rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន​អះ​អាង​ថា​នឹង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្ពុជា​ ដោយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិ​យោគ​

media
លោក ប្រាក់ សុខន និង លោក លី ខឺឈាង @ក្រសួងការបរទេស

នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​ លី​ ខឺឈាង​ បាន​អះអាង​ជា​ថ្មី​ថា​ ចិន​នឹង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​វិនិយោគ​របស់​ខ្លួន​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា​។​ ការ​អះ​អាង​របស់​ប្រទេស​ចិន​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ប្រមុខ​ការ​ទូត​កម្ពុជា ដែល​បាន​ទៅ​បំពេញ​ទស្សនៈ​កិច្ច​នៅ​ចិន​ពី​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ដល់​ថ្ងៃទី​១​មិថុនា​។​


ក្រៅពី​សន្យា​បែប​នេះ​នៅ​ចំពោះ​មុខ​ប្រមុខ​ការ​ទូត​កម្ពុជា​ លោក ប្រាក់ សុខុន នាយក​រដ្ឋ​មន្រ្តី​ចិន លោក ​លី ខឺឈាង បានគាំ​ទ្រ​ឲ្យ​បាន​ជោគ​ជ័យ​នូវ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០​២០​ខាងមុខ​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​ការបរទេស​កម្ពុជា​។

ពី​ខាង​កម្ពុជា​វិញ ​លោក ប្រាក់ សុខុន បានអះអាងថា​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​​រវាង​ប្រទេស​ទាំង​ពីរ​ ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី ​តំបន់ និង​អន្តរជាតិ​ ដែល​មាន​ជា​អាទិ៍​ កិច្ច​សហប្រ​តិបត្តិការ​មេគង្គ-ឡាងឆាង​ អាស៊ាន និង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។​

ទាក់ទង​នឹង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី កម្ពុជា និង​ចិន បាន​ឯក​ភាព​ធ្វើ​ការ​រួម​គ្នា​ជិត​ស្និទ្ធ​ដើម្បី​ធានា​ការ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យនូវ​ផែន​ការ​សកម្ម​ភាព​កសាង​សហគមន៍​អនាគត​រួម​គ្នា កម្ពុជា-ចិន ២០១៩-២០២៣​។ ​គឺជា​គោល​ដៅ​កិច្ច​សហការ​ផ្នែក​ការ​ពារ​សន្តិសុខ​ កិច្ច​ការ​នយោបាយ​កាន់​តែ​ស្អិត​រមួត ការ​ពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម និង​ជំរុញ​កំណើន​ទេសចរណ៍ និង​វប្បធម៌។

លើស​ពី​នេះ​ទៀត ​ប្រមុខ​ការ​ទូត​ចិន លោក វ៉ាង យី បានអះអាង​ថា​ជា​ថ្មី​ថា​ ចិន​ខិត​ខំ​អស់​លទ្ធភាព​ក្នុង​ការ​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ចិន​ឲ្យ​មក​បណ្តាក់​ទុន​វិនិយោគ​នៅកម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត​ និង​ពង្រីក​ច្រក​ទី​ផ្សារ​ចិន​ សម្រាប់​ផលិតផល​របស់​កម្ពុជា។

ទាក់​ទង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​វិញ​ ភាគី​ទាំង​ពីរ​បាន​អះអាង​ជា​ថ្មី​ពី​ការ​គាំទ្រ​ការ​អនុវត្តន៍​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC) ​ឲ្យ​បាន​ពេញ​លេញ​ និង​មាន​ប្រសិទ្ធ​ភាព ​ដោយ​ចាំ​បាច់​រក្សា​កិច្ច​សន្ទនា​អាស៊ាន-ចិន ​និង​កិច្ច​ប្រឹង​ប្រែង​រួម​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ(COC)ក្នុង​រយៈ​ពេល​៣ឆ្នាំ​តាម​សំណើ​របស់​ចិន​៕​