អានតួអត្ថបទ
កម្ពុជា

អង្គការ​​អ្នក​ប្រជាធិបតេយ្យ​​និយម​​កណ្តាល​​អន្តរជាតិ​​ស្នើ​ឱ្យ​​អឺរ៉ុប​​ប្រព្រឹត្ត​​ដោយ​​យុត្តិធម៌​​លើ​​កម្ពុជា​​រឿង​​EBA​

អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) នៅ​ថ្ងៃទី១០ ខែមេសា បានចេញ​សេចក្តីថ្លែងការណ៍​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​អនុវត្ត​ដោយ​យុត្តិធម៌​មកលើ​ប្រទេស​កម្ពុជា​ជុំវិញ​រឿង​ដក​ឫ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។ ការជំរុញ​របស់​អង្គការ​អន្តរជាតិ​នេះ ធ្វើឡើង​ស្របពេល​សហភាព​អឺរ៉ុប​កំពុងតែ​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​កម្ពុជា។

ផលិត​ផល​កាត់ដេរ​នាំ​ចូល​អឺរ៉ុប​ដោយ​រួច​ពន្ធ​
ផលិត​ផល​កាត់ដេរ​នាំ​ចូល​អឺរ៉ុប​ដោយ​រួច​ពន្ធ​ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

“យើង​ដែលជា​សមាជិក​នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ(IDC-CDI)សូម​អំពាវនាវ​ដល់​ស​ហ​ភាព​អឺរ៉ុប​ឱ្យ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​មកលើ​ប្រទេស​កម្ពុជា​ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA”។ នេះ គឺជា​សារ​អំពាវនាវ​របស់​អង្គការ​អ្នកប្រជា​ធិប​តេយ្យ​និយម​កណ្តាល​អន្តរជាតិ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី១០ ខែ​មេសាកន្លងទៅ​។ អង្គការ​អន្តរជាតិ​នេះ​ក៏បាន​កត់សម្គាល់​ដែរ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ទើប​ងើប​ពី​ភ្លើងសង្គ្រាម និង​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បានទទួល​អត្ថប្រយោជន៍​ពី​ការអនុគ្រោះ​ពាណិជ្ជ​កម្មនេះ ហើយ​កម្មករ​រោងចក្រ​កម្ពុជា​ប្រមាណ១លាន​នាក់ ភាគច្រើន​ជា​ស្ត្រី​មកពី​ជនបទ​បានទទួល​ការងារ​នៅក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​ដែល​ទទួល​បានការ​រួច​ពន្ធ និង​គ្មាន​កូតា​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប។ នេះ គឺជា​ហេតុផល​ដែល​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើងវិញ​ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន​មកលើ​ប្រទេស​កម្ពុជា។

ការជំរុញ​របស់​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​បានចាប់ផ្តើម​ដំណើការ​នីតិវិធី​នៃ​ការ​ព្យូ​រ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​កាលពី​ថ្ងៃទី១២ខែកុម្ភៈ ហើយ​នីតិវិធី​នេះ​មាន​រយៈពេល១៨ខែ។ វិធានការ​របស់​សហ​ភាព​អឺរ៉ុប​នេះ​ដាក់ចេញ​ឡើង​ដោយសារតែ​មិនឃើញ​មានការ​កែលម្អ​ច្បាស់លាស់​និង​ជាក់ស្ដែង​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ក៏ដូចជា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក៏ប៉ុន្តែ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ(IDC-CDI) បាន​គូសបញ្ជាក់ថា ដំណើរការ​ប្រជាធិបតេយ្យ គឺជា​ដំណើរការ​វែងឆ្ងាយ​មួយ ហើយ​ការកើនឡើង​ចំនួន​ប្រជាជន​វណ្ណៈ​កណ្តាល​ក្នុងប្រទេស​កម្ពុជា​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការរួមបញ្ចូល​គ្នា​ពេញលេញ​នៃ​តម្លៃ​ប្រជាធិបតេយ្យ និង​ការស្ថាបនា​ស្ថាប័ន​ប្រជាធិបតេយ្យ។ បើតាម​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បានរួម​ចំណែក​យ៉ាងច្រើន​ដល់​មូលដ្ឋាន​សេដ្ឋកិច្ច​នៃ​របប​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា។

ហេតុ​ដូច្នេះហើយ អង្គការ​នេះ បានស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​នេះ​មុន​នឹងធ្វើ​សេចក្តីសម្រេច​ថា តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​កម្ពុជា ឬក៏​អត់។ ជាមួយនឹង​លើកឡើង​បែបនេះ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​ក៏បាន​អះអាងថា ប្រជា​ពល​កម្ពុជា​បាន​ទទួលរង​ការឈឺចាប់​គ្រប់គ្រាន់​ហើយ។ ដូចនេះ ពួកគេ​ស័ក្តិសម​នឹង​រស់នៅក្នុង​សន្តិភាព វិបុលភាព និង​សុភមង្គល។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ចង់ឃើញ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​រីកចម្រើន និង​ការពង្រឹង​សេដ្ឋកិច្ច ដោយមាន​ការយោគយល់ និង​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ