rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋមន្ត្រី៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលព័ត៌​មាន​នឹង​ក្លាយ​ជា​ឧបករណ៍​លែង​ចោទ​គ្នា​ទៅវិញ​ទៅ​មក

media
រូបភាពៈកិច្ចពិភាក្សាបញ្ចប់លើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅថ្ងៃពុធទី៣១មករានេះ។ @RFI

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​រំពឹងថា នៅ​ពេល​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួលមាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នឹង​លែងមានការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​លាក់​បាំង​ព័ត៌មាន​នានា​រវាង​​រដ្ឋាភិបាល និង​អ្នក​សារព័ត៌​មាន​ក៏​ដូច​ជា​អង្គការ​សង្គមស៊ីវិល​ជាដើម។ ក្ដី​រំពឹងរបស់​លោករដ្ឋមន្ត្រី​បែប​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​បញ្ចប់​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ទី​៣១​មករា​នេះ។


លោក ខៀវ កញារិទ្ធិ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​កត់​សម្គាល់​ថា កន្លង​មក​ការ​រឹត​ត្បិត​ព័ត៌មាន​​ពី​សំណាក់​អាជ្ញាធរ​បាន​ក្លាយ​ជា​រឿង​មិន​ទុក​ចិត្ត​គ្នា​រវាង​អាជ្ញាធរ និង​សាធារ​ណៈជន​រួម​នឹង​អ្នក​សារព័ត៌មាន។ ដូច្នេះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពីសិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​បាន​ក្លាយ​ជាឧបករណ៍​មាន​ទំនុក​ចិត្ត​រវាង​សាធារណៈជន និង​អាជ្ញាធរ​ព្រោះ​អត្ថ​ប្រយោជន៍​​នៃ​ច្បាប់​នេះ មិនមែន​ប្រើប្រាស់​ចំពោះ​តែ​អ្នក​សារព័ត៌​មាន​ទេ ពោល​គឺ​ច្បាប់​នេះ​​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ។ នេះ​បើតាម​លោករដ្ឋមន្ត្រី។

បន្ទាប់​ពី​ឆ្លងកាត់​ដំណាក់​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​នឹង​ម្ចាស់​ជំនួយ​ដែល​ជា​ដៃ​គូរ​អន្តរជាតិ​អស់​រយៈ​ពេល​ជិត​បីឆ្នាំ រហូត​មក​ដល់​ដំណាក់​កាល​បញ្ចប់​កិច្ច​ពិភាក្សា​បឋមនៅ​ថ្ងៃ​ពុធ​ទី​៣១​មករា​នេះ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវបាន​គេ​ជឿជាក់​មាន​លក្ខ​ណៈ​​​ល្អ​ប្រសើរ​ជាង​មុន ។ ហើយក៏​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ទំនាស់​ដែរ​ដោយ​សារ​តែ​​កិ​ច្ច​ពិភាក្សា​កន្លង​មក​ចូលរួម​ពិភាក្សា​ពី​ក្រុម​អង្គការ​សង្គមស៊ីវិល​ធ្វើ​ការ​ងារទាក់ទង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការងារបន្ត លោក ខៀវ កញារិទ្ធិ គូសបញ្ជាក់ថា បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​បឋម​លើ​សេច​ក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ លោក​កំពុង​សសេរ​សំណើ​រ​ទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ជា​អន្តរ​ក្រសួង​ជាមុន​សិន មុន​ដាក់​បញ្ចូល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​ក្នុង​របៀបវារៈ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ។ បើ​តាម​លោក​រដ្ឋ​មន្ត្រី​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​លេចចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំ២០១៨​នេះ។

សូមបញ្ជាក់ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ មាន​៩​ជំពូក ៣៩​មាត្រា។ ជា​ការ​កត់សម្គាល់ ជំពូក៤​ស្ដីពី​ព័ត៌មាន​សម្ងាត់ ក្នុង​ចំណោម​៩ជំពូក​នៃ​សេចក្ដី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​អះអាង​ថា ជា​ចំណុច​មួយ​សំខាន់​ដែល​អ្នក​សារព័ត៌​ចង់​ឲ្យ​មានការ​បន្ធូរ​បន្ថយ​លើ​ចំណុច​នេះ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ជំពូក​ស្ដីពី​ព័ត៌មាន​សម្ងាត់​នេះបាន​កំណត់​ថា ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​ផ្ដល់​ព័ត៌មាន​ជូន​សាធារណៈជន ប្រសិនបើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខសង្គម ជាដើម៕