេង។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​បណ្តោះអាសន្នរ​ប​ស់គ.ជ.ប​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជិត៧លាន​នាក់(៦,៩៥៦,៩០០នាក់) ឫ៨៣,០២ភាគរយ បាន​ចេញទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ថ្ងៃទី២៩ កក្កដា។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទទួលបាន​សំឡេងឆ្នោត​៤លាន៨៨ម៉ឺន​៩ពាន់​១១៣​សំឡេង(៤,៨៨៩,១១៣សំឡេង) ហើយ​តាម​ពីក្រោយ​តែ​ឆ្ងាយ​ដាច់​មែនទែន​ដោយ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​ដែល​ទទួលបាន​សំឡេងឆ្នោត​ជាង៣៧ម៉ឺន​សំឡេង(៣៧៤,៥១០សំឡេង) ។

គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ខឹម វាសនា​វិញ​ទទួលបាន​ជាង៣០ម៉ឺន​សំឡេង(៣០៩,៣៦៤សំឡេង) បន្តកន្ទុយ​ពីក្រោយ​ដោយ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​លោក​គង់ គាំ​ដែល​ទទួលបាន​សំឡេងឆ្នោត​ជាង២១ម៉ឺន​សំឡេង(២១២,៨៦៩សំឡេង)។ រីឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ញឹក ប៊ុនឆៃ ទទួលបាន​សំឡេង​ជិត១០ម៉ឺន​សំឡេង(៩៩,៣៧៧សំឡេង) ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក​យ៉ង សាំង​កុមារ ទទួលបាន​សំឡេង​ជាង៧ម៉ឺន​សំឡេង(៧០,៥៦៧សំឡេង)។ចំណែក​គណបក្ស​ចំនួន១៥ផ្សេងទៀត​ភាគច្រើន​ទទួលបាន​សំឡេង​ក្នុង​ខ្ទង់​ម៉ឺន ប៉ុន្តែ​ក៏មាន​គណបក្ស​ចំនួន​បី​ទៀត​គឺ​គណបក្ស​រស្មី​ខេមរា បក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​មាតុភូមិ​យើង​ទទួលបាន​សំឡេងឆ្នោត​ក្រោម​ខ្ទង់​ម៉ឺន។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​សំឡេង​លើសលប់​នៅ​អាណត្តិ​នេះ បាន​ចេញមក​អរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត និង​ផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​រូបលោក និង​គណបក្សកាន់អំណាច។ ក្រៅពី​អរគុណ លោក​ហ៊ុន សែន ក៏បាន​ប្រកាស​ប្តេជ្ញា​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា លោក​នឹងមិន​ឲ្យ​ប្រជាពលរដ្ឋ​ខកបំណង​ឡើយ ហើយ​ថា​ច្បាស់​ណាស់ គឺ​កម្ពុជា​ត្រូវការ​សុខសន្តិភាព​យូរអង្វែង ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន។

សូម​កត់សម្គាល់ថា បើទោះបី​ការបោះឆ្នោតជាតិ​នៅ​អាណត្តិ​នេះ មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជិត៧លាន​នាក់​ក៏ពិតមែន ប៉ុន្តែ​ចំនួន​សន្លឹកឆ្នោត​បានកា​រ​មាន​ជាង៦លាន ៣៦ម៉ឺន​សន្លឹក ហើយ​សន្លឹកឆ្នោត​មិនបានការ​វិញ មាន​ចំនួន​រហូតដល់​ជិត៦០ម៉ឺន​សន្លឹក​ឯណោះ។ នេះ​បើតាម​លទ្ធផល​បោះឆ្នោត​ប​ណ្តោះ​អាសន្ន​របស់​គ.ជ.ប។ យ៉ាងណាក៏ដោយ តាមរយៈ​លទ្ធផល​បណ្តោះ​អាសន្ន​នេះ គឺអាច​បង្ហាញ​ច្បាស់​ហើយ​ថា អាសនៈ​ទាំង១២៥នៅក្នុង​សភា​នឹង​ធ្លាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់។ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ដំបូង​នៅ​ថ្ងៃទី៥ ខែកញ្ញា ខណៈ​រដ្ឋាភិបាល​ថ្មី​នឹងត្រូវ​ប្រកាសឡើង​នៅ​ថ្ងៃទី៦ កញ្ញា បន្ទាប់ពី​គ.ជ.ប​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃទី១៥ ខែ សីហា សប្តាហ៍​ក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ