អានតួអត្ថបទ
កម្ពជា

កំពូល​​កីឡាករ​​​​ជប៉ុន​​HONDA​ស្ម័គ្រ​ចិត្ត​​ធ្វើ​ជា​​គ្រូប​ង្វឹក​​ថ្មី​​ក្រុ​ម​​ជម្រើស​ជាតិ​​កម្ពុជា​​ដោយ​​មិន​​យក​ប្រាក់​​ខែ​

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានសម្រេច​តែងតាំង​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន គឺ​លោក Keisuke HONDA ធ្វើជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា។ Keisuke HONDA បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅក្នុង​ស​ន្និសិទ​កាសែត​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ព្រឹក​មិញ​នេះ។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា កីឡាករ HONDA មក​ធ្វើជា​គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ​ដោយ​ស្ម័គ្រចិត្ត មិន​យក​ប្រាក់ខែ​នោះឡើយ។

Keisuke HONDA ​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១២ ​សីហា ​ឆ្នាំ​២០១៨​
Keisuke HONDA ​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១២ ​សីហា ​ឆ្នាំ​២០១៨​ @​សហព័ន្ធ​កីឡា​បាលទាត់​កម្ពូុជា​
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​សៅ សុខា បានបង្ហាញ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​កីឡាករ​Keisuke HONDA ដែល​បាន​សុខចិត្ត​មក​បង្ហា​ត់ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​យកប្រាក់​កម្រៃ​បែបនេះ។ តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​សៅ សុខា ក៏​អះអាង​ដែរ​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ធានារ៉ាប់រង​រាល់​ការចំណាយ​លើ​ការធ្វើដំណើរ ស្នាក់នៅ និង​ការធ្វើ​កិច្ចការ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​ជប៉ុន​រូបនេះ។ សម្រាប់​លោក​សៅ សុខា វត្តមាន​របស់ Keisuke HONDAនៅពេលនេះ វា​នឹង​ចូលរួមចំណែក​គាំទ្រ និង​ជួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា។

ចំណែក​Honda វិញ​តាមរយៈ​អ្នកបកប្រែ​បានលើកឡើង​ថា ក្តី​បំណង​ចង់​ជួយ​ដល់​បាល់ទាត់​កម្ពុជា​របស់គេ​នៅពេលនេះ​បាន​ក្លាយជា​ការពិតហើយ។ នៅ​ពីមុខ​អ្នកកាសែត​ជាច្រើន លោក​Honda បាន​បញ្ជាក់ថា ចំពោះ​វិស័យ​បាល់ទាត់​កម្ពុជា លោក​មាន​បេសកកម្ម​ពីរ​នៅ​ចំពោះមុខ គឺ​ទីមួយ លោក​នឹង​បង្កើត​របៀប​លេង​ថ្មី​ដែលជា​របស់​កម្ពុជា ហើយ​វា​នឹង​ចាប់​ផ្តើមចេញ​ក្រុម​ជម្រើសជាតិ និង​ទៅកាន់​ក្លិប​បាល់ទាត់​នានា​ក្នុងស្រុក។ រីឯ​បេសកម្ម​ទី​ពីរ គឺ​លោក​នឹង​ជួយ​ផ្សព្វផ្សាយ​នូវ​អ្វីដែលល្អៗដូចជា​វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក។

មាន​វ័យ៣២ឆ្នាំ Keisuke HONDA កំពុងតែ​លេង​ឲ្យ​ក្លិប Melbourne Victory នៅក្នុង​ប្រទេស​អូស្ត្រាលី។ តាំងពី​ឆ្នាំ២០០៤មកដល់​ឆ្នាំ២០១៨នេះ HONDA ធ្លាប់​លេង​ឲ្យ​ក្លិប​នៅក្នុង​ប្រទេស​ជប៉ុន ក្លិប​នៅ​ហូ​ឡង់ រុស្ស៊ី អ៊ីតាលី និង​ចុងក្រោយ​នៅ​ម៉ិ​ក​ស៊ិ​ក។ សម្រាប់​ប្រទេស​កម្ពុជា​វិញ កីឡាករ​បាល់ទាត់​រូបនេះ បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ក្លិប​បាល់ទាត់ Soltilo Angkor FC ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប និង​កំពុង​លេង​នៅ​លី​គ​កំពូល​កម្ពុជា។ Keisuke HONDA ក៏​ធ្លាប់​ចូលរួម​ប្រយុទ្ធ​លើ​វាលស្មៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​តទល់​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ម្តង​ដែរ​កាលពី​ឆ្នាំ២០១៥កន្លងទៅ។

យ៉ាងណាក៏ដោយ សម្រាប់​ការ​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជំនួស​គ្រូបង្វឹក​ចាស់​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ Keisuke HONDA បាន​អះអាងថា រូបគេ​នឹងមិន​បាន​ចុះ​ផ្ទាល់​ជាមួយ​ក្រុម​កីឡាករ​បាន​ច្រើន​ទេ ដោយសារតែ​មានការ​រ​វល់​ច្រើន។ ប៉ុន្តែ​រូបគេ​នឹង​ដឹកនាំ​កិច្ចប្រជុំ​មួយ​សប្តាហ៍​ម្តង​តាមរយៈ​វីដេអូ Conference ជាមួយ​ក្រុមការងារ​នៅ​កម្ពុជា។ ភារកិច្ច​បន្ទាប់​ក្រោយ​កាន់តំណែង​ជា​គ្រូធំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ Keisuke HONDA នឹងត្រូវ​ដឹកនាំ​ក្រុម​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup នៅ​ខែវិច្ឆិកា​ខាងមុខនេះ នៅក្នុង​ប្រទេស​ឡាវ។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតក្នុង​ពូ​ល A ដោយ​នឹងត្រូវ​តទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឡាវ វៀតណាម ម៉ាឡេស៊ី និង មី​យ៉ាន់​ម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ