រដ្ឋមន្ត្រីការបរទេសជប៉ុនជំរុញឲ្យលោកហ៊ុន សែន ធានាថាការបោះឆ្នោតនឹងធ្វើឡើងដោយយុត្តិធម៌
នៅក្នុងជំនួបដ៏កម្រមួយកាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកតារ៉ូ កូណូ (Taro Kono)បានជំរុញទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យធានាថា ការបោះឆ្នោតសកលរបស់កម្ពុជានាពេលខាងមុខនេះ នឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។ ជាការឆ្លើយតបវិញ លោកហ៊ុន សែន បានអះអាងនៅចំពោះមុខលោកតារ៉ូ កូណូ ថាការបោះឆ្នោតនៅចុងខែកក្កដាខាងមុខនឹងមានភាពសេរី និងយុត្តិធម៌។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២១
ព័ត៌មានស្តីការជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធានាពីការបោះឆ្នោតពីសំណាក់រដ្ឋមន្ត្រីក្រសួងការបទេសជប៉ុននេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹងដោយទូរទស្សន៍ជប៉ុនNHK។ ទូរទស្សន៍ជប៉ុនNHKនេះ បានចុះផ្សាយថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសម្តែងនូវការព្រួយបារម្ភអំពីភាពយុត្តិធម៌នៃការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខនេះដោយសារតែមានការរំលាយគណបក្សប្រឆាំងដ៏ធំបំផុតកាលពីឆ្នាំទៅ។ ដូច្នេះហើយ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកតារ៉ូ កូណូ(Taro Kono)បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន ធានាថា ការបោះឆ្នោតនាពេលខាងមុខនឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។ លោកតារ៉ូ កូណូ(Taro Kono) បានគូសបញ្ជាក់ថា ការបោះឆ្នោតគួរតែឆ្លុះបញ្ចាំងពិតប្រាកដពីឆន្ទៈរបស់ប្រជាពលរដ្ឋ។ បើតាមលោករដ្ឋមន្ត្រីការបរទេសជប៉ុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងប្រាប់លោកថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។
គួរបញ្ជាក់ថា មុនមកដល់កម្ពុជាដើម្បីជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នេះ លោករដ្ឋមន្ត្រីលោកតារ៉ូ កូណូ(Taro Kono) ធ្លាប់បានបញ្ជាក់ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុនថា ជំហររបស់រដ្ឋាភិបាលជប៉ុនគឺនៅតែបន្តជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបាននៅកម្ពុជា។ លោកតារ៉ូ កូណូ ក៏សង្ឃឹមថា វិបត្តិនយោបាយនៅកម្ពុជានឹងអាចដោះស្រាយបានតាមរយៈការជជែកគ្នារវាងខ្មែរនិងខ្មែរខ្លួនឯង។ ការលើកឡើងរបស់លោកតារ៉ូ កូណូនាពេលនោះ ធ្វើឡើងស្របពេលដែលកូនស្រីលោកកឹម សុខា គឺកញ្ញាកឹម មនោវិទ្យា កំពុងស្ថិតនៅក្នុងប្រទេសជប៉ុនដើម្បីស្វែងរកការជួយអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុនចំពោះបញ្ហានយោបាយនៅកម្ពុជា។ បញ្ហានយោបាយនៅកម្ពុជា ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងលោកកឹម សុខា ដែលជាប្រធានបក្សត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
ជុំវិញបញ្ហានយោបាយនៅកម្ពុជានេះ លោករដ្ឋមន្ត្រីបរទេសជប៉ុន បានអះអាងប្រាប់ក្រុមអ្នកកាសែតថា ប្រទេសជប៉ុន គឺជាមិត្តយូរអង្វែងមួយរបស់កម្ពុជា ដូចនេះ ជប៉ុនមិនចង់ឃើញប្រទេសកម្ពុជាប្រឈមមុខនឹងការរិះគន់ឡើយ។ លោកតារ៉ូ កូណូ បានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រទេសជប៉ុននឹងនៅតែបន្តឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនៅកម្ពុជាកាលពីថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានចុះហត្ថលេខាផ្តល់ជំនួយបន្ថែមដល់កម្ពុជាប្រមាណជា៩០លានដុល្លារអាមេរិកផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ