rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រតិភូ​ពិសេស​អឺរ៉ុប​នឹង​ចុះ​មក​ស្វែង​រក​ការពិត​នៃ​បញ្ហា​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​​ជា​​លើក​​ទី​២ ​ចាប់​​ពី​​ថ្ងៃ​​ស្អែក​

media
លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា © Phearak

គណៈប្រតិភូ​ពិសេស​របស់​សហភាព​អឺរ៉ុប​នឹង​មក​បំពេញ​ទស្សនកិច្ច​ជាថ្មី​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ចន្ទ ​ទី០៣ ​មិថុនា ​ស្អែក​នេះ ​ដើម្បី​ស្វែង​រក​ការ​ពិត​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស ​មុន​ឈាន​ទៅ​សម្រេច​ចុងក្រោយ​ថា​ដក​ឬ​មិន​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​កម្ពុជា​។ ​នេះ ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការ​ពិត​លើក​ទីពីរ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ​ហើយ​វា​បាន​គ្រោង​ធ្វើឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ចេញ​ដំណើរ​ការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​បណ្តោះ​អាសន្ន​កាល​ពី​ខែ​កុម្ភៈ​។


គណៈប្រតិភូ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ នឹង​ចាប់​ផ្តើម​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​០៣ ​មិថុនា ​រហូត​ដល់​ថ្ងៃ​ទី០៧ ​មិថុនា ​ដើម្បី​វិភាគ​និង​វាយ​តម្លៃ​ពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ជា​ពិសេស ​សិទ្ធិ​ការងារ ​និង​សិទ្ធិ​នយោបាយ​។​ នេះ​បើ​តាម​ការ​អះអាង​ឱ្យ​ដឹង​ពី​លោក​មាជ សុវណ្ណារ៉ា​ អតីត​មន្រ្តី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ ​កាល​ពី​ថ្ងៃ​សៅរ៍​។ ​ចំណែក​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ លោក ​George Edgar​ វិញ​ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃសុក្រ​។ ​បើតាម​លោក​ George Edgar ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​ជា​ថ្មី​នេះ ​គឺ​ជាផ្នែក​មួយ​​នៃ​ដំណើរការ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ក្នុង​បរិបទ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA)។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ផៃ ស៊ីផាន ​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា ​មិនបាន​ព្រួយបារម្ភ​ចំពោះ​ការមក​ប្រមូល​ព័ត៌មាន​ជាថ្មី​របស់​សហភាព​អឺរ៉ុប​នេះ​ឡើយ ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បកស្រាយ​ការពិត​អស់​ហើយ​ដល់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នេះ ​ដែល​បាន​មក​កម្ពុជា​លើក​មុន​។ ដូច្នេះ ​សម្រាប់​ការ​មក​ជាថ្មី​នេះ ​លោក​ផៃ ស៊ីផាន ​បាន​លើកឡើង​ថា ​វា​ហាក់​ស្ថិត​ក្នុង​រូបភាព​នយោបាយ ​ជាជាង​លទ្ធិ​ប្រជាធិបតេយ្យ។​

សូម​ជម្រាប​ជូនថា​ ដំណើរ​មក​ដល់​ជា​បន្ត​បន្ទាប់​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុបនេះ ​ធ្វើឡើង​ក្រោយ​ពី​អឺរ៉ុបបាន​ប្រកាស​ដាក់​ចេញ​នូវ​ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ពី​កម្ពុជា ​កាល​ពីខែ​កុម្ភៈ​កន្លង​ទៅ​។ តាម​នីតិវិធី​ ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ត្រូវធ្វើ​ឡើង​​ជា ៣​ដំណាក់​កាល។ ដំណាក់​កាល​ទី​មួយ ​មាន​រយៈ​ពេល ៦ខែ គឺ​ជា​ពេល​វេលា​សម្រាប់​តាមដាន ប្រមូល​ព័ត៌មាន និង​ចរចា​ជា​មួយ​ភាគី​រដ្ឋាភិ​បាល​កម្ពុជា​។ ដំណាក់​កាល​ទីពីរ មាន​រយៈ​៦ខែ ដោយ​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ ៣​ខែ សម្រាប់​សរសេរ​របាយការណ៍ និង​ ៣ខែទៀត​ សម្រាប់​ស្តាប់​ចម្លើយ​តប​ពីភាគី​កម្ពុជា និង​ឈាន​ទៅ​សម្រេច​ថា​តើសហភាពអឺរ៉ុប ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA។ ចំណែក ដំណាក់​កាល​ចុង​ក្រោយ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរEAB នោះ គេ​ត្រូវ​ទុកពេល ៦ខែ​ទៀត ទើប​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមានបាន៕