rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន​​ប្រកាស​​ជំហរ​​ជួយ​​ដល់​​កម្ពុជា​​ទប់ទល់​​នឹង​​សម្ពាធ​​ពី​​អឺរ៉ុប​​រឿង​​EBA​

media
លោក Kong Xuanyou អនុរដ្ឋមន្ដ្រីការបរទេសចិនជួបលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃទី២១ មីនា។ @Facebook Hor Namhong

រដ្ឋាភិបាល​ចិន​តាមរយៈ​ក្រសួងការបរទេស​បាន​ប្រកាសថា នឹង​ជួយ​ដល់​កម្ពុជា​ក្នុងការ​កាត់បន្ថយ​នូវ​សម្ពាធ​ពី​សហភាព​អឺរ៉ុប​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។ ការប្រកាស​នេះ ខណៈ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ក្រោម​ហេតុផល​រំលោភសិទ្ធិ​មនុស្ស និង​ដើរ​ខុស​គន្លង​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ចិន​មិនបាន​បង្ហាញ​ឱ្យដឹង​ច្បាស់​ឡើយ ថា​នឹង​ជួយ​កម្ពុជា​តាមរបៀប​ណា​នោះ។


“ចំពោះ​ករណី EBA ជំហរ​របស់​ចិន​គឺ​នៅ​ជាមួយ​កម្ពុជា​ដោយ​ភាគី​ចិន​កំពុង​សិក្សា​អំពី​មធ្យោបាយ ដើម្បី​ជួយ​កម្ពុជា​កាត់បន្ថយ​ស​ម្ពា​ធ​ពី​សហភាព​អឺរ៉ុប។ នេះ គឺជា​ការ​ប្រកាសឡើងរ​ប​ស់លោក Kong Xuanyou អនុ​រដ្ឋមន្ដ្រីការបរទេស​ចិន​នៅ​ចំពោះមុខ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃទី២១ មីនា។ តាម​អនុ​រដ្ឋមន្ដ្រីការបរទេស​ចិន គឺ ចិន​មាន​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​សហភាព​អឺរ៉ុប​ដែល​តែងតែ​យក​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAនេះ ធ្វើជា​ឧបករណ៍​នយោបាយ។

ការប្រកាស​ជំហរ​របស់​ចិន​នៅពេលនេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​តំណាង​សហភាព​អឺរ៉ុប​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី១៩ និង​ថ្ងៃទី២០ មីនា។ ជា​ដំណើរ​ទស្សនកិច្ច ដើម្បី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ពិភាក្សា​អំពី​ដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA ពី​កម្ពុជា។ កម្ពុជា ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នេះ ដោយសារតែ​រង​ការចោទប្រកាន់ថា បាន​បំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា ក្រោយពី​បាន​រំលាយ​គណបក្សប្រឆាំង និង​ចាប់ខ្លួន​លោក​កឹម សុខា។

ចំពោះ​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ រដ្ឋាភិបាល​ចិន​បានបង្ហាញ​ការយល់ឃើញថា សហភាព​អឺរ៉ុប​មិនមាន​ជំហរ​ឯកភាពគ្នា​ទាំងស្រុង​នោះទេ​ចំពោះ​រឿងនេះ។ នេះ​បើតាម​ការអះអាង​របស់​អនុ​រដ្ឋមន្ដ្រីការបរទេស​ចិន ហើយ​ថា ចិន​នឹង​ជួយ​ដល់​កម្ពុជា។ ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ឱ្យចំ​តែម្តង​ទេ ថា​តើ​ចិន​នឹង​ជួយ​ដល់​កម្ពុជា​តាមផ្លូវ​ណា​នោះ។ តែ​ក្នុងជំនួប​ជាមួយ​លោក​ហោ ណាំហុង លោក Kong Xuanyou និយាយថា ចិន​នឹង​ជំរុញឱ្យមាន​ការចាប់ផ្តើម​ចរចា«កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី»ជាមួយនឹង​កម្ពុជា ហើយ​ចិន​ក៏មាន​លទ្ធភាព​បន្ថែម​កូតា​ឱ្យ​កម្ពុជា​ក្នុង​ការនាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​ចិន​ជា​រៀងរាល់ឆ្នាំ​ផងដែរ។

សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​វិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហាក់​មិនបាន​បន្ទន់​ជំហរ​ទៅកាន់​សហភាព​អឺរ៉ុប​បន្តិច​សោះ​ចំពោះ​រឿង​EBA នេះ។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​ប្រកាសប្រាប់​ទៅ​ក្រុមកម្មករ កម្ម​រិ​នី​ខ្មែរ​នៅក្នុង​សប្តាហ៍​នេះ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAរបស់​សហភាព​អឺរ៉ុប​នេះ មិនបាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​អ្នកមាន​បានឡើយ ហើយ​អត់​EBAនេះ ក៏​មិន​ធ្វើឱ្យ​កម្ពុជា​ស្លាប់​នោះដែរ៕