នាយករដ្ឋមន្ត្រីឡាវនឹងមកកម្ពុជា២ថ្ងៃនៅសប្តាហ៍ក្រោយនេះដើម្បីដោះស្រាយបញ្ហាព្រំដែន
នាយករដ្ឋមន្ត្រីឡាវ លោកថងលូន ស៊ីស៊ូលីត នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញាសប្តាហ៍ក្រោយនេះ។ នេះបើតាមប្រកាសឱ្យដឹងរបស់ក្រសួងបរទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រីឡាវមកកាន់កម្ពុជានេះក្នុងគោលបំណងជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដែលនៅសេសេសល់រវាងប្រទេសជិតខាងទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៧
លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជានាពេលខាងមុខនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយជាពិសេសនោះ គឺពិភាក្សាលើបញ្ហាព្រំដែន។ បញ្ហាព្រំដែនរវាងកម្ពុជា និងឡាវ ដែលនៅសេសសល់ប្រមាណជា ១៦%ទៀត នៅតែមិនទាន់បានដោះស្រាយបញ្ចប់បាននៅឡើយមកដល់ពេលនេះ។
គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំឡាវមកកាន់ប្រទេសកម្ពុជានាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខនេះ ប្រមុខការទូតកម្ពុជា គឺលោកប្រាក់ សុខុន ក៏បានទៅកាន់ប្រទេសឡាវរយៈពេលពីរថ្ងៃដែរកាលពីថ្ងៃទី០៥ និង ទី០៦ ខែកញ្ញា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន បានជួបផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឡាវដោយបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ដោយត្រង់ទៅត្រង់មកអំពីដំណោះស្រាយបញ្ហាព្រំដែននៅសេសសល់ និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក៏ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរបានត្រឹមតែបញ្ជាក់ពីការឯកភាពគ្នាធ្វើយ៉ាងណាឱ្យដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវមកកម្ពុជាធ្វើឡើងដោយជោគជ័យប៉ុណ្ណោះ។
សូមកត់សម្គាល់ថា ការទៅកាន់ប្រទេសឡាវពីសំណាក់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងគម្រោងមកកាន់ប្រទេសកម្ពុជាវិញរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាព្រំដែនកម្ពុជា-ឡាវបានកើតឡើងជាថ្មីនៅក្នុងខេត្តព្រះវិហារកាលពីខែសីហា រហូតដល់មានដាក់ពង្រាយកងទ័ពរៀងៗខ្លួននៅតំបន់នោះថែមទៀត។ បញ្ហាថ្មីនេះ គឺបន្ថែមទៅលើបញ្ហាជម្លោះព្រំដែននៅក្នុងខេត្តស្ទឹងត្រែងកាលពីឆ្នាំ២០១៧ ដែលមានការប្រឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។ ប៉ុន្តែបញ្ហាទាំងនេះ មិនបានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធនោះទេ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជួបពិភាក្សា និង ព្រមព្រៀងគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ