អានតួអត្ថបទ
កម្ពុជា

គណៈ​អចិន្ត្រៃយ៍​​អតីត​​បក្ស​ប្រឆាំង​​តម្រូវ​ឱ្យ​​លោក​​សម រង្ស៊ី ធ្វើ​​មាតុភូមិ​និវត្តន៍​​មិន​​ឲ្យ​​ផុត​​ឆ្នាំ​២០១៩​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី០៨ ខែមិថុនា ត្រូវ​នឹង​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី០៩ មិថុនា​ម៉ោង​នៅ​កម្ពុជា បាន​ជួបប្រជុំគ្នា​ជាថ្មី នៅ​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ឱ្យ​លោក​សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រ​ទស​កម្ពុជា​វិញ។ នៅក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច​តម្រូវឱ្យ​លោក​សម រង្ស៊ី ចូលមក​កម្ពុជា​វិញ មិនឱ្យ​ផុតពី​ឆ្នាំ២០១៩នេះឡើយ។ ប៉ុន្តែ​កន្លងមក លោក​សម រង្ស៊ី ធ្លាប់បាន​អះអាងថា លោក​នឹង​ចូល​ស្រុក​វិញ ក្រោយពេល​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

លោក​សម រង្ស៊ី
លោក​សម រង្ស៊ី
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ត្រូវតែ​ចូលមក​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ២០១៩នេះ ដោយមាន​ការ​អមដំណើរ​ពី​សំណាក់​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស អ្នកការទូត ក៏ដូចជា​អ្នកតំណាងរាស្ត្រ​បរទេស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ នេះ​គឺជា​ការសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​សមាជិក៧រូប​ចូលរួម នៅ​សហរដ្ឋអាមេរិក។ លោក​អ៊ំ សំអាន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​របស់​អតីត​បក្សប្រឆាំង​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែមថា គណៈអចិន្ត្រៃយ៍​បានកំណត់​ឱ្យ​លោក​សម រង្ស៊ី ត្រូវ​ចូលមក​ស្រុក​វិញ​ដោយ​អនុវត្ត​គោលការណ៍​អហិង្សា ដើម្បី​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា។

ចំពោះ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ម្តង​ជា​ពីរដង​ធ្លាប់បាន​គូសបញ្ជាក់ថា អ្នកណា​មកជា​មួយ​លោក​សម រង្ស៊ី ក៏បាន​ដែរ តែ​អាជ្ញាធរ​កម្ពុជា​វាយខ្នោះ​តែ​លើ​លោក​សម រង្ស៊ី ម្នាក់​តែប៉ុណ្ណោះ​តាម​ដីកា​របស់​តុលាការ។ បើតាម​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​កម្ពុជា​បាន​ត្រៀមខ្លួន​រាល់​រួច​អស់ហើយ ដើម្បី​ទទួល​ដំណើរ​លោក​សម រង្ស៊ី បញ្ជូន​ទៅកាន់​ពន្ធនាគា​រ នៅពេលណា​ដែល​លោក​សម រង្ស៊ី​មកដល់​ប្រទេស​កម្ពុជា។

ប៉ុន្តែ​លោក​សម រង្ស៊ី វិញ បានប្រកាស​តប​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា លោក​មក​កម្ពុជា​នៅក្នុង​ឆ្នាំនេះ មិនមែន​មកឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​នោះទេ។ ផ្ទុយទៅវិញ គឺ​លោ​កមក​ដើម្បី​ចាប់ខ្លួន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។ ការ​មកវិញ​នេះ គឺ​លោក​សម រង្ស៊ី កំណត់ថា នឹង​ធ្វើឡើង​ក្រោយពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ ពេលនោះ លោក​យល់ថា កម្មករនិយោជិត​នឹង​ងើប​ប៉ះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នេះ ដែលជា​ពេល​អំណោយផល​បំផុត​ដល់​រូបលោក​ដើម្បី​ចូលមក​ដឹកនាំ​ការផ្លាស់ប្តូរ​នៅ​កម្ពុជា។

បើទោះបី​លោក​សម រង្ស៊ី បង្ហាញ​យុទ្ធសាស្ត្រ​បែបនេះ​ក្តី ប៉ុន្តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស ពុំទាន់​បានកំណត់​ឱ្យ​ជាក់លាក់​ពី​កាលបរិច្ឆេទ​ដែល​លោក​សម រង្ស៊ី​ត្រូវ​ចូលមក​កម្ពុជា​នៅឡើយ។ បើតាម​លោក​អ៊ំ សំអាន នេះ គឺ​ដោយសារតែ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រង់ចាំ​ឱ្យមាន​ស្ថានភាព​គាំទ្រ​ខ្លាំង​ពី​ក្នុងស្រុក និង​អន្តរជាតិ​ជាមុនសិន ទើប​អាចអនុវត្ត​គម្រោង​ចូលមក​កម្ពុជា​វិញ​នេះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ