តុលាការសម្រេចឃុំខ្លួនលោកឌួង ណាគ្រី ក្រោយបាញ់ប្រហារលើរថយន្តប្តីប្រពន្ធមួយគូអស់៥គ្រាប់
នៅទីបំផុតលោកឌួង ណាគ្រី អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) បន្ទាប់ពីបញ្ចប់ការសាកសួរនៅរសៀលថ្ងៃសៅរ៍នេះ។ ការសម្រេចឃុំខ្លួននេះ ធ្វើឡើងក្រោយពីលោកឌួង ណាគ្រី បានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារលើរថយន្តប្តីប្រពន្ធមួយកាលពីយប់អធ្រាតថ្ងៃទី០១ឈានចូលថ្ងៃទី០២ ឧសភា កន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោកឌួង ណាគ្រី ដោយចោទប្រកាន់ចំនួនពីរបទល្មើស គឺបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត។ លោកត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃនាំខ្លួនមកកាន់តុលាការ ដើម្បីសាកសួរចម្លើយកាលពីថ្ងៃសុក្រ។ ការសួរចម្លើយបានបិទបញ្ចប់នៅរសៀលថ្ងៃសៅរ៍នេះ ដោយតុលាការបានសម្រេចឃុំខ្លួនលោកនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ដើម្បីបើកការស៊ើបអង្កេតតាមនីតិវិធីច្បាប់។
លោកឌួង ណាគ្រី អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃត្រូវអាជ្ញាធរខណ្ឌច្បារអំពៅឃាត់ខ្លួន នៅជិតអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បន្ទាប់ពីលោក ក្នុងស្ថានភាពស្រវឹងជោគជាំ បានដកកាំភ្លើងខ្លីបាញ់ទៅលើរថយន្តរបស់ប្រធានក្រុមហ៊ុនសន្តិសុខឯកជនម្នាក់ចំនួន៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់ខាងក្រោយ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីភាគីទាំងពីរប៉ះទង្គិចពាក្យសម្តីគ្នានៅម្តុំក្លិបកម្សាន្តរ៉ុក។ ហេតុការបាញ់ប្រហារនេះបានធ្វើឱ្យស្ត្រីជាប្រពន្ធនៅក្នុងរថយន្តជនរងគ្រោះបានសន្លប់បាត់ស្មារតី និងបានបាត់បង់កូនក្នុងផ្ទៃថែមទៀត ដោយសារតែការតក់ស្លុតបណ្តាលមកពីការបាញ់ប្រហារ។
បន្ទាប់ពីត្រូវបានចាប់ខ្លួន ជនសង្ស័យ ឌួង ណាគ្រី បានព្យាយាមសម្របសម្រួលជាមួយជនរងគ្រោះដោយផ្តល់សំណងចំនួន៨ពាន់ដុល្លារអាមេរិក។ ចំណែករូបលោក ត្រូវបាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដាក់វិន័យផ្នែកកងកម្លាំង។ ប៉ុន្តែចំណាត់ការត្រឹមតែប៉ុណ្ណេះ បង្កឱ្យមានការរិះគន់ព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ អ្នករិះគន់ភាគច្រើន គឺជាមហាជនទូទៅ ខ្លះទៀតជាមន្ត្រីរាជការ និងរហូតដល់ទៅប្រធានគណបក្សនយោបាយផង ដែលកើតទុក្ខមិនសុខចិត្តជំនួសជនរងគ្រោះ ព្រោះតែអាជ្ញាធរចាត់វិធានការលើជនសង្ស័យ មិនស័ក្តិសមនឹងទង្វើដែលបានប្រព្រឹត្ត។
ក្រោយមានសន្ទុះនៃការរិះគន់ដូចទឹកបាក់ទំនប់យ៉ាងនេះ អគ្គព្រះរាជសាលាឧទ្ធរណ៍បានបញ្ជាឱ្យព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ទៅលើជនសង្ស័យ។ ចំណែក លោកនេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិវិញ ក៏បានចេញបញ្ជាភ្លាមៗដែរឱ្យអាជ្ញាធរនាំខ្លួនលោកឌួង ណាគ្រី ទៅប្រគល់ឱ្យតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ នៅទីបំផុត ក្រោយការសាកសួររយៈពេលពីរថ្ងៃនេះ ជនសង្ស័យឌួង ណាគ្រី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ