អានតួអត្ថបទ
កម្ពជា

ថ្នាក់ដឹកនាំ​​អតីត​​បក្សប្រឆាំង​​ចេញម​ក​​បញ្ជាក់​​ពី​​ជំហរ​​មិន​​ទៅ​​ចូលរួម​​ជាមួយ​​បក្ស​នយោបាយ​​ផ្សេង​

ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ចេញមក​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ដោយ​អះអាងថា នៅតែ​បន្ត​រួបរួមគ្នា​ដដែល។ ការអះអាង​នេះ ធ្វើឡើង​ក្រោយពី​ពេលថ្មីៗនេះ គណបក្សនយោបាយថ្មីៗមួយចំនួន​ទើប​ត្រូវបាន​បង្កើតឡើង ជាពិសេស​គឺ​គណបក្ស«ឆន្ទៈ​ខ្មែរ» របស់​កូនប្រុស​លោក​គង់ គាំ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​បាន​គូសបញ្ជាក់ថា ពួកខ្លួន​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​បក្ស​ទាំងអស់​នោះឡើយ។

អនុប្រធាន​ និង​មន្រ្តី​ជាន់ខ្ពស់អតីត​​បក្ស​សង្រ្គោះជាតិ​ជួប​ជុំគ្នានៅក្នុង​​ទីក្រុង​ហុងកុង​នា​ពេល​កន្លង​មក​
អនុប្រធាន​ និង​មន្រ្តី​ជាន់ខ្ពស់អតីត​​បក្ស​សង្រ្គោះជាតិ​ជួប​ជុំគ្នានៅក្នុង​​ទីក្រុង​ហុងកុង​នា​ពេល​កន្លង​មក​ @Eng Chhai Eang
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​នៅ​រក្សា​ទម្រង់​បែបបទ​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ក​ម្ពុ​ជា​បាន​អះអាងថា ពួកខ្លួន​នៅតែ​រក្សា​ស្មារតី​សាមគ្គីភាព រួបរួមគ្នា​យ៉ាងរឹងមាំ​ជុំវិញ​អតីត​បក្ស​សង្គ្រោះ​ជាតិ ដោយ​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ដទៃ​ឬ​បុគ្គល​ដែល​ទៅ​បង្កើត​គណបក្សនយោបាយ​ផ្សេង​ឡើយ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​អតីត​ប្រឆាំង​ក៏បាន​អំពាវនាវ​ដល់​សមាជិក និង​សកម្មជន​ទាំងអស់​ឲ្យ​ពង្រឹងស្មារតី និង​បន្ត​ការតស៊ូ​ដោយ​អហិង្សា​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាម​បែបបទ​លទ្ធិប្រជាធិបតេយ្យ។

ជាការ​កត់សម្គាល់ ការ​ចេញមក​បញ្ជាក់​ពី​ជំហរ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ ធ្វើឡើង​ក្រោយពី​មាន​គណបក្សថ្មីៗមួយចំនួន​ទើប​ត្រូវបាន​បង្កើត​ជាប​ន្ត​បន្ទាប់​ដើម្បី​ចូលរួម​ការបោះឆ្នោត​សកល​នា​ខែកក្កដា​ឆ្នាំ២០១៨ខាងមុខ។ ក្នុងនោះ គណបក្ស​ឆន្ទៈ​ខ្មែរ​របស់លោក​គង់ មុនី​កា ដែលជា​កូនប្រុស​របស់លោក​គង់ គាំ ឧ​ត្ត​ម​ទីប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​មហាជន​ចាប់អារម្មណ៍​ជាងគេ។ ចាប់​អា​ម្មរណ៍​គឺ​នៅត្រង់ថា គណបក្ស​នេះ​មាន​សហ​ស្ថាបនិក​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ អ្វីដែល​គួរ​ឲ្យ​ចាប់​អា​ម្មរណ៍​ជាងនេះទៅទៀត​នោះ គឺ​លោក​គង់ មុនី​កា បាន​អះអាងថា ការបង្កើត​បក្ស​ថ្មី​នេះ គឺ​ដោយសារតែ​លោក​យល់ឃើញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​អាច​រស់​ឡើងវិញ ហើយ​មក​ចូលរួម​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​ទាន់​ឡើយ។

ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​បានបញ្ជាក់​ពី​ជំហរ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដោយ​ទទូច​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខនេះ។ ចំណែក​លោក​សម រង្ស៊ី ដែល​ធ្លាប់ជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​លើក​ឡើងជា​រើយៗថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមាន​វត្តមាន​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខនេះ ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ទៅលើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ។ តែ​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​គណបក្សកាន់អំណាច​ធ្លាប់​គូសបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​រស់នៅ​ឡើងវិញ​នោះទេ ហើយ​ទាំង​ប្រកាស​កាត់ផ្តាច់​ចោល​ក្តី​រំពឹង​របស់លោក​សម រង្ស៊ី​ទៀតថា ការបោះឆ្នោត​នាពេលខាងមុខ​នេះ នឹង​គ្មាន​វត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ