អានតួអត្ថបទ
កម្ពុជា

នាយក​​វិទ្យុ​​អាស៊ីសេរី​ស្នើឱ្យ​​មាន​ការ​​ទម្លា​ក់ចោល​​បទ​ចោទ​​​លើ​​អតីត​​អ្នក​សារព័ត៌​មាន​​របស់​​ខ្លួន​​ពីរ​​នាក់​

លោក Mat Pennington នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី២២ វិច្ឆិកា បាន​ជួប​ដោយផ្ទាល់​ជាមួយ​លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ដើម្បី​ស្នើសុំ​បើក​ការិយាល័យ​ផ្សាយ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយនឹង​ការស្នើសុំ​នេះ លោក Mat Pennington ក៏បាន​ពិភាក្សា​ជាមួយ​លោក ខៀវ កាញារីទ្ធ ដើម្បី​ស្វែងរក​ការទម្លាក់​បទចោទប្រកាន់​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ផងដែរ។

លោក Mat Pennington នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃវិទ្យុអាស៊ីសេរីបានជួបដោយផ្ទាល់ជាមួយលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា
លោក Mat Pennington នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃវិទ្យុអាស៊ីសេរីបានជួបដោយផ្ទាល់ជាមួយលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា @FB
ផ្សាយពាណិជ្ជកម្ម

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក Mat Pennington បាន​តស៊ូ​មតិ​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ដើម្បីឱ្យ​មានការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួ​ន ឈិន និង លោក យាង សុធា​រិន្ទ។ អ្នក​ទាំងពីរ​នាក់​នេះ ត្រូវបាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពីបទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ និង បទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។ អ្នក​ទាំងពីរ​នេះ​ក៏​ទើប​ត្រូវបាន​តុលាការ​ប្រកាស​បើក​ការស៊ើបអង្កេត​ឡើងវិញ ដោយ​មិនបាន​កំណត់​ពេលវេលា​ច្បាស់លាស់​ផងដែរ។

នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​វិទ្យុ​អាស៊ីសេរី លោក​Mat Pennington បាន​អះអាង​ប្រា​ប់លោក ខៀវ កាញារីទ្ធ​ថា ការទម្លាក់​បទ​ចោទ​ប្រឆាំង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប​នេះ គឺជា​ប្រការ​ដែល​អាចជួយ​ដល់​អ្នកសារព័ត៌មាន​ទាំងឡាយ រួមទាំង​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នា​ថ្ងៃ​អនាគត​ផង​ឱ្យមាន​ទំនុកចិត្ត​ថា ពួកគេ​ត្រូវធ្វើ​ការងារ​របស់គេ​ដោយមាន​សុវត្ថិភាព និង​ស្ថិតក្នុង​បរិយាកាស​អំណោយផល​ដ​ល់​សេរីភាព​សារព័ត៌មាន និង​នីតិរដ្ឋ ។

ក្រៅពី​ការលើកឡើង​ពី​សំណុំរឿង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នេះ លោកនាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​វិទ្យុ​អាស៊ីសេរី​ក៏បាន​ស្នើសុំ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​អនុញ្ញាតឱ្យ​វិទ្យុ​អាស៊ីសេរី​បើក​ការិយាល័យ​ផ្សាយ​របស់ខ្លួន​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ លោក ខៀវ កាញារីទ្ធ មិន​យល់​ទាស់​អ្វី​ទេ​ចំពោះ​សំណើ​នេះ ប៉ុន្តែ​បាន​តម្រូវឱ្យ​វិទ្យុ​អាស៊ីសេរី​ត្រូវធ្វើ​ការកែតម្រូវ​នូវ​ពាក្យពេចន៍​មួយចំនួន​ក្នុងការ​ផ្សាយ និង ត្រូវបំពេញ​បែបបទ​ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ត្រឹមត្រូវ។ ក្រៅពី​វិទ្យុ​អាស៊ីសេរី ក្រសួង​ព័ត៌មាន​កម្ពុជា​ក៏បាន​បើកភ្លើង​ខៀវ​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​VOA ដំណើរការ​ផ្សាយបាន​ឡើងវិញ​ផងដែរ។

សូមបញ្ជាក់ថា វិទ្យុ​អាស៊ីសេរី និង វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​VOA បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​ផ្សាយ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ខ្លួនឯង​កាលពី​ចុងឆ្នាំ២០១៧កន្លងទៅ។ ការបង្ខំចិត្ត​បិទទ្វារ​នេះ គឺ​ដោយសារតែ​វិទ្យុ​ទាំងពីរ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​អះអាងថា ធ្វើ​សកម្មភាព​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​មិន​បានមក​ចុះបញ្ជី​ពន្ធដារ​តាមច្បាប់​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ