rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​​ប្រកាស​​គាំទ្រ​​ការ​​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​​របស់​​រដ្ឋាភិបាល​​កម្ពុជា​​

media
លោក ញ៉េប ប៊ុនជិន​ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ @RFI

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​តាម​រយៈអ្នកនាំពាក្យ​បាន​អះអាង​ប្រាប់វិទ្យុ​បារាំង​អ​ន្តរជាតិ​ថា ​គណបក្ស​រាជានិយម​មួយនេះ​គាំទ្រ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ ​និង​ការកំណត់​ឲ្យ​មាន​ច្បាប់​ដាក់​ទោសទណ្ឌ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។​ ការ​អះអាង​នេះ​ ធ្វើឡើង​ក្រោយ​ពី​រដ្ឋាភិបាលកម្ពុជា​បាន​អនុម័ត​លើ​សេចក្តីព្រាង​វិសោធនកម្ម​ទាំងពីរ​នេះ​កាល​ពី​ថ្ងៃសុក្រ ​ហើយ​គ្រោង​នឹង​បញ្ជូន​ទៅកាន់​រដ្ឋសភាជាតិ​នៅ​សប្តាហ៍​ក្រោយ​នេះ​។


មូលហេតុ​ដែល​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ គាំទ្រ​នូវ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​គឺ​ព្រោះ​ថា ​គណបក្ស​មួយ​នេះ ​តែងតែ​ប្រកាន់​នូវ​គោលការណ៍​គិត​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​កម្ពុជា​ជា​ធំ ​ក៏ដូចជា​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល ​ដោយ​មិន​គិត​ផលប្រយោជន៍​បក្ស​ជាធំ​ឡើយ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោកញ៉េប ប៊ុនជិន ​អ្នក​នាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ​ចំណែក​ចំពោះ​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ដែល​ចែង​កំណត់​ឲ្យ​មាន​ទោសទណ្ឌ​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​វិញ​ លោក​ញ៉េប ប៊ុនជិន ​សង្កត់ធ្ងន់​ថា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ជា​យូរ​មក​ហើយ ​ដើម្បី​ការពា​រដល់​ស្ថាប័ន​ព្រះមហាក្សត្រ​។ ​ជារួមមក​ បើ​តាម​លោក​ញ៉េប ប៊ុនជិន​ គណបក្ស​ហ្វ៊ុនស៊ិចប៉ិច​មាន​ការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះសេចក្តី​ព្រាង​វិសោធនកម្ម​ទាំងពីរ​នេះ​។

សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​និង​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​អនុម័ត​កាល​ពី​ថ្ងៃទី២​កុម្ភៈ​កន្លងទៅ​។ ​សម្រាប់​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​រដ្ឋាភិបាល​កម្ពុជា​បាន​កែ​ពាក្យ ​និង​បន្ថែម​អត្ថន័យ​ខ្លះៗ​ដោយ​កំណត់​ថា​គណបក្ស​នយោបាយ ​និង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ។​ មួយវិញទៀត​ក៏​កំណត់​ឡើងវិញ​ដែរ​ថា​ សមាសភាព​រាជរដ្ឋាភិបាល​មាន​ត្រឹមតែ​នាយករដ្ឋមន្រ្តី ​ឧបនាយករដ្ឋមន្រ្តី ​ទេសរដ្ឋមន្រ្តី ​និង​រដ្ឋមន្រ្តី​។ ​ចំណែក​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​វិញ​ រដ្ឋាភិបាល​បាន​កំណត់​ដាក់​ទោសទណ្ឌ​ពី១​ទៅ​៥ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​ចំពោះ​ជនណា​ដែល​ជេរប្រមាថ​ព្រះមហាក្សត្រ​។

ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា​គ្រោង​នឹង​បញ្ចូន​សេចក្តី​ព្រាង​វិសោធនកម្ម​ទាំងពីរ​នេះ​ទៅ​កាន់​រដ្ឋសភាជាតិ​ ដើម្បី​ពិភាក្សា​និង​អនុម័ត​នៅ​រវាង​ថ្ងៃទី៧ ​និងទី៨​ ខែកុម្ភៈ​ខាងមុខនេះ​។ ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា​លោកផៃ ស៊ីផាន ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំងនៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សេចក្តីព្រាង​វិសោធនកម្ម​ទាំងពីរ​នេះត្រូវ​ធ្វើឡើង​ជា​ប្រញាប់​។ ​ជា​ប្រញាប់ ​គឺ​ដើម្បី​ឆាប់​បាន​ដាក់​ឲ្យ​អនុវត្ត ​និង ​ដើម្បី​ធ្វើ​ឲ្យ​បាន​មុន​ការ​បោះឆ្នោតព្រឹទ្ធសភា​នៅ​ចុង​ខែកុម្ភៈ​នេះ​។ ដូច្នេះ​ហើយ​លោកផៃ ស៊ីផាន ​សង្ឃឹម​យ៉ាងមុតមាំ​ថា ​សេចក្តីព្រាង​វិសោធនកម្ម​ទាំងពីរ​អាច​នឹង​ឆ្លង​សភា ​ហើយ​អាច​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ខាងមុខ​នេះ​។

ចំណែក​អ្នកនាំពាក្យ​រដ្ឋសភា​លោកឡេង ប៉េងឡុង​វិញ​ បាន​គូសបញ្ជាក់​ឲ្យដឹង​ដែរ​ថា ​មក​ដល់​ពេលនេះ​ រដ្ឋសភា​កំពុង​តែ​រង់ចាំ​នូវ​សេចក្តីព្រាង​វិសោធនកម្ម​ទាំងពីរ​។ ​លោក​ថា ​ រដ្ឋសភាជាតិ​បាន​ត្រៀម​រួចរាល់​អស់​ហើយៗ​ប្រសិនបើ​សេចក្តីព្រាង​វិសោធនកម្ម​ទាំងពីរ​មក​ដល់​រដ្ឋសភា​នៅ​ពេលណា​នោះ ​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ភា្លមៗ​តែម្តង​ ព្រោះ​ថា​សេចក្តីព្រាង​វិសោធនកម្ម​ទាំងនេះ​ត្រូវ​ធ្វើជា​ប្រញាប់​។ ​យ៉ាងណាក៏ដោយ​លោក​មិនអាច​ប៉ាន់ស្មាន​បាន​ទេ ​ថាតើ​រដ្ឋសភា​នឹង​ចំណាយ​ពេល​ប៉ុនណា​ដើម្បី​ពិភាក្សា ​និង​អនុម័ត​នោះ​។ ​ក៏ប៉ុន្តែ​លោកផៃ ស៊ីផាន​ ជឿជាក់​១០០​ភាគរយ​ថា​ រដ្ឋសភា​នឹង​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​មតិ​ណាមួយ​ជំទាស់​នោះទេ បើទោះបី​ត្រូវការ​សំឡេង​ដល់​ទៅ​២ភាគ៣​នៃ​សមាជិករដ្ឋសភា​ទាំងអស់​ក៏ដោយ​៕